រយៈពេលពីរបីខែដំបូង បន្ទាប់ពីទារកកើតមក ប៉ាម៉ាក់អាចសង្កេតឃើញថាលាមករបស់ពួកគេមានពណ៌ត្នោត លឿង និងពណ៌បៃតង ដែលជាពណ៌ធម្មតា។ ប៉ុន្តែ ប្រសិនបើទារកជុះមានឈាម មិនថាតិច ឬច្រើននោះទេ វាអាចជាសញ្ញាបង្ហាញពីបញ្ហាសុខភាពរបស់ទារក។ យ៉ាងណាមិញ លាមកដែលមានពណ៌ក្រហមអាចមិនមែនជាឈាមទាំងអស់ឡើយ វាអាចបណ្ដាលមកពីការម៉ាក់ៗញ៉ាំអាហារដែលមានពណ៌ក្រហម ដូចជាប៉េងប៉ោះ ឬទឹកផ្លែឈើកិនជាដើម។ នៅក្នុងករណីដែលទារកជុះមានឈាម ឬជុះមកមានពណ៌ក្រហមជាប្រចាំ ប៉ាម៉ាក់គប្បីព្យាយាមកំណត់មូលហេតុ និងស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ។
១. ទល់លាមក
បញ្ហាទល់លាមកកម្រកើតលើទារកណាស់ ប៉ុន្តែវាអាចកើតឡើងដោយសារតែអាលែកហ្ស៊ីប្រូតេអ៊ីនទឹកដោះគោ ការចាប់ផ្ដើមញ៉ាំអាហាររឹង ឬកង្វះជាតិទឹក។ រោគសញ្ញានៃការទល់លាមក រួមមានពុំជុះរយៈពេលយូរ លាមករឹង និងតឹងពោះជាដើម។ បន្ថែមពីនេះ ការទល់លាមកក៏អាចបណ្ដាលឲ្យមានការរលាត់រន្ធគូថ ដែលបណ្ដាលឲ្យលាមកមានឈាមផងដែរ។ ប្រសិនបើប៉ាម៉ាក់សង្ស័យថា កូនមានបញ្ហាទល់លាមក ចូរសាកល្បងផ្លាស់ប្ដូររបបអាហាររបស់ទារក ដោយបន្ថែមអាហារដែលមានជាតិសរសៃ ឬឲ្យកូនញ៉ាំជាតិទឹកឲ្យបានគ្រប់គ្រាន់។
២. ការឆ្លងមេរោគ
ការជុះឈាមរបស់ទារក អាចជាសញ្ញានៃការឆ្លងបាក់តេរី និងប៉ារ៉ាស៊ីតមួយចំនួន ពីព្រោះតែការឆ្លងមេរោគនេះ អាចបង្កជាការរលាក និងរលាត់ពោះវៀនតិចតួច ដែលធ្វើឲ្យមានឈាមចេញមកក្រៅ។ ជាទូទៅ អាការៈរាគរូសបង្កឡើងដោយការឆ្លងមេរោគ ដូច្នេះហើយ ប្រសិនបើប៉ាម៉ាក់សង្កេតឃើញកូនរាគឈាម ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ។
៣. អាលែកហ្ស៊ីនឹងចំណីអាហារ
នៅក្នុងករណីដែលប៉ាម៉ាក់សម្គាល់ឃើញទារកជុះមកមានឈាម បន្ទាប់ពីផ្លាស់ប្តូររបបអាហាររបស់ពួកគេ វាអាចជាសញ្ញានៃអាលែកហ្ស៊ីជាមួយនឹងអាហារដែលបង្កឲ្យរលាកពោះវៀនធំ និងធ្វើឲ្យឈាមហូរចូលទៅក្នុងលាមក។ អាហារទូទៅដែលបណ្ដាលឲ្យទារកអាលែកហ្ស៊ីមានដូចជា ទឹកដោះគោ សណ្ដែក ឬស្រូវសាលី។ល។ អាលែកហ្ស៊ីអាហារ ក៏អាចមានរោគសញ្ញាដូចជា កន្ទួលរមាស់ ក្អួត និងរាគរូសផងដែរ។ ចំពោះទារកដែលបៅទឹកដោះម្តាយ ក៏អាចមានប្រតិកម្មទៅនឹងរបបអាហាររបស់ម៉ាក់ៗដូចគ្នា។
៤. របួសក្បាលសុដន់ម៉ាក់ៗ
ប្រសិនបើម៉ាក់ៗដែលកំពុងបំបៅដោះមានស្នាមប្រេះនៅក្បាលសុដន់ ទារកអាចលេបឈាមខ្លះៗ ដែលបណ្ដាលឲ្យលាមករបស់ពួកគេមានពណ៌ក្រហមក្រមៅ ឬខ្មៅ។ កត្តានេះ ម៉ាក់ៗពុំចាំបាច់បារម្ភនោះទេ។
៥. ការហូរឈាមក្រពះ
នៅក្នុងករណីកម្រខ្លះ លាមកពណ៌ក្រហមក្រមៅ ឬខ្មៅអាចបង្ហាញពីការចេញឈាមតាមប្រព័ន្ធរំលាយអាហារផ្នែកខាងលើ ។ បញ្ហានេះ អាចកើតឡើងដោយសារតែជំងឺ ឬរបួសធ្ងន់ធ្ងរ ដូច្នេះហើយ ប៉ាម៉ាក់ចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
[embed-health-tool-vaccination-tool]