គ្នាយើងច្បាស់ជាធ្លាប់ឃើញហើយ ទារកទើបនឹងកើតមួយចំនួនសក់ក្រាស់នោះក្រាស់ ខ្លះខ្មៅក្រឹបពេញក្បាល ដូចមនុស្សធំពេញវ័យដែរ។ ប៉ុន្តែ នៅពេលអាអូនលូតលាស់ធំទៅ ពី១ខែទៅ១ខែ ស្រាប់តែចាប់ផ្ដើមជ្រុះសក់មកស្ដើងវិញ តែអ្នកជំនាញអះអាងថា វាជាធម្មជាតិរបស់ក្មេង ភាគច្រើនមិនមានពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់កូនយើងទេ។
អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ បានពន្យល់ឲ្យដឹងថា យោងទៅតាម American Academy of Pediatric (AAP) ភាគច្រើននៃទារក ឬស្ទើរតែគ្រប់ទារកទាំងអស់ជ្រុះសក់ក្នុងអំឡុងពេលអាយុក្រោម ៦ខែ ជាពិសេសជ្រុះសក់ច្រើននៅអាយុ ៣ខែ។ នេះគឺជារឿងធម្មតា ដែលបណ្ដាលមកពីបម្រែបម្រួលអ័រម៉ូនក្នុងខ្លួនទារក និងអាចបណ្ដាលមកពីទីតាំងនៃការគេង។ សក់នឹងចាប់ផ្ដើមដុះវិញនៅអាយុ ៦ខែ-១ខួប។ សក់ដែលដុះមកហើយមានអាយុកាលប្រហែល ៣-៦ខែ នឹងជ្រុះទៅវិញ។
វេជ្ជបណ្ឌិតឯកទេសកុមារសញ្ញាប័ត្រពីប្រទេសបារាំងរូបនេះបានបន្ថែមឲ្យដឹងទៀតថា ក្នុងករណីកូនតូចរបស់ម៉ាក់ប៉ាមានអាយុលើសពី៦ខែ ហើយសក់នៅតែបន្តជ្រុះច្រើន និងមិនដុះមកវិញសោះ ម៉ាក់ប៉ាគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីឲ្យប្រាកដថា មិនមានបញ្ហាសុខភាពស្បែកដូចជាមេរោគផ្សិត ជំងឺ Alopecia areata ឬបញ្ហា Hair shaft trauma។ល។
តិចនិកថែទាំសក់ទារក
១. ប្រាកដថា យើងប្រើសាប៊ូស្រទន់ស្រាលសម្រាប់ទារក កក់សក់ឲ្យកូន ដើម្បីចៀសវាងផលរំខាន
២. ចៀសវាងកក់សក់កូនរាល់ថ្ងៃ តាមការណែនាំ AAP ម៉ាក់ប៉ាអាចកក់សក់ឲ្យកូន ២-៣ដង/សប្ដាហ៍ បានហើយ (កក់ច្រើនដងអាចធ្វើឲ្យស្បែកក្បាលស្ងួត)
៣. ចៀសវាងប្រើក្រចកអេះ ឬកេះស្បែកក្បាលកូន យកល្អគួរប្រើម្រាមដៃ ឬកំណាត់ទន់ៗលាងសម្អាតក្បាលកូន។
[embed-health-tool-vaccination-tool]