មួយអាទិត្យក្រោយសម្រាលបេប៊ីស្គាល់សំឡេងរបស់ម៉ាក់ប៉ាបណ្តើរៗហើយ។ អូនតូចនឹងមានអារម្មណ៍កក់ក្តៅពេលបានឮសំឡេងយើង ទោះជាមិនទាន់យល់ពីអ្វីដែលកំពុងនិយាយក៏ដោយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះក្នុងអំឡុង ២ សប្តាហ៍ដំបូងបេប៊ីនឹងងើបក្បាលបន្តិច ដូច្នេះហើយត្រូវតែប្រយ័ត្នកុំឲ្យមានអ្វីមកបិទផ្លូវដង្ហើមរបស់អាអូននៅពេលគេផ្កាប់មុខចុះ។ ចំណែកភ្នែករបស់អូនតូចៗមិនទាន់បើកបានពេញលេញនោះទេ គេអាចមើលឃើញប្រហែល ២០-៤០ សង់ទីម៉ែត្រ ពីខ្លួនតែប៉ុណ្ណោះ។
១- ថែទាំបេប៊ីរបៀបណា?

២សប្តាហ៍ដំបូង បេប៊ីចាប់អារម្មណ៍ជាមួយរបស់គ្រប់យ៉ាងនៅជុំវិញខ្លួន ពិសេសអូនតូចចូលចិត្តមើលមកនរណាម្នាក់ដែលសម្លឹងរកគេ។ ភ្នែកបេប៊ីទាំងគូត្បិតមើលមិនទាន់មើលឃើញ តែកែវភ្នែកគេរំពៃមើលរបស់នៅជុំវិញខ្លួន ជាពិសេសកាយវិការម៉ាក់ៗ ដូចនេះគួរណាតែសម្លឹងមើលមុខអាអូនចុះឡើងនៅពេលបំបៅដោះ ធ្វើបែបនេះអាចជួយដល់ការវិវត្តសាច់ដុំភ្នែកបានល្អ។
ក្រៅពីសម្លឹងមើលមុខបេប៊ី ម៉ាក់ត្រូវតែនិយាយជាមួយអាអូនឲ្យបានច្រើន ដើម្បីឲ្យអូនតូចឆាប់ស្គាល់សំឡេង។

២- ត្រូវដឹងពីអីខ្លះ?
បើបេប៊ីមានសុខភាពល្អហើយមិនបាច់ទៅជួបគ្រូពេទ្យក៏បានដែរ។ តែបើបានទៅជួបពេទ្យ គួរតែពិនិត្យឲ្យសុខភាពអាអូនឲ្យហើយទៅ។
– វាស់កម្ពស់
– លាងសម្អាតផ្លូវដង្ហើម
– បន្តក់ថ្នាំអង់ទីប៊ីយូទិចលើភ្នែកបង្ការរោគប្រមេះ ឬប៉ារ៉ាស៊ីត។
៣- ត្រូវដឹងអីខ្លះ?
បេប៊ីកើតមិនគ្រប់ខែ និងបេប៊ីបៅទឹកដោះម្តាយមួយចំនួនមានបញ្ហាកើតលឿងនៅលើស្បែក ឬក្នុងភ្នែក។ នេះបណ្តាលមកពីថ្លើមមិនទាន់មានតួនាទីពេញលេញទៅបំបែកប៊ីលីរ៉ូប៊ីន (Bilirubin) ក្នុងចរន្តឈាម។ ភាគច្រើនពណ៌លឿងមាននៅលើមុខ ទ្រូង ពោះ ឬជើង ពេលដែលយកម្រាមដៃសង្កត់ទៅលើថ្ងាស ឬច្រមុះអូនតូចថ្នមៗ បើស្បែកមានពណ៌លឿង មានន័យថាអាអូនមានជំងឺនេះហើយ។ ចំពោះបេប៊ីដែលមានស្បែកខ្មៅស្រអែម ម៉ាក់ប៉ាអាចដឹងថា អាអូនមានជំងឺនេះបានដោយសម្គាល់ទៅលើផ្នែកពណ៌សក្នុងភ្នែក ឬក៏មើលលើអញ្ចាញធ្មេញ។
ទោះជាបែបនេះក្តីម៉ាក់ប៉ាមិនបាច់ព្រួយបារម្ភពេកទេ ព្រោះបេប៊ីមួយចំនួនធំដែលមានបញ្ហាកើតលឿងអាចបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ១-២ អាទិត្យ ដោយគ្រាន់តែបំបៅដោះបេប៊ីឲ្យបានញឹកញាប់ ឬឲ្យអាអូនបៅទឹកដោះគោដែលមានសារធាតុបំប៉ន ដើម្បីឲ្យប៊ីលីរ៉ូប៊ីន (Bilirubin) ចុះទៅតាមលាមក។
៤- អីខ្លះត្រូវបារម្ភ?
ក្នុង ២-៣ សប្តាហ៍ដំបូង ម៉ាក់ប៉ាភាគច្រើនព្រួយរឿងទម្ងន់បេប៊ី តើមកពីអ្វី? ម៉ឹមមិនគ្រប់គ្រាន់? ទម្ងន់ប៉ុណ្ណឹងត្រូវតាមស្តង់ដារ ឬអត់? ហេតុអ្វីបានជាអាអូនតូចជាងកូនអ្នកនេះ ឬកូនអ្នកនោះ?
មិនបាច់ប្រៀបធៀប ឬព្រួយច្រើនពេកទេ យើងគ្រាន់តែពិនិត្យមើលការបំបៅដោះកូនប៉ុណ្ណោះ។ តើអាអូនបៅបានគ្រប់គ្រាន់ឬទេ? ពេលអាអូនម៉ឹមម្តងៗ ដើមទ្រូងស្រាលជាងមុនអត់? យើងអាចស្តាប់សំឡេងពេលអាអូនម៉ឹមក៏អាចដឹងដែរ តើអូនតូចរីករាយនឹងម៉ឹមទឹកដោះដ៏ផ្អែមឆ្ងាញ់នេះទេ?
ចំពោះគ្នាយើងដែលបំបៅអាអូនដោយទឹកដោះគោ ត្រូវតែប្រាកដថា បរិមាណកូនបៅកើនឡើងទោះតិច ឬច្រើន ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ បើបេប៊ីទទួលជាតិទឹកមិនគ្រប់គ្រាន់ទេ ស្បែកនឹងមានស្នាមជ្រីវជ្រួញ រាងកាយមិនសូវស្វាហាប់ ហើយលាមកមានពណ៌ខ្មៅនោះ ប្រហែលជាត្រូវជួបគ្រូពេទ្យហើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 99-133.
កំណែប្រែបច្ចុប្បន្ន
24/01/2019
អត្ថបទដោយ ណៃ ទូច
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