backup og meta

កូនក្ដៅ​ខ្លួន​ប្រកាច់ គួរឲ្យបារម្ភកម្រិតណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 27, 2020

    កូនក្ដៅ​ខ្លួន​ប្រកាច់ គួរឲ្យបារម្ភកម្រិតណា?

    កូនប្រកាច់ដោយសារក្ដៅ​ខ្លួន ​ជា​ស្ថានភាព​ដែល​កើត​ឡើង​នៅពេល​កូន​ចាប់​ក្តៅ​ខ្លួន​ខ្លាំងភ្លាមៗ ពេល​ខ្លះ​ប៉ាម៉ាក់​​មិន​អាច​ដឹង​ថា​កូន​ក្តៅ​ខ្លួន​ទៀត​ផង​ដោយសារ​សីតុណ្ហភាព​ក្នុង​ខ្លួន​កូន​​កើន​ឡើង​រហ័សពេក។ បន្ទាប់​ពី​ក្តៅ​ខ្លួន​ដល់​កម្រិត​មួយ​ហើយ កូន​យើង​​ក៏​ឈប់​ប្រកាច់​ភ្លាមដែរ។ ភាគ​ច្រើន​ក្មេង​ដែល​ប្រកាច់តែង​ក្តៅ​ខ្លួន​ដល់​ទៅ ៣៩ អង្សាសេ ។

    ការ​ប្រកាច់​ដែល​មាន​មូលហេតុទាក់ទង​នឹង​ការ​ក្តៅ​ខ្លួន​មាន៖

    • ប្រកាច់​ក្នុង​កំឡុង​ពេល ២៤ម៉ោង
    • រយៈពេល​ប្រកាច់​តិច​ជាង ១៥នាទី
    • ប្រកាច់ទូទាំង​ដង​ខ្លួន មិនមែនតែ​មួយ​ចំហៀង
    • ក្មេង​អាយុ​ចន្លោះពី ៦ខែ ទៅ ៥ឆ្នាំ
    • ក្មេង​មិនមាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ
    • ក្មេង​ធ្លាប់​ប្រកាច់​ដោយសារ​ក្តៅ​ខ្លួនពីមុន​មក។

    យើង​ជា​ប៉ាម៉ាក់​​ប្រាកដ​ជា​ភ័យ​ខ្លាច​ពេល​ឃើញ​កូន​មាន​ស្ថានភាព​នេះ តែ​ថា​អាការៈនេះ​​មិនមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់កូន ​​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ខួរក្បាល បញ្ញារបស់កូន​​នោះ​ទេ។

    យើងទំនងជា​អាច​និយាយ​បាន​ថា​ក្មេង ២ភាគរយ ទៅ៥ភាគរយ នៃ​ក្មេងទាំងអស់​ ​អាចមាន​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែបនេះ ក្រៅ​ពី​នោះ​ក្មេង​អាចប្រកាច់​ដោយសារ​បញ្ហា​ផ្សេងៗ​ទៀត។ អាការៈ​ក្ដៅ​ខ្លួន​នេះ ​ក៏​អាច​រើ​ឡើង​ម្តង​ទៀត​អាស្រ័យ​លើ​អាយុរបស់​ក្មេងដែរ តែ​ប្រហែលជា ៣០ភាគរយ ទៅ៥០ភាគរយ​ ក្មេង​អាច​ជួប​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែប​នេះ​ម្តង​ទៀតបាន។ ជាការ​ល្អ​ប៉ា​ម៉ាក់​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​កូន​មាន​បញ្ហា​បែបនេះ។

    ១. តើ​​មាន​រោគសញ្ញា​អ្វី​ខ្លះ?

    ចំពោះ​ការ​ក្តៅ​ខ្លួន​ប្រកាច់​ធម្មតាមាន​រយៈពេល​តែ ២ទៅ៣​នាទី ទេតែ​ក្នុង​ករណី​កម្រ​ខ្លះ​អាច​ឈានដល់ទៅ ១៥នាទី ។ ពេល​ប្រកាច់​ក្មេង​នឹង​ប្រកាច់​មួយ​តួរខ្លួនតែ​ម្តង ញាក់​កន្ត្រាក់ រមួលខ្លួន ក្រឡាប់​ភ្នែក​ ហើយ​អាច​ឈាន​ដល់​សន្លប់​ជាដើម។ ក្មេង​ខ្លះ​ក្អួត​បណ្តើរ នោម​បណ្តើរពេល​ប្រកាច់ទៀត​ផង។

    ឯការ​ប្រកាច់ធ្ងន់ធ្ងរ​ជាង​នេះ​វិញមាន​រយៈពេល​ដល់​ទៅ ១៥នាទី និងអាច​កើត​ឡើង​លើស​ពី​ម្តង​ក្នុង​មួយ​ថ្ងៃ។ ក្មេង​អាច​ប្រកាច់​ដៃ​ប្រកាច់​ជើង ឬ​កន្ទ្រាក់​តែ​មួយ​ចំហៀងខ្លួន។ ក្មេង​នឹង​ឈប់​ប្រកាច់ដោយ​ខ្លួនឯងតែ​នៅ​តែ​ក្តៅ​ខ្លួន​ត​ទៀត។ ក្មេង​ខ្លះ​វិញ​ងងុយ​ដេក​បន្ទាប់​ពី​នោះ តែ​ខ្លះ​វិញ​មិន​មាន​ផល​រំខាន​អ្វី​ទេ។ ក៏​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​នៅ​ខាង​លើ វិធី​ដែល​ល្អ​គឺ​ត្រូវ​ជួប​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ចំពោះ​បញ្ហា​នេះ។

    កូនប្រកាច់

    ២. តើ​​គួរទៅ​ជួប​ពេទ្យ​នៅ​ពេល​ណា?

