backup og meta

កូនចេះតមាត់ ម៉ាក់ប៉ាប្រើតិចនិកនេះអប់រំ ល្អជាងវាយ ឬស្រែកដាក់អាអូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 21, 2021

    កូនចេះតមាត់ ម៉ាក់ប៉ាប្រើតិចនិកនេះអប់រំ ល្អជាងវាយ ឬស្រែកដាក់អាអូន

    ការ​ត​មាត់ គប់​របស់​របរ​ចោល យំ​ននៀលដី ជា​ទម្លាប់​អាក្រក់​របស់​កូន​ៗ ដែល​គ្មាន​ម៉ាក់​ប៉ា​ណា​ចូលចិត្ត​ឡើយ ហើយ​មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​ទប់​កំហឹង​មិន​ជាប់​វាយ ឬ​ស្រែក​ឲ្យ​កូន​វិញ​ក៏​មាន។ អំឡុង​ពេល​លូតលាស់​របស់​ក្មេង ច្បាស់​ហើយ​ការ​ត​មាត់​នៅ​ពេល​ម៉ាក់​ប៉ា​ស្ដី​ឲ្យ​ នឹង​លេច​ឡើង​ក្នុង​ពេល​ណា​មួយ និង​ជា​ពេល​ដែល​យើង​ត្រូវ​អប់រំ​ណែនាំ​កូន​បន្ថែម​ទៀត ពី​ទម្លាប់​អាក្រក់​នេះ ដោយ​ប្រើ​វិធី​និយាយ​ណែនាំ​ស្រួល​បួល មិន​មែន​ស្រែក​គំហក ឬ​វាយ​កូន​ទេ។ ខាង​ក្រោម​នេះ ជា​តិចនិក​ដែល​យើង​គួរ​អនុវត្ត​តាម ពេល​កូន​ត​មាត់​ម្ដង។

    ១. រក្សា​ជំហរ​របស់​ខ្លួន

    កុំ​បញ្ចេញ​ប្រតិកម្ម​ហួស​ដូច​ស្រែក ឬ​ស្ទុះ​ទៅ​វាយ​កូន ​ពេល​ឮ​អា​អូន​ត​មាត់​ម្ដងៗ។ ជម្រើស​ល្អ​បំផុត​សម្រាប់​អប់រំ​កូន​ពី​អាកប្បកិរិយា​ត្រឹម​ត្រូវ គឺ​កើត​ចេញ​ពី​ខ្លួន​យើង​ផ្ទាល់ ហេតុ​នេះ​យើង​ត្រូវ​និយាយ​ជាមួយ​កូន​ស្រួល​បួល កុំ​ជេរ កុំ​ស្ដី និង​ប្រើ​ពាក្យ​ឲ្យ​បាន​សមរម្យ ទោះ​ខឹង​ប៉ុនណាក៏​មិន​ត្រូវ​ប្រើ​ពាក្យ​គំរោះ​គំរើយ​ឲ្យ​កូន​ឮដែរ។

    ២. តាមដាន​​កូន

    សាក​សួរ​ខ្លួន​ឯង​មើល៍​ថា​តើ​កូន​ចេះ​ត​មាត់ ឬ​បង្ហាញ​អាកប្ប​កិរិយា​មិន​ល្អ​តាម​អ្នក​ណា តាម​មិត្តភ័ក្ដិ​នៅ​សាលា ឬ​តាម​កម្មវិធី​កូន​មើល​តាម​ទូរស័ព្ទ ឬ​ទូរទស្សន៍។ ក្មេង​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ខ្លះ​និយាយ​ត​មាត់ ដើម្បី​ជា​កំប្លែង​ឲ្យ​អ្នក​មើល​សើច​សប្បាយ ដូច​នេះ​កូន​យើង​អាច​ត្រាប់​តាម​អ្វី​ដែល​គេ​ឃើញ​ក្នុង​ទូរទស្សន៍។

    ៣. បង្ហាញ​ពី​ផល​វិបាក

    យើង​ជា​ប៉ា​ម៉ាក់​ត្រូវ​ឲ្យ​អូន​ៗ​ដឹង​​ថា​គេ​នឹង​ទទួល​បាន​លទ្ធផល​បែប​ណា​នៅ​ពេល​ពួកគេ​និយាយ​ត​មាត់​ទៅ​ម៉ាក់​ប៉ា​។ ដូចនេះ​ម៉ាក់​ប៉ា​​ត្រូវ​បង្ហាញ​ឲ្យ​ច្បាស់​ថា​អាកប្បកិរិយា​បែប​នេះ​គឺ​មិន​សមរម្យ និង​ទទួល​យក​មិន​បាន។ ម៉ាក់ប៉ា​ក៏​អាច​បង្ហាញ​ដល់​កូន​តូច​នូវ​ផល​វិបាក​ពី​អាកប្បកិរិយា​របស់​ពួកគេ​ដោយ​កំណត់​ម៉ោង​លេង​របស់​ពួកគេ ឬ​កិច្ចការ​អ្វី​ផ្សេង​ទៀត​ជាដើម។

    ៤. សរសើរ​កូន​ទៅ​លើ​អាកប្បកិរិយា​ល្អ

    ប្រសិនជា​កូន​ឈប់​ត​មាត់ និង​បង្ហាញ​ការ​ដឹង​គុណ ម៉ាក់ប៉ា​អាច​ផ្ដល់​រង្វាន់​ដល់​ពួកគេ​ដោយ​ការ​ឱប ការ​សរសើរ ឬ​អរគុណ​ជា​ដើម។ យ៉ាងណាមិញ ត្រូវ​ប្រាកដ​ថា​កូន​យល់​​នូវ​អ្វី​ដែល​​ម៉ាក់ប៉ា​សរសើរ​មិន​មែន​មាន​ន័យ​ថា​គេ​អាច​បាន​អ្វី​គ្រប់​យ៉ាង​តាម​​ត្រូវ​ការ​នោះ​​ទេ។

    ៥. បង្កើន​ពេល​វេលា​ជាមួយ​កូន

    ជួន​កាល​ក្មេង​ៗ​អាច​មាន​អាកប្បកិរិយា​មិន​ល្អ ដោយ​សារ​ការយក​ចិត្ត​ទុក​ដាក់​ពេញ​លេញ​ពី​ម៉ាក់​ប៉ា ហេតុ​នេះ​ហើយ យើង​គួរ​បង្កើន​ពេល​វេលា​សប្បាយ​ៗ​ជួប​ជុំ​គ្រួសារ​ឲ្យ​បាន​ច្រើន ដើម្បី​បំពេញ​នូវ​អារម្មណ៍​ខ្វះ​ខាត​របស់​កូន​ដូច​ជា នាំ​កូន​ដើរ​លេង លេង​ជាមួយ​កូន​នៅ​ផ្ទះ ឬ​បង្កើត​ទម្លាប់​ថ្មី​ៗ​ជាមួយ​កូន។ល។

    ចិញ្ចឹមកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម