បន្ទាប់ពីសម្រាលរួច ទារកមួយចំនួនមិនមានសុខភាពល្អដូចដែលម៉ាក់ប៉ាប្រាថ្នានោះទេ។ ជាក់ស្ដែង នៅអាយុ១-២សប្ដាហ៍ ទារកខ្លះចេញសញ្ញាប្រកាច់ ធ្វើឲ្យម៉ាក់ប៉ាភ័យស្លន់ស្លោរកវិធីជួយកូនស្ទើរមិនទាន់ ហើយបញ្ហាទារកចេញប្រកាច់នៅអាយុប៉ុន្មានសប្ដាហ៍នេះ ចាស់ៗបុរាណតែងហៅថាជាជំងឺស្កន់ម្ដាយដើម។
ដឹងកាលវិភាគចាក់ថ្នាំបង្ការឲ្យកូន នៅទីនេះ
ទាក់ទងនឹងបញ្ហានេះ មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យផ្សព្វផ្សាយឲ្យដឹងថា ចាស់ៗមួយចំនួន យល់ថាកូន ឬចៅពួកគាត់ត្រូវម្តាយដើម (ម្ដាយកាលពីជាតិមុន) មកយកជីវិតកូនទៅវិញហើយ បន្ទាប់មកក៏ទៅរកគ្រូខ្មែរឲ្យជួយកូន។ តាមពិតទៅ ជំងឺស្កន់ម្ដាយដើមនេះ ក្រុមគ្រូពេទ្យបច្ចេកទេសហៅថា ជំងឺតេតាណូសផ្ចិត ដែលមានមូលហេតុពិតប្រាកដ អាចព្យាបាល និងការពារបានយ៉ាងមានប្រសិទ្ធភាព។
១. មូលហេតុបង្ក
ជំងឺតេតាណូសផ្ចិត ឬប្រជាជនខ្មែរហៅ ជំងឺស្កន់ម្ដាយដើមនេះឆ្លងទៅទារកដោយសារមេរោគម្យ៉ាងឈ្មោះ ក្លស្ទ្រីដ្យូម តេតានី (Colstridium tétani) ហើយមេរោគនេះដែរឆ្លងតាមរយៈ៖
– ១០០%: តាមការកាត់ផ្ចិតមិនស្អាត ឬការដាក់សារធាតុមិនស្អាតលើផ្ចិត
– ៥ ទៅ ១០%៖ កន្លែងចោះត្រចៀកមិនស្អាត កន្លែងចាក់វ៉ាក់សាំងមិនស្អាត កន្លែងចាក់ថ្នាំមិនស្អាត របួសនៅលើស្បែក។
២. រោគសញ្ញា
ជំងឺនេះស្ដែងចេញនូវរោគសញ្ញាដូចជាៈ
- ទារកដែលបៅធម្មតា ស្រាប់តែលែងចង់បៅនៅនៅពេលអាយុបានពី ៣ – ៧ថ្ងៃ
- ទារកយំមិនបាត់ ទារកមានវិបត្តិនៃការដកដង្ហើម
- ការកន្ត្រាក់សាច់ដុំថ្គាម (មាត់ស្ញេញ)
- ការកន្ត្រាក់រឹងដងខ្លួន ជើងត្រង់ ដៃបត់ខ្លាំង។
ចំណាំ៖ មេរោគបង្កជំងឺតេតាណូសផ្ទិត ឬជំងឺស្កន់ម្ដាយដើមបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទរបស់ទារក ទើបធ្វើឲ្យស្ដែងចេញជារោគសញ្ញាគ្លីនិកកើតឡើង។
៣. ការព្យាបាល
ក្រុមគ្រូពេទ្យអាចព្យាបាលជំងឺនេះបាន ប៉ុន្តែជាមួយនឹងអត្រាមរណភាពខ្ពស់ (៨០-៩០%) និងផលវិបាកផ្សេងៗ ទៀតដែលអាចកើតឡើងចំពោះទារក នៅពេលក្មេងចម្រើនវ័យធំឡើង ដែលមិនអាចទាយទុកជាមុនបាន។
[embed-health-tool-vaccination-tool]