ការធ្វើតេស្តជោះកែងជើងមានប្រសិទ្ធភាពល្អ ចំពោះទារកទើបកើត គឺរយៈពេល ៤៨-៧២ ម៉ោង ក្រោយកើត។ សារសំខាន់នៃការធ្វើតេស្តនេះឡើង ដើម្បីរកជំងឺមេតាបូលិកពីកំណើត ដែលធ្វើឲ្យទារកបាត់បង់ការលូតលាស់ផ្នែកប្រាជ្ញាស្មារតី ទៅជាបញ្ញាខ្សោយ រាងកាយក្រិន ឬអាចធ្វើឲ្យទារកស្លាប់ បើព្យាបាលមិនទាន់ពេលវេលា។នេះបើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។
ស្របគ្នានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីបារាំង ពន្យល់ឲ្យដឹងថា ការធ្វើតេស្តដោយយកឈាមពីកែងជើងរបស់ទារក (ក្រោយសម្រាលបាន៤៨ម៉ោង) អាចស្វែងរកជំងឺ ៧ មុខខាងក្រោម៖
១. Phenylketonuria (PKU)៖ ទារកមានជំងឺពីកំណើត លើការបម្លែងជាតិសាច់ក្នុងខ្លួន ធ្វើឲ្យកូនខ្សោយប្រាជ្ញា អាចពិការ និងមានភាពមិនធម្មតាលើសាច់ខួរក្បាល។
២. Congenital Hypothyroidism៖ ទារកមានជំងឺខ្សោយក្រពេញទីរ៉ូអ៊ីតពីកំណើត ធ្វើឲ្យទារកខ្សោយប្រាជ្ញាខ្លាំង យឺតយាវការគិត កូនអាចតឿ ខ្សោយត្រចៀក កើតលឿងស្បែក ស្បែកស្ងួត អណ្ដាតធំ សាច់ដុំទន់ ទល់លាមក និងសំឡេងយំស្អក ស្អក។
៣. Galactosemia៖ ទារកមានវិបត្តិទៅការបម្លែងជាតិស្ករ បណ្ដាលឲ្យមិនសូវបៅ ក្អួត រាក ខ្សោយថ្លើម ឬថ្លើមរីកធំ ឧស្សាហ៍មានហូរឈាម ហើមខ្លួន ទាចទឹក និងកើតលឿង។
៤. Biotinidase deficiency៖ ទារកមានវិបត្តិទៅលើការបម្លែងលើក្រុមវីតាមីន B ធ្វើឲ្យទារកប្រកាច់ ថ្លង់ ខ្វាក់ និងអាចពិការ យឺតយ៉ាវការលូតកម្ពស់ និងគីឡូ។ កន្ទួលពេញស្បែក ជ្រុះសក់ និងឧស្សាហ៍សន្លប់។
៥. Congenital Adrenal Hyperplasia (CAH)៖ ទារកមានភាពមិនធម្មតាទៅលើមុខងារក្រពេញលើតម្រងនោម បណ្ដាលឲ្យអ័រម៉ូនខ្លះលើស ខ្លះខ្វះ។ ហើយទារកប្រឈមនឹងការខ្វះជាតិទឹក និងមានភាពមិនប្រក្រតីលើប្រដាប់ភេទ។
៦. G6PD Deficiency៖ ទារកមានវិបត្តិ បែកគ្រាប់ឈាមក្រហម។ បណ្ដាលឲ្យទារកខ្វះឈាម ឡើងលឿង ឆាប់មានមេរោគចូល។
៧. Cystic Fibrosis (CF)៖ ទារកមានភាពមិនធម្មតាពីកំណើតលើសួត។ សួតចេញជាតិខាប់លើសលប់ក្នុងសួត រំខានដល់ការដកដង្ហើម ក្អក ឧស្សាហ៍រលាកសួតរំខានដល់ការរំលាយអាហារ មិនសូវឡើងគីឡូ។ បើក្មេងមានជំងឺនេះ ៩៨%មិនអាចមានកូន ពេលធំពេញវ័យ។
វេជ្ជបណ្ឌិតជំងឺកុមាររូបនេះ បន្តថា ក្រៅពីមើលដឹងជំងឺពីកំណើតទាំង ៧ ខាងលើនេះហើយ ការតេស្តឈាមកែងជើងរបស់ទារកក៏អាចឲ្យយើងដឹងពី ក្រុមឈាមរបស់អាអូនបានដែរ។
[embed-health-tool-vaccination-tool]