ចំពោះអាអូនតូចៗ ក្រោយពេលបៅដោះម្ដាយ ឬទឹកដោះគោរួច ជួនកាល អាអូនក្អួត ឬក្អែចេញមកក្រៅវិញ ដែលអាចជារឿងឈឺក្បាលមួយសម្រាប់យើងជាអាណាព្យាបាល។ ជាមួយគ្នានេះក៏មានចម្ងល់មួយលើកឡើងថា បើអាអូនក្អួត ឬក្អែក្រោយបៅរួច យើងគួរឲ្យកូនបៅម្ដងទៀងឬអត់?
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ
តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានពន្យល់ថា បញ្ហាកូនតូចម៉ឹមដោះម៉ាក់ ឬទឹកដោះគោរួច ក្អែចេញមកវិញ មូលហេតុចម្បងមកពីយើងឲ្យកូនបៅឆ្អែតជ្រុល។ ចំណែកកត្តារួមផ្សំផ្សេងទៀត ដែលបណ្ដាលឲ្យអាអូនក្អួត ឬក្អែចេញមកវិញនោះគឺការបំបៅដោះកូនមិនបានត្រឹមត្រូវតាមក្បូនខ្នាត ដោយឲ្យកូនដេកបៅ ឬបៅរួចភ្លាមឲ្យកូនគេងភ្លាម។
បើកូនបៅហើយក្អួត ឬក្អែចេញមកវិញ គួរឲ្យកូនបៅម្ដងទៀត ឬអត់?
វេជ្ជបណ្ឌិតខាងលើឲ្យដឹងទៀតថា ប្រសិនបើមានអាការៈបែបនេះកើតឡើង គួរផ្អាកបន្តិចចន្លោះពី ១០-១៥នាទី រួចសឹមឲ្យកូនបៅបន្តទៀត ឬម្យ៉ាង ប្រសិនជាឃើញអាអូនឃ្លាន ស្រវ៉ាយកដបទឹកដោះគោ ឬដោះម៉ាក់ៗក្រោយក្អែ ឬក្អួតរួច។
ក្រោយពីអាអូនក្អួត ឬក្អែក្រោយបៅរួច បើចង់ឲ្យកូនបៅម្ដងទៀត ម៉ាក់ប៉ាគួរតែផ្ដល់ទឹកដោះគោ ឬទឹកដោះម៉ាក់ៗបន្តិចម្ដងៗឲ្យកូន និងតាមដានថាអាអូននឹងក្អួត ឬក្អែចេញមកវិញឬក៏អត់។ លើសពីនេះ ចំពោះក្មេងមានអាយុលើសពី៦ខែ បៅហើយមានបញ្ហាក្អួត ឬក្អែ ម៉ាក់ប៉ាអាចផ្ដល់ទឹកឲ្យអាអូនញ៉ាំ ដើម្បីបង្ការអាអូនខ្សោះជាតិទឹក។
ផ្ទុយទៅវិញ បើអាអូនក្អួត ឬក្អែក្រោយបៅក្នុងបរិមាណច្រើន ឬញឹកញាប់ យកល្អគួរនាំកូនទៅពិនិត្យជាមួយគ្រូពេទ្យជំនាញ ព្រោះបើតាមវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ទារកដែលម៉ឹមហើយ ក្អែចេញមកវិញញឹកញាប់ ក្នុងបរិមាណច្រើនៗនោះ អាចមិនមែនមកពីបច្ចេកទេសនៃការបំបៅកូនមួយមុខនោះទេ គឺកូនមានបញ្ហាសុខភាព ដូចជាបញ្ហាក្រពះតូចត្បៀត។
[embed-health-tool-vaccination-tool]