backup og meta

អា​អូន​ដង្ហក់​អាច​មក​ពី​មូលហេតុ​ទាំង​ ៦​នេះ ពេល​ណា​គួរ​បារម្ភ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 04, 2021

    អា​អូន​ដង្ហក់​អាច​មក​ពី​មូលហេតុ​ទាំង​ ៦​នេះ ពេល​ណា​គួរ​បារម្ភ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ប៉ា​ម៉ាក់​ថ្មីថ្មោង​អាច​មាន​អារម្មណ៍​អន្ទះអន្ទែង​ នៅ​ពេល​ដែល​ឃើញ​កូន​ដង្ហក់​មិន​ឈប់​។ ពេល​ខ្លះ អា​អូន​ដង្ហក់​អាច​មិន​មែន​ជា​​រឿង​ដែល​យើង​ត្រូវ​បារម្ភ​ពេក​ឡើយ​។ ពិត​ណាស់​ ប៉ា​ម៉ាក់​គប្បី​ស្វែង​យល់​ពី​មូលហេតុ​​នៃ​ការ​ដង្ហក់​នេះ​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន​។ ជា​ទូទៅ​ កូន​ដង្ហក់​នៅ​ពេល​ដែល​មាន​អ្វី​មួយ​ស្ទះ​នៅ​ក្នុង​បំពង់​ក​របស់​ពួក​គេ​ ដូចជា​ស្លេស្ម​​ច្រើន​ជ្រុល​ដោយ​សារ​តែ​​ជំងឺ​​ផ្ដាសាយ​ជា​ដើម​។ ​ខាង​ក្រោម​នេះ ជា​មូលហេតុ​ផ្សេង​ៗ ដែល​​បណ្ដាល​ឲ្យ​ទារក​ដង្ហក់​។​

    មូលហេតុ​​នាំ​ឲ្យ​កូន​ដង្ហក់​

    ១. ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​

    ការ​បង្ក​រោគ​​នៅ​ច្រមុះ ប្រហោង​ឆ្អឹង​ បំពង់​ក ផ្លូវ​ដង្ហើម​ ឬ​សួត​ ​គឺ​ជា​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​។ ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ​​ បណ្ដាល​ឲ្យ​មាន​ការ​បញ្ចេញ​ស្លេស្ម​ច្រើន​ជ្រុល​ និង​រលាក​ជាលិកា​ផ្លូវ​ដង្ហើម​ ​ជា​ហេតុ​នាំ​ឲ្យ​កូន​ពិបាក​ដកដង្ហើម​។ រោគសញ្ញា​ផ្សេង​ទៀត​ រួម​មាន​គ្រុន​ក្ដៅ ផ្ដាសាយ​ ក្អក​ ឈឺ​ក និង​ឈឺ​ត្រចៀក​។

    ២.​ជំងឺ​ហឺត​

    ជំងឺ​ហឺត​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ​​ការ​រលាក​រ៉ាំរ៉ៃ​លើ​ផ្លូវ​ដង្ហើម​ ដែល​មូលហេតុ​​ចម្បង​នៃ​ជំងឺ​​មួយ​នេះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​។ យោង​តាម​មូលនិធិ​ជំងឺ​ហឺត​ និង​អាលែកហ្ស៊ី​របស់​អាមេរិក​ ជំងឺ​ហឺត​អាច​បណ្ដាល​ឲ្យ​ពិបាក​ដកដង្ហើម​ ដក​ដង្ហើម​តឹង​ៗ ក្អក​ជាប់​រហូត ពិបាក​បៅ​​ និង​អស់​កម្លាំង​។

    ៣. ស្រូប​​ផ្សែង​បារី​

    ​​​​​​​​ការ​ជក់​បារី​នៅ​ក្នុង​បន្ទប់​ដែល​អា​អូន​នៅ​ អាច​ធ្វើ​ឲ្យ​រលាក​ផ្លូវ​ដង្ហើម​របស់​ទារក​។ ​វា​ក៏​អាច​នាំ​ឲ្យ​កើត​ជា​ជំងឺ​ហឺត​ផង​ដែរ​។ ដូច្នេះ​ហើយ​ ​អ្នក​ជក់​បារី​គប្បី​​ជក់​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ដែល​ទារក​នៅ​ ឬ​ប៉ាម៉ាក់​គួរ​យក​កូន​ចេញ​ឆ្ងាយ​ពី​ផ្សេង​បារី​។

