ក្រោយម៉ាក់ៗសម្រាលកូនរួច អាហារដំបូងចាំបាច់បំផុតសម្រាប់អាអូននោះគឺ ទឹកដោះម៉ាក់ៗ។ ទឹកដោះម្ដាយផ្ដល់ប្រយោជន៍ច្រើនមែនទែនទៅដល់អាអូន មិនត្រឹមតែអាចឲ្យអាអូនលូតលាស់បានល្អ ទឹកដោះម្ដាយក៏ការពារកូនពីជំងឺផ្សេងៗដែរ។ ប៉ុន្តែ មានម៉ាក់ៗមួយចំនួនគិតតាមចាស់ៗថា បើកូនបៅដោះម្ដាយមិនឡើងគីឡូល្អ តូចនៅតូច នោះបណ្ដាលមកពីទឹកម្ដាយក្ដៅ។ តើកូនបៅដោះម្ដាយ មិនឡើងគីឡូ ពិតជាមកពីទឹកដោះម្ដាយក្ដៅឬយ៉ាងណា?
ទាក់ទងនឹងបញ្ហានេះ ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនសែនសុខ ចាន់ ស៊ីណេត បានបដិសេធថា ការលើកឡើងបែបនេះ គឺមិនពិតទេ ដោយសារទឹកដោះម្ដាយមានសារធាតុចិញ្ចឹមស្ទើរគ្រប់មុខ សម្រាប់ផ្គត់ផ្គង់ដល់កូន បើកូនបៅមិនឡើងគីឡូ មិនមែនដោយសារទឹកដោះម្ដាយក្ដៅទេ។
លោកបន្តថា មូលហេតុដែលបណ្ដាលឲ្យទារកបៅដោះមិនឡើងគីឡូអាចដោយសារ ម៉ាក់ៗមិនមានទឹកដោះគ្រប់គ្រាន់សម្រាប់ឲ្យអាអូនបៅ ឬទឹកដោះម៉ាក់ៗមិនសូវមានសារធាតុចិញ្ចឹមល្អ ឬម៉ាក់ៗបំបៅកូនមិនបានទៀងទាត់។ល។ ម៉្យាងវិញទៀត អាអូនមិនឡើងគីឡូក៏អាចដោយសារ កូនទទួលបានកាឡូរីដែលត្រូវការមិនគ្រប់គ្រាន់ ឬអាចដោយសារ៖
- អាអូនកើតមិនគ្រប់ខែ
- អាអូនពិបាកដកដង្ហើម
- អាអូនមានបញ្ហាបេះដូង។ល។
វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា បើសិនជាអាអូនពិបាកឡើងគីឡូ ម៉ាក់ៗមិនចាំបាច់បារម្ភពេកទេ ព្រោះមានវិធីច្រើន ដើម្បីឲ្យកូនឡើងគីឡូវិញបានដោយម៉ាក់ៗបន្ថែមការផលិតទឹកដោះឲ្យគ្រប់គ្រាន់ ដោយញ៉ាំអាហារសម្បូរជីវជាតិ ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ និងស៊ុត។
បន្ថែមពីលើនេះ ម៉ាក់ៗក៏អាចញ៉ាំវីតាមីនជំនួយសុខភាព និងធ្វើឲ្យទឹកដោះសម្បូរសារធាតុចិញ្ចឹម ឬអាចយកកូនទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសកុមារ រកវិធីដោះស្រាយបញ្ហារបស់កូន។
[embed-health-tool-vaccination-tool]