ការជូតគូទឱ្យទារកត្រឹមត្រូវអាចចៀសវាងការចម្លងមេរោគចូលប្រព័ន្ធផ្លូវទឹកនោមទារកតាមប្រដាប់ភេទបាន។ តើប៉ាម៉ាក់គួរជូតគូទឱ្យទារកបែបណាដើម្បីកុំឱ្យឆ្លងមេរោគ?
ការជូតគូទទារកអាចធ្វើឱ្យប៉ាម៉ាក់ពិបាក ឬស្មុគស្មាញ ព្រោះទារកទើបកើតជុះច្រើនដងក្នុង ១ថ្ងៃ ប៉ុន្តែយូរៗប៉ាម៉ាក់នឹងសុំាហើយ។ ខាងក្រោមនេះជាការណែនាំពីរបៀបជូតគូទឱ្យទារក៖
១. ការត្រៀមរបស់របរជាមុន
- ជាដំបូងប៉ាម៉ាក់ត្រូវលាងដៃឱ្យស្អាត ចៀងវាងចម្លងមេរោគទៅកាន់ទារក។
- ប៉ាម៉ាក់ត្រូវត្រៀមរបស់របរដូចជា ខោទឹកនោម កន្សែងសើម កន្សែង បន្ទះសំឡី ក្រដាសជូត សំលៀកបំពាក់ថ្មីសម្រាប់ប្តូរឱ្យទារក កម្រាលការពារទឹកនោមសម្រាប់ទ្រាប់ក្រោមទារកកុំឱ្យប្រឡាក់លាមក ឬទឹកនោម គ្រីម ឬឡេសម្រាប់ការពារ និងព្យាបាលកន្ទួលរមាស់ (បើចាំបាច់) ជាដើមទុកក្បែរខ្លួនឱ្យរួច។
២. ការសម្អាតបឋម
បើក ឬហែកខោទឹកនោម រួចចាប់លើកកែងជើងទាំង ២ របស់អូនតូចឡើង។ បន្ទាប់មកប៉ាម៉ាក់ត្រូវយកខោទឹកនោមផ្នែកមិនប្រឡាក់ជូតលាមក មួយភាគធំចេញ។ រួចរុំបិទខោទឹកនោមវិញ ហើយដាក់ចូលថង់ និងចង់មាត់ថង់ឱ្យជិត។
ចង់ស្វែងយល់បន្ថែមពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣. របៀបជូត
- ប៉ាម៉ាក់អាចជូតគូទទារកដោយប្រើបន្ទះសំឡីជ្រលក់ទឹកក្តៅឧណ្ហៗ ឬទឹកសម្អាតដែលមិនបាច់លាងចេញ ឬក្រដាសសើម (គ្មានជាតិអាល់កុល)
- ប៉ាម៉ាក់ត្រូវជូតពីកន្លែងដែលស្អាតបំផុតទៅកន្លែងដែលកខ្វក់បំផុត ដើម្បីកុំឱ្យចម្លងភាពកខ្វក់ទៅកន្លែងស្អាត
- ចំពោះទារិកា ប៉ាម៉ាក់ត្រូវជូតពីទ្វារមាស (ជូតពីបបូរខាងក្រៅ បន្ទាប់មកជូតផ្នែកកណ្តាល) ផ្នត់ចន្លោះភ្លៅ រួចទើបជូតគូទក្រោយគេ។
- ពោះទារក ប៉ាម៉ាក់ត្រូវជូតលិង្គ ពងស្វាស តំបន់ក្រោមពងស្វាស ផ្នត់ចន្លោះភ្លៅ បន្ទាប់មកទើបជូតគូទ។
- នៅពេលជូតស្អាតរួចរាល់អស់ហើយ ប៉ាម៉ាក់គួរយកក្រដាស់ជូតមាត់ កន្សែង ឬបន្ទះសំឡីជូតស្បែកអូនតូចឱ្យស្ងួត រួចអាចលាបគ្រីម ឬឡេដើម្បីការពារ និងព្យាបាលកន្ទួលរមាស់។
- បន្ទាប់មកប៉ាម៉ាក់អាចស្លៀកខោទឹកនោម និងស្លៀកពាក់ឱ្យទារកវិញ
- ជាចុងក្រោយប៉ាម៉ាក់ត្រូវលាងសម្អាតដៃនឹងសាប៊ូឱ្យស្អាត។
ពេលជូតគូទទារក ប៉ាម៉ាក់គួរជូតថ្នមៗ និងត្រូវជូតពីមុខទៅក្រោយ ជាពិសេសពេលជូតគូទឱ្យទារិកា ដើម្បីចៀសវាងការចម្លងមេរោគចូលប្រព័ន្ធផ្លូវទឹកនោមតាមប្រដាប់ភេទ។ ជាពិសេសត្រូវត្រៀមសម្ភារៈទុកក្បែរខ្លួនឱ្យហើយ ចៀសវាងខ្វះមុខខ្វះក្រោយ។
[embed-health-tool-vaccination-tool]