ដៅសរសៃឈាមក្រហម គឺជាដុំសរសៃឈាមក្រហមនៅលើ ឬក្រោមស្បែកទារក។ ទារកអាចមានដៅនេះតាំងពីកំណើត ឬក្នុងខែដំបូងនៃជីវិត។ តើដៅសរសៃឈាមក្រហមច្រើនកើតលើទារកបែបណាខ្លះ?
ដៅសរសៃឈាមក្រហមអាចមាននៅគ្រប់កន្លែងលើរាងកាយទារក ប៉ុន្តែជាទូទៅមាននៅតំបន់ក្បាល និងករបស់ទារក។ ដៅនេះអាចមានទំហំតូច ឬធំ ហើយទារកខ្លះអាចមានដៅនេះលើសពីមួយ។
ទារកម្នាក់ក្នុងចំណោម ២០នាក់អាចមានដៅសរសៃឈាមក្រហម ហើយច្រើនកើតលើទារក៖
១. កើតមិនគ្រប់ខែ
ទារកកើតមិនគ្រប់ខែម្នាក់ក្នុងចំណោម ៤នាក់ដែលមានទម្ងន់ក្រោម ១ ០០០ ក្រាម អាចមានដៅសរសៃឈាមក្រហម។
២. កើតមិនគ្រប់គីឡូ
ទារកដែលកើតមិនគ្រប់គីឡូ ប្រមាណជា៥០០ ក្រាម ក្រោមស្តង់ដារ មានហានិភ័យ ៤០% ក្នុងការមានដៅសរសៃឈាមក្រហម (ទម្ងន់ស្តង់ដា គឺចាប់ពី ២គីឡូកន្លះឡើងទៅ)។
៣. កូនភ្លោះ
ទារកដែលជាកូនភ្លោះ ពីរ ឬបី ឬច្រើនជាងនេះអាចមានហានិភ័យមានដៅសរសៃឈាមក្រហមដែរ។
៤. ទារិកា
ដៅសរសៃឈាមក្រហមកើតឡើងលើទារិកាច្រើនជាងទារកភេទប្រុស ៣ដង ជាពិសេសទារិកាដែលមានស្បែកស។
ទារកដែលកើតពីម៉ាក់ពពោះនៅអាយុច្រើន ធ្លាប់ព្យាបាលឱ្យមានកូន មានជំងឺបម្រុងក្រឡាភ្លើង ឬមានសុកពាំងមាត់ស្បួនពេលពពោះក៏អាចមានហានិភ័យមានដៅសរសៃឈាមក្រហមដែរ។
ចង់ស្វែងយល់អត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ដៅសរសៃឈាមក្រហមមាន ៣ ប្រភេទគឺ៖
- នៅលើស្បែក៖ មានពណ៌ក្រហមស្រស់ មិនមានការឈឺចាប់ និងប៉ះទៅរាងក្តៅឧណ្ហៗ។
- កប់ក្រោមស្បែក៖ មានពណ៌ខៀវ ឬស្វាយ។ បើប្រៀបនឹងដៅសរសៃឈាមក្រហមនៅលើស្បែក ទម្រាំអាចលេចឡើងឱ្យឃើញច្បាស់អាចមានរយៈពេលច្រើនសប្តាហ៍បន្ទាប់ពីទារកកើត និងមានដំណាក់កាលលូតលាស់យឺតព្រោះស្ថិតនៅក្រោមស្បែក។
- លាយបញ្ចូលគ្នា៖ មានពណ៌ក្រហមនៅខាងលើ និងពណ៌ស្វាយនៅខាងក្រោម។
ដៅសរសៃឈាមក្រហមរីកលូតលាស់លឿនក្នុងអំឡុងពេលទារកមានអាយុ ៣ខែ ហើយភាគច្រើននឹងចាប់ផ្តើមរួញបន្តិចម្តងៗនៅពេលទារកមានអាយុ ១ខួបរហូតដល់ ៧ ឆ្នាំ។ ប៉ាម៉ាក់អាចសម្រេចចិត្តធ្វើការព្យាបាលឱ្យអូនតូច ប្រសិនបើដៅដុះនៅទីតាំងដែលរំខានដល់សុខភាព ឬរូបសម្ផស្សអូនតូច។
[embed-health-tool-vaccination-tool]