ទារកទើបកើតញញឹមនៅពេលគេងលក់ មើលទៅពិតជាគួរឲ្យស្រលាញ់ណាស់។ ប៉ាម៉ាក់ប្រហែលជាឆ្ងល់ហើយថា តើអាអូនកំពុងតែយល់សប្ដិ ឬកំពុងតែនឹកឃើញពីពេលវេលាដែលនៅក្នុងផ្ទៃម៉ាក់ៗ? តាមពិតទៅ សកម្មភាពមួយនេះជារឿងធម្មតាប៉ុណ្ណោះ ហើយវាកើតឡើងដោយសារតែមូលហេតុទាំងនេះ។
១. ទារកញញឹមមុនពេលពួកគេកើតទៅទៀត
ប៉ាម៉ាក់មួយចំនួនអាចនឹងឃើញអាអូនញញឹមនៅពេលដែលពិនិត្យផ្ទៃពោះ។ បើយោងតាមការសិក្សាមួយលើស្ត្រីពពោះច្រើនជាង៥០០នាក់អំឡុងពេលដែលពិនិត្យផ្ទៃពោះ បានរកឃើញថា ទារកចំនួន៣១នាក់កំពុងតែញញឹម ហើយពួកគេញញឹមជាមធ្យមមានរយៈពេល៣,២១វិនាទី។ ក្នុងករណីនេះ អ្នកវិទ្យាសាស្ត្របានកំណត់ថា ទារកញញឹមសូម្បីតែនៅក្នុងផ្ទៃ និងមុនពេលសម្រាល។ មួយវិញទៀត ទារកក្នុងផ្ទៃក៏អាចស្ងាបនៅសប្ដាហ៍ទី១៨ នៃការពពោះ។ នៅសប្ដាហ៍ទី២៦ អាអូនក៏អាចញញឹម ព្រិចភ្នែក និងយំនៅក្នុងផ្ទៃថែមទៀតផង។
២. ស្នាមញញឹមដំបូងជាសកម្មភាពកើតឡើងដោយឯកឯង
ជាក់ស្ដែង សកម្មភាពទាំងឡាយរបស់ទារកនៅក្នុងផ្ទៃ គឺជាសកម្មភាពដែលកើតឡើងដោយឯកឯង ហើយវាជាប្រតិកម្មភ្លាមៗចំពោះរំញោច នៅពេលដែលអាអូនមានអារម្មណ៍សុខុមាលនៅក្នុងផ្ទៃម៉ាក់ៗ។ ពិតណាស់ អាអូនមិនដឹងខ្លួនថាពួកគេកំពុងញញឹមឡើយ សូម្បីតែការធាក់ ឬជញ្ជក់មេដៃក៏ដោយ។
៣. ពេលវេលាត្រូវញញឹម
នៅពេលគេង ទារកទើបកើតឆ្លងកាត់ការគេងចំនួន២ដំណាក់កាល គឺការគេងសកម្ម និងការគេងស្កប់ស្កល់។ ការគេងសកម្ម ត្រូវបានបង្កើតឡើងដោយសកម្មភាពខួរក្បាលខ្លាំង ហើយវាកើតឡើងប្រហែល៦០ ទៅ៩០នាទី បន្ទាប់ពីគេងលក់។ យ៉ាងណាមិញ ការគេងដំណើរការជាវដ្ដ ដូច្នេះចលនាភ្នែករហ័ស នឹងជំនួសដោយការគេងលក់ស្កប់ស្កល់វិញ។
៤. ប្រតិកម្មដោយស្នាមញញឹម
ដោយសារតែអាអូនមិនអាចនិយាយបាន ដូច្នេះហើយទាំងការញញឹម និងយំជាវិធីទំនាក់ទំនងមូលដ្ឋានរបស់ពួកគេ។ ជាធម្មតា ការញញឹមអាចជាការឆ្លើយតបវិជ្ជមាន ឬអារម្មណ៍ស្ងប់ល្អរបស់កូន។ ចំណែកឯការចងចាំល្អៗ ដូចជាសំឡេង ក្លិនក្រអូប និងរសជាតិក៏អាចធ្វើឲ្យអាអូនញញឹមពេលគេងផងដែរ។
៥. ទារកទើបកើតមិនចេះយល់សប្ដិទេ ប៉ុន្តែពួកគេមានការចងចាំ
ប៉ាម៉ាក់អាចមើលឃើញកូនគេងលក់ស្កប់ស្កល់ជាមួយនឹងស្នាមញញឹម ប៉ុន្តែសកម្មភាពនេះមិនមានន័យថាកូនកំពុងតែយល់សប្ដិឡើយ ពីព្រោះកូនមិនទាន់មានសមត្ថភាពក្នុងការនឹកស្រមើស្រមៃ ហើយខួរក្បាលរបស់ពួកគេក៏កំពុងតែលូតលាស់នៅឡើយ។ ការគេងនៅសប្ដាហ៍ដំបូងមានមុខងារជាក់លាក់មួយចំនួន ដែលរួមមានការជួយអភិវឌ្ឍខួរក្បាល ដំណើរការព័ត៌មាន និងពង្រឹងការចងចាំ។
[embed-health-tool-vaccination-tool]