ក្នុងសប្តាហ៍នេះ កូនយើងចាប់ផ្តើមយល់នូវពាក្យធម្មតាមួយចំនួនហើយ ដូចនេះយើងគួរតែព្យាយាមនិយាយជាមួយអាអូនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ យើងគួរបង្ហាត់កូនដោយនិយាយតាមពាក្យគេបាននិយាយ ឬពាក្យមនុស្សពេញវ័យប្រើ។ ឧទាហរណ៍ ពួកគេនិយាយ “បាៗ’ យើងអាចនិយាយជាមួយកូន ដូចជា “កូន! កូនចង់បានដបទឹកដោះគោមែន?’។ ដើម្បីឲ្យការវិវត្តរបស់កូនបានល្អប្រសើរយើងមិនគួរប្រើពាក្យសម្តីរបស់ទារកតបទៅកូនទេ។ ទោះបីពេលខ្លះយើងមានអារម្មណ៍ថាដូចមនុស្សឆ្កួតក៏ដោយ ក៏គួរតែព