    យើង​ត្រូវ​បញ្ជូន​កូន​ទៅ​ពេទ្យ​ជា​បន្ទាន់​បើ​សិនជា៖

    • កូនឈប់​ដក​ដង្ហើម​វែង​ជាង ១៥ទៅ​២០​វិនាទី ឬ​ក៏​ពិបាក​ដក​ដង្ហើម
    • បើ​កូន​ប្រកាច់​លើស​ពី ៣នាទី ឬ​ក៏​រើ​ប្រកាច់​ជា​លើក​ទី២
    • ប្រកាច់​រួម​ជាមួយ ក្តៅ​ខ្លួន ក្អួត ឈឺក្បាល​ខ្លាំង ងងុយ​ដេក មិន​មាន​ស្មារតី រួយ ​ក ឬលេច​ឡើង​កន្លែង​ពយ​ទន់​មួយ​ចំលើ​ក្បាល។

    យើង​ក៏​គួរ​ពិគ្រោះជាមួយ​គ្រូពេទ្យ​បើ​៖

    • កូន​ប្រកាច់​ជាលើកទី​មួយ ឬយើង​​ពុំ​ទាន់​បាន​សួរ​ពេទ្យថាគួរ​ធ្វើ​ដូចម្តេច​បើ​វា​កើត​ឡើង​ម្តង​ទៀត។
    • ក្មេង​មាន​អាយុ​តិច​ជាង ៦ខែ​ឬ​អាយុ ៥ឆ្នាំឬលើស​ពី​នេះ។
    • ប្រកាច់​តែ​មួយ​ចំហៀង​ខ្លួន
    • ប្រកាច់តែ​មិន​ក្តៅ​ខ្លួន។

    ៣. តើមានវិធីសង្គ្រោះបឋមទេ?

    យើង​អាច​​អនុវត្ត​វិធី​ខាង​ក្រោម​នេះ​ដើម្បី​ការពារ​កូន​ពី​គ្រោះថ្នាក់​ពេល​ប្រកាច់៖

    • ដាក់​កូន​ដេក​លើ​ឥដ្ឋ ហើយ​បើ​កូន​តូច​សូម​បី​កូន​ផ្កាប់​លើ​ភ្លៅ។ សូម​កុំ​រឹតកូន​ឲ្យ​សោះ។
    • បែរ​កូន​ទៅ​ម្ខាង​ដើម្បី​ឲ្យ​ហៀរ​កម្អែរ​និង​ទឹក​មាត់ចេញ និង​កុំ​ឲ្យ​អណ្តាត​បាំង​ផ្លូវ​ដង្ហើម។ ដាក់​ក្បាល​និង​ចង្កាទៅ​មុខ (កាយវិការ​ដូច​កំពុង​ឳន​ហិត​ផ្កា) បែប​នេះ​ទើប​ក្មេង​មាន​ផ្លូវ​ដក​ដង្ហើម។
    • ដោះ​សំលៀកបំពាក់​ក្មេង​ចេញ។
    • សូម​កុំ​ដាក់​អ្វីចូលក្នុង​មាត់​ដើម្បី​កុំ​ឲ្យ​ខាំ​អណ្តាត​ឲ្យ​សោះ​ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​បាន។
    • សូម​ព្យាយាម​សម្រួល​អារម្មណ៍​ខ្លួន​ឯង​ដើម្បី​ឲ្យ​ក្មេង​ងាយ​ស្រួល​អារម្មណ៍​ដែរ។ លួង​កូន​ដោយ​ស្ងប់ស្ងាត់ និយាយ​មួយៗ។
    • ផ្ទៀង​មើល​រយៈពេល​នៃ​ការ​ប្រកាច់និង​តាមដាន​អាកប្បកិរិយា​ក្មេង​ពេល​កំពុង​ប្រកាច់​នោះ​ដើម្បី​ងាយ​ស្រួល​ប្រាប់​គ្រូពេទ្យ។

    បន្ទាប់​ពី​ប្រកាច់​រួច សូម​ពិនិត្យ​មើល​កូន៖

    • បើ​កូនពិបាក​ដក​ដង្ហើម សូម​បែរក្បាល​កូន​ទៅ​ម្ខាង ប្រើម្រាម​ដៃ​ខ្វិះមាត់​កូន​ថ្នមៗ​ខ្លាច​មាន​កម្អែរ​ឬ​ទឹក​មាត់​បាំង​ផ្លូវ​ដង្ហើម។
    • បើ​មើល​ទៅកូន​មិន​ចាំ​បាច់​នាំ​ទៅ​ពេទ្យ​ទេ ត្រូវ​​ដាក់​ឲ្យ​កូន​​គេង​ក្នុង​បន្ទប់​ត្រជាក់​ភ្លាម។ សញ្ញា​ងុយ​គេង​គឺ​ជា​រឿង​ធម្មតា​ដែល​កើត​ឡើង​ក្រោយ​ពេល​ប្រកាច់ តែ​កុំ​ភ្លេច​ចំណាំ​មើល​កូន​ផង កូន​​គួរ​តែ​មាន​សកម្មភាព​សកម្ម​ធម្មតា​វិញ ១ម៉ោង ក្រោយ​ពេល​ប្រកាច់។
    • បើ​កូន​យើង​​ធ្លាប់​កើត​វា​ពី​មុន​មក​ហើយៗ ​យើង​​ក៏​បាន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យទៀត សូម​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រួពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម