ស្រីៗយើងពេលពពោះមួយចំនួន អាចមានជំងឺទឹកនោមផ្អែម ដែលគេហៅថាជំងឺទឹកនោមផ្អែមពេលពពោះ។ គ្នាយើងដឹងទេថា ការមានជំងឺទឹកនោមផ្អែមពេលពពោះ អាចធ្វើឲ្យម៉ាក់ៗប្រឈមនឹងកើតជំងឺទឹកនោមផ្អែមនៅពេលក្រោយទៀត។
ទោះយ៉ាងណា ការសិក្សាមួយបានរកឃើញស្រ្តីដែលមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ អាចបន្ថយហានីភ័យជំងឺទឹកនោមផ្អែមទៅថ្ងៃមុខបាន ដោយការបំបៅដោះកូន។
ការសិក្សាមួយចេញផ្សាយកាលពីដើមឆ្នាំ២០២០ បានសិក្សាលើស្រ្តីមានផ្ទៃពោះជាង៤ ០០០នាក់ ដែលកើតជំងឺទឹកនោមផ្អែមពេលពពោះ។ អ្នកចូលរូមក្នុងការសិក្សានេះ មាន៨០០នាក់បានវិវត្តទៅជាមានជំងឺទឹកនោមផ្អែមនៅក្នុងរង្វង់២៥ឆ្នាំ ក្រោយ។
ការសិក្សាបញ្ជាក់ថាស្រ្តីដែលបានបំបៅដោះកូនពី៦ ទៅ១២ ខែ បន្ថយហានីភ័យកើតជំងឺទឹកនោមផ្អែមនៅពេលក្រោយទៀតចំនួន៩ភាគរយ បើធៀបអ្នកមិនបំបៅដោះកូន។ ចំណែកស្រ្តីដែលបំបៅដោះកូនពី១ឆ្នាំ ទៅ២ឆ្នាំ កាត់បន្ថយហានីភ័យកើតជំងឺទឹកនោមផ្អែមរហូត១៥ភាគរយ បើធៀបនឹងម៉ាក់ៗមិនបំបៅដោះកូន។
ដោយឡែកម៉ាក់ៗដែលបានបំបៅដោះកូនលើសពី២ឆ្នាំ គឺបានកាត់បន្ថយហានីភ័យជំងឺទឹកនោមផ្អែមរហូតដល់២៧ ភាគរយទាបជាងអ្នកមិនបំបៅដោះកូន។
តាមរយៈការសិក្សានេះ គ្រូពេទ្យលើកទឹកចិត្តឲ្យម៉ាក់ៗមានជំងឺទឹកនោមផ្អែមពេលពពោះ បំបៅដោះកូនឲ្យបានច្រើនតាមលទ្ធភាពអាចធ្វើបាន។
[embed-health-tool-vaccination-tool]