បច្ចុប្បន្នមានប៉ាម៉ាក់មិនតិចទេ សម្រេចចិត្តឲ្យកូនបៅទឹកដោះគោ ជំនួសម្សៅទឹកដោះគោ ដោយជឿថាក្នុងទឹកដោះគោ មានលក្ខណៈធម្មជាតិ និងមានសារធាតុចិញ្ចឹមច្រើន។ ទោះយ៉ាងណា ប៉ាម៉ាក់ត្រូវឲ្យកូនមានអាយុយ៉ាងតិច ១២ ខែសិន ទើបអាចឲ្យកូនផឹកទឹកដោះគោបាន។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលើកឡើងចំណុចខ្លះសម្រាប់ប៉ាម៉ាក់ មុនសម្រេចចិត្តឲ្យកូនបៅទឹកដោះគោ។
១- ហេតុអ្វីត្រូវរង់ចាំដល់កូនអាយុ ១២ ខែ?
យោងតាមសមាគមផ្នែកជំងឺកុមារ នៅអាមេរិក The American Academy of Pediatrics បានណែនាំដល់ប៉ាម៉ាក់ ឬអាណាព្យាបាលគ្រប់រូប មិនគួរឲ្យកូនផឹកទឹកដោះគោឡើយ រហូតទាល់តែកូនមានអាយុច្រើនជាងមួយឆ្នាំសិន។ ទឹកដោះគោ គឺពិបាករំលាយជាងទឹកដោះម្តាយ ឬម្សៅទឹកដោះគោកំបុ៉ង ហើយក្នុងទឹកដោះគោ មានផ្ទុកនូវសារធាតុរ៉ែ និងប្រូតេអ៊ីន ដែលមានកំហាប់ខ្ពស់ អាចមានផលប៉ះពាល់ដល់ក្រលៀន និងប្រព័ន្ធរំលាយអាហារក្មេង។
បើយើងពិចារណាឲ្យបានគ្រប់គ្រាន់នោះ យើងនឹងដឹងថា ឲ្យកូនបៅទឹកដោះគោ គឺមិនល្អសម្រាប់រាងកាយឡើយ ដោយសារតែវាមិនមានជាតិដែក វីតាមីន C និងសារធាតុចិញ្ចឹមផ្សេងទៀតដែលចាំបាច់សម្រាប់ការលូតលាស់របស់កូនៗយើង ឲ្យមានសុខភាពល្អនោះទេ។ ទឹកដោះគោ អាចបណ្តាលឲ្យកូនយើង មានបញ្ហាកង្វះអាហារូបត្ថម្ភ ដូចជា ភាពស្លេកសាំងបណ្តាលមកពីកង្វះនូវជាតិដែកជាដើម។ វាក៏មិនមានប្រភេទខ្លាញ់ល្អ សម្រាប់ដំណើរការវិវត្តរបស់កូនយើងដូចគ្នា។
ទោះជាយ៉ាងណា បើកូនយើងបានត្រៀមខ្លួនក្នុងការផឹកទឹកដោះគោនោះ គួរតែឲ្យកូនញ៉ាំនូវអាហារបំប៉នល្អ ក្នុងរបបអាហារមានតុល្យភាពដូចជា ផ្លែឈើ បន្លែ សាច់ និងធញ្ញជាតិជាដើម។
២- ហេតុអ្វីកូនត្រូវផឹកទឹកដោះគោ?
ទឹកដោះគោ គឺជាប្រភពធម្មជាតិនៃជាតិកាល់ស្យូម ជួយពង្រឹងដល់ឆ្អឹង និងធ្មេញ ជួយគ្រប់គ្រងដល់ដំណើរការនៃកំណកឈាម សាច់ដុំ និងការលូតលាស់ឆ្អឹងផងដែរ។ ក្នុងទឹកដោះគោ មានផ្ទុកវីតាមីន D អាចជួយឲ្យរាងកាយកាន់តែមានភាពងាយស្រួលក្នុងការស្រូបយកកាល់ស្យូម។ ប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ជួយដល់ដំណើរការលូតលាស់របស់ក្មេង និងអាចផ្តល់ថាមពលដែលក្មេងត្រូវការ សម្បូរទាំងប្រូតេអ៊ីន និងកាបូអ៊ីដ្រាតផងដែរ។ បើកូនផឹកទឹកដោះគោគ្រប់គ្រាន់រៀងរាល់ថ្ងៃ នោះកូនយើងនឹងមានហានិភ័យទាបកើតជំងឺលើសឈាម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីកពោះវៀនធំ និងបាក់ឆ្អឹងត្រគាកនៅពេលក្រោយ។
៣- គួរផ្តាច់ដោះពេលចាប់ផ្តើមឲ្យកូនបៅទឹកដោះគោដែរទេ?
យោងទៅតាមសមាគមផ្នែកជំងឺកុមារ នៅអាមេរិក The American Academy of Pediatrics បន្តបំបៅកូនដោយទឹកដោះ គឺជារឿងល្អបំផុតមួយ បើទោះបីជាកូនយើងបានចាប់ផ្តើមបៅទឹកដោះគោក៏ដោយ។
៤- ក្មេងអាចមានប្រតិកម្មអ្វីខ្លះជាមួយទឹកដោះគោ?
រោគសញ្ញាសំខាន់ៗនៃប្រតិកម្មជាមួយទឹកដោះគោមានដូចជា៖
– ឡើងកន្ទួល ឬកើតប្រទាលត្រអាក ពិសេសនៅជុំវិញមាត់ ឬចង្កា
– មិនស្រួលក្នុងពោះ
– រាក
– ក្អួត
– ហើម
– រមាស់។
ត្រូវនាំកូនទៅមន្ទីរពេទ្យនៅជិតបំផុត ដើម្បីពិនិត្យមើលសុខភាព ប្រសិនបើកូនយើងមានអាការៈដូចជា៖
– ស្លេកខ្លាំង ឬខ្សោយខ្លាំង
– ឡើងកន្ទួលក្រហមពេញខ្លួន
– ហើមមុខ ឬក
– រាកមានឈាម។
បើមានបញ្ហាពេលឲ្យកូនផឹកទឹកដោះគោ ឬគិតថាកូនមានប្រតិកម្មជាមួយទឹកដោះគោ ឬកង្វះអាហារូបត្ថម្ភ ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានឆាប់ ដើម្បីបង្ការពីផលវិបាកផ្សេងៗ។
[embed-health-tool-vaccination-tool]