រាល់ពេលផ្លាស់ប្ដូរខោទឹកនោមប្រចាំថ្ងៃ ប៉ាម៉ាក់ប្រាកដជាពិនិត្យមើលលាមករបស់កូនមិនខាន។ ទំហំ ពណ៌ ក្លិននៃលាមកអាចមានលក្ខណៈស្រដៀងគ្នានៅរយៈពេលពីរបីសប្ដាហ៍ដំបូង។ ប៉ុន្តែ ប្រសិនបើលាមកមានពណ៌បៃតងជំនួសឲ្យពណ៌លឿងវិញនោះ តើប៉ាម៉ាក់គួរបារម្ភដែរឬយ៉ាងណា? ពិតណាស់ លាមកពណ៌បៃតងពុំមានអ្វីគួរឲ្យបារម្ភឡើយ។ យ៉ាងណាមិញ ប៉ាម៉ាក់គប្បីស្វែងយល់អំពីមូលហេតុបង្កឲ្យបានច្បាស់លាស់ ទើបជាការប្រសើរ។
មូលហេតុបណ្ដាលឲ្យលាមកទារកមានពណ៌បៃតង
ប៉ាម៉ាក់ច្បាស់ជាចង់ដឹងថា ហេតុអ្វីលាមករបស់អូនៗមានពណ៌បៃតង។ ពិតណាស់ មូលហេតុមួយចំនួនខាងក្រោមនេះ នឹងអាចបកស្រាយចម្ងល់របស់ប៉ាម៉ាក់មិនខាន។
១. លាមកព្រៃ
នៅពេលបំបៅដោះបន្ទាប់ពីសម្រាលរួច ទារកនឹងមានលាមកពណ៌បៃតងចាស់ ដែលជាលាមកដំបូងរបស់ទារកទើបកើត។ ខណៈពេលដែលអាអូនបន្តបៅដោះ លាមកនឹងចាប់ផ្ដើមប្រែប្រួលពីពណ៌ខ្មៅ បៃតង ឬត្នោត ទៅជាពណ៌លឿងជំនួសវិញ។ កត្តានេះគឺជារឿងធម្មជាតិ ហើយពុំមានអ្វីគួរឲ្យបារម្ភឡើយ។
២. របបអាហាររបស់កូន
ជាមួយគ្នានេះដែរ ការបញ្ចូលបន្លែស្លឹកបៃតង ដូចជាស្ពៃពួយឡេង ឬសណ្ដែកបារាំងពេលកូនចេះញ៉ាំអាហារ ក៏អាចធ្វើឲ្យលាមករបស់កូនមានពណ៌បៃតងដែរ ពីព្រោះអូនៗអាចញ៉ាំអាហារលឿនពេក ដោយមិនទំពាឲ្យបានត្រឹមត្រូវ ឬអាហារបានឆ្លងកាត់ប្រព័ន្ធរំលាយអាហារលឿនពេក។
៣. ដុះធ្មេញ
នៅពេលដែលទារកចាប់ផ្ដើមដុះធ្មេញ ពួកគេនឹងលេបទឹកមាត់ច្រើនជ្រុល ដែលអាចបណ្ដាលឲ្យមានការរលាកពោះវៀន។ ការរលាកនេះហើយ ដែលបណ្ដាលឲ្យលាមកអាអូនមានពណ៌បៃតង និងមានជាតិរម្អិល។
៤. ជំងឺ
ទារកអាចឆ្លងមេរោគ ឬអាចមានជំងឺរោគនៅក្រពះ (stomach flu) ដែលបណ្ដាលឲ្យអាអូនមានបញ្ហារាករូសមានទម្រង់ជាលាមកពណ៌បៃតងលាយទឹក។ ទោះជាយ៉ាងនេះក្ដី ម៉ាក់ៗគប្បីបន្តបំបៅដោះឲ្យកូន ពីព្រោះទឹកដោះមានផ្ទុកអង់ទីករដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់ទារកបានយ៉ាងមានប្រសិទ្ធភាព។ ប្រសិនបើបញ្ហានេះបន្តច្រើនជាងពីរបីថ្ងៃ ប៉ាម៉ាក់គួរនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់ ពីព្រោះទារកអាចមានហានិភ័យនៃកង្វះជាតិទឹក។
សញ្ញាទាំងនេះ បញ្ជាក់ថាទារកខ្វះជាតិទឹក
- យំគ្មានទឹកភ្នែក
- ស្ងួតបបូរមាត់ និងមាត់
- មិននោមក្នុងរយៈពេលច្រើនជាង៣ម៉ោង
- ភ្នែករូង ឬថ្ពាល់ផត
៥. របបអាហាររបស់ម្ដាយ
ប្រសិនបើរបបអាហាររបស់ម៉ាក់ៗមានបន្លែស្លឹកបៃតងច្រើនពេក ដូចជាស្ពៃពួយឡេង និងសណ្ដែកបារាំង ឬញ៉ាំអាហារណាដែលមានបន្ថែមជាតិពណ៌ កត្តានេះក៏អាចបណ្ដាលឲ្យលាមករបស់ទារកមានពណ៌បៃតងដែរ ប៉ុន្តែវាមិនបង្កជាគ្រោះថ្នាក់ណាមួយឡើយ។
វិធីសាស្ត្របញ្ចៀសលាមកពណ៌បៃតងចំពោះទារក
- ជៀសវាងញ៉ាំបន្លែស្លឹកបៃតងច្រើនពេក
- ជៀសវាងឲ្យទារកបៅទឹកដោះគោ
- តាមដានប្រវត្តិជំងឺរបស់ប៉ាម៉ាក់ ដើម្បីជៀសវាងផ្ដល់អាហារណាដែលអាចបណ្ដាលឲ្យទារកអាលែកហ្ស៊ី និងកត់ចំណាំចំពោះប្រភេទអាហារដែលធ្វើឲ្យទារកមានប្រតិកម្មអាលែកហ្ស៊ី។
ប្រសិនបើទារកខ្វះជាតិទឹក ក្អួតលើសពី ២៤ម៉ោង មានអាការៈក្ដៅខ្លួន ព្រមទាំងមិនព្រមញ៉ាំអាហារ ផងនោះ ចូរប្រញាប់នាំកូនទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យភ្លាមៗ។
[embed-health-tool-vaccination-tool]