    កូនដង្ហក់

    ​​៤. គេង​មិន​ដក​ដង្ហើម​

    ការ​ស្ទះ​ដង្ហើម​ពេល​គេងកើត​ឡើង​នៅ​ពេល​ដែល​ផ្លូវ​ដង្ហើម​​ដែល​នៅ​ចន្លោះ ច្រមុះ​ និង​សួត​រួម​តូច​។ ទារក​ដែល​មាន​បញ្ហា​សុខភាព​នេះ អាច​​​ឈប់​ដង្ហើម​មួយ​សន្ទុះ​ ដង្ហក់​​ និង​​​ដកដង្ហើម​មាន​សំឡេង​។

    ៥. ឆ្អឹង​បំពង់​សំឡេង​ទន់

    ​ឆ្អឹង​បំពង់​សំឡេង​ទន់​ ជា​មូលហេតុ​ចម្បង​​ដែល​ទារក​​ដកដង្ហើម​​​មាន​សំឡេង​។ ​វា​កើត​ឡើង​ដោយ​សារ​តែ​ជាលិកា​ទន់​នៅ​លើ​ខ្សែ​សំឡេង​។ ក្មេង​ភាគ​ច្រើន​អាច​បាត់​ទៅ​វិញ​នៅ​អាយុ​ ១ឆ្នាំ និង​ក្មេង​ខ្លះ​ទៀត​​អាច​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​ពួក​គេ​អាយុ ​​២ឆ្នាំ​។​

    ៦. កូន​កើត​មិន​គ្រប់​ខែ

    អាការៈ​​ពិបាក​ដកដង្ហើម​ ជា​ទូទៅ​កើត​ឡើង​ចំពោះ​ទារក​ដែល​កើត​មិន​គ្រប់​ខែ​។ ទារក​ដែល​សម្រាល​មុន​អាយុ ​៣៧​សប្ដាហ៍​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ផ្លូវ​ដង្ហើម​។ ទារក​ដែល​​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ ព្យាយាម​ដកដង្ហើម​ខ្លាំង និង​អាច​នាំ​ឲ្យ​កើត​មាន​អាការៈ​ដង្ហក់​។

    ​​​ពេល​ណា​គួរ​នាំ​កូន​ទៅ​​ជួប​នឹង​​គ្រូពេទ្យ​?

    ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ជួប​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ប្រសិនបើ​អា​អូន​មាន​អាការៈ​ដូច​ខាង​ក្រោម​៖

    • មាន​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ ដូចជា​គ្រុន​ក្ដៅ មិន​ឃ្លាន​អាហារ​ ល្ហិតល្ហៃ។
    • ស្បែក​ទារក​ ជា​ពិសេស​ផ្ទៃ​មុខ​ឡើង​ស្វាយ ​ដែល​បង្ហាញ​ថា​កូន​ខ្វះ​អុកស៊ីសែនក្នុង​រាងកាយ​។
    • ​ដង្ហក់​ដោយ​សារ​តែ​មាន​​អ្វី​មួយ​ជាប់​នៅ​​ផ្លូវ​ដង្ហើម​។
    • ដង្ហក់​ រួម​ជាមួយ​ការ​ដកដង្ហើម​តឹង​ៗ​។
    • ​ចាប់ផ្ដើម​ដង្ហក់​ ក្រោយ​ពេល​​ត្រលប់​មក​ពី​ខាង​ក្រៅ​ ដោយ​សារ​តែ​ប៉ះពាល់​នឹង​សារធាតុ​​អ្វី​មួយ​ដូចជា​ Aerosol Spray។
    • ចាប់ផ្ដើម​ដង្ហក់​ក្រោយ​ញ៉ាំ​អ្វី​មួយ។
    • ផត​ទ្រូង​នៅ​ពេល​ដកដង្ហើម​ ដែល​បង្ហាញ​ថា​កូន​ពិបាក​ដក​ដង្ហើម​ខ្លាំង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម