backup og meta

ទារក​ទាញ​សក់​​ខ្លួន​ឯង​មក​ពី​អ្វី​? ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 28, 2021

    ទារក​ទាញ​សក់​​ខ្លួន​ឯង​មក​ពី​អ្វី​? ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    នៅ​ពេល​​យើង​មាន​អារម្មណ៍​ស្រ្តេស​ខ្លាំង​ យើង​អាច​នឹង​ទាញ​សក់​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន​។ យ៉ាង​ណា​មិញ​​ ទារក​ក៏​អាច​មាន​អារម្មណ៍​ដូច​គ្នា​ដែរ​។​ ការ​ទាញ​សក់​ខ្លួន​ឯង​អាច​ជា​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​តានតឹង​ចំពោះ​ទារក​​ភាគ​​ច្រើន​។​ នៅ​ក្នុង​ករណី​ខ្លះ​ ការ​ទាញ​សក់​មិន​បង្ក​ជា​គ្រោះថ្នាក់​ណា​មួយ​ឡើយ​ ប៉ុន្តែ​​ប្រសិនបើ​ទម្លាប់​នេះ​នៅ​តែ​បន្ត​ វា​​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​ នៅ​ពេល​ដែល​​ទារក​ធំធាត់​ឡើង​​។

    ហេតុ​អ្វី​បាន​ជា​កូន​ទាញ​សក់​​ខ្លួន​ឯង​?

    ម៉ាក់​ៗ​ប្រហែល​ជា​យល់​ដឹង​ពី​វិធីសាស្ត្រ​ជា​ច្រើន​ដើម្បី​លួងលោម​កូន​ ​ប្រសិនបើ​អា​អូន​ហត់​នឿយ រញ៉ាំរញ៉ូវ​ ឬ​ឃ្លាន​ ដោយ​ការ​បំបៅ​កូន​ ច្រៀង​បំពេ​ ឬ​រលាក់​កូន​។​ នៅ​ពេល​ដែល​ទារក​កាន់​តែ​ធំ​ទៅ​ ពួក​គេ​នឹង​រៀន​ពី​វិធីសាស្ត្រ​លួងលោម​ខ្លួន​ឯង​ ដើម្បី​បំបាត់​ស្រ្តេស​ ក៏​ដូចជា​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​សុវត្ថិភាព​។​ ការ​ទាញ​សក់​ខ្លួន​ឯង​ បាន​​ក្លាយ​ទៅ​ជា​ទម្លាប់​នៅ​ពេល​​​​ដែល​អា​អូន​មាន​អាយុ​ប្រហែល​៦​ខែ​ និង​បន្ត​រហូត​ដល់​ពួក​គេ​អាយុ​បាន​១​ខួប​។​ ទម្លាប់​មួយ​នេះ​ អាច​កើត​ឡើង​ចំពោះ​ទារក​ទាំង​ពីរ​ភេទ​។ មូលហេតុ​​ទូទៅ​​មួយ​ចំនួន​ ​ដែល​ធ្វើ​ឲ្យ​អា​អូន​ទាញ​សក់​ខ្លួន​ឯង មាន​ដូច​តទៅ​៖

    ១. ហត់​នឿយ

    ប្រសិនបើ​កូន​ហត់នឿយ​ ​ពួក​គេ​អាច​​ទាញ​សក់​របស់​ខ្លួន​ ដើម្បី​បន្ធូរ​អារម្មណ៍​។​ នៅ​ក្នុង​ករណី​ដែល​អា​អូន​​រមូល​សក់​លេង​ ដោយ​មាន​ការ​ជញ្ជក់​មេ​ដៃ​ផង​នោះ​ វា​អាច​ជា​វិធីសាស្ត្រ​លួងលោម​ខ្លួន​ឯង​ឲ្យ​ឆាប់​គេង​លក់​។

    ២. រញ៉ាំរញ៉ូវ

    ម៉ាក់​ៗ​ក៏​អាច​ឃើញ​កូន​​ទាញ​ ឬ​បង្វិល​សក់​លេង​ ​នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​រញ៉ាំរញ៉ូវ​។​ ​ជា​ទូទៅ​ ការ​បង្វិល​សក់​លេង​គឺ​ជា​វិធីសាស្ត្រ​ក្នុង​ការ​រម្ងាប់​អារម្មណ៍​របស់​​ក្មេង​ ហើយ​វា​ក៏​អាច​ជា​ភាសា​កាយវិការ​ដ៏​ល្អ​​មួយ​ ដើម្បី​ឲ្យ​ម៉ាក់​ៗ​ដឹង​ពី​ស្ថានភាព នៅ​ពេល​ដែល​កូន​ត្រូវការ​ភាព​កក់​ក្ដៅ​ និង​ការ​លួងលោម​។

    ៣. បៅ​ដោះ​ម៉ាក់​ៗ

    ទារក​មួយ​ចំនួន​ទាញ​សក់​ខ្លួន​ឯង​ថ្នម​ៗ​ ខណៈ​ពេល​ដែល​ខ្លួន​កំពុង​បៅ​ដោះ​ ដើម្បី​​លួងលោម​ខ្លួន​ឯង​។​ ប្រសិនបើ​អា​អូន​កំពុង​​ដុះ​ធ្មេញ​ ពួក​គេ​អាច​ទាញ​សក់​ ព្រម​ជាមួយ​នឹង​ការ​ខាំ​ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់​នៅ​ក្នុង​អញ្ចាញ​ធ្មេញ​របស់​ពួក​គេ​។

    ៤. ​ដុះ​ធ្មេញ​

    ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​អា​អូន​ទាញ​សក់​​ខាង​ក្រោយ​ ឬ នៅ​ជុំវិញ​ត្រចៀក​​របស់​ពួក​គេ​ វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា​ពួក​គេ​កំពុង​តែ​ដុះ​ធ្មេញ​។​ ​ការ​ទាញ​សក់​ និង​ត្រចៀក​ក៏​អាច​បង្ហាញ​ថា​ទារក​កំពុង​តែ​ប្រឈម​នឹង​ការ​ឈឺចាប់​មួយ​ចំនួន​នៅ​ក្នុង​អញ្ចាញ​ធ្មេញ​ ឬ​ថ្គាម​ ហើយ​​ពួក​គេ​កំពុង​តែ​ព្យាយាម​កាត់​បន្ថយ​ការ​ឈឺចាប់​នោះ​។

    ទាញសក់១

    ៥. លេង

    បន្ថែម​ពី​នេះ​ ប្រសិនបើ​កូន​​ទាញ​សក់​ខ្លួន​ឯង​ម្ដងម្កាល វា​ក៏​អាច​មាន​ន័យ​ថា​កូន​កំពុង​តែ​លេង​​។​ វា​អាច​មក​ពី​ទារក​ទើប​ដឹង​ថា​ខ្លួន​មាន​សក់​ ហើយ​​ពួក​គេ​​បង្វិល​សក់​លេង​នៅ​ជុំវិញ​ចុង​ម្រាម​ដៃ​ ដើម្បី​​ស្គាល់​ពី​ពណ៌​ និង​​អារម្មណ៍​ថ្មី​។

    ​ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​​ទារក​​ទាញ​សក់​ដោយ​វិធី​ណា​?

    ​ពិត​ណាស់​ ប្រសិនបើ​​អា​អូន​ទាញ​​ ឬ​បង្វិល​សក់​ខ្លួន​ឯង​លេង​ម្ដងម្កាល​ វា​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ ​ក្នុង​ករណី​ដែល​កូន​ទាញ​សក់​ខ្លួន​ឯង​ញឹកញាប់​ ម៉ាក់​ៗ​គប្បី​រារាំង​ពួក​គេ​ ពីព្រោះ​​ទម្លាប់​នេះ​អាច​​ធ្វើ​ឲ្យ​កូន​ជ្រុះ​សក់​ និង​អាច​​​ក្លាយ​ទៅ​ជា​ទំពែក​​ផង​ដែរ​។

    នៅ​ពេល​ដែល​កូន​ទាញ​សក់​ ម៉ាក់​​ៗ​អាច​សាកល្បង​វិធីសាស្ត្រ​ទាំង​នេះ​​៖

  • ឲ្យ​កូន​កាន់​​របស់​អ្វី​ផ្សេង ​ឬ​លេង​ជាមួយ​នឹង​តុក្កតា​ដែល​មាន​រោម​វែង​ៗ​​​​
  • ព្យាយាម​លួងលោម​កូន​ដោយ​ការ​អោប​ថ្នម​ៗ
  • ​ម៉ាស្សា​​ក្បាល​នៅ​ត្រង់​កន្លែង​ដែល​កូន​ចង់​ទាញ​​សក់​។
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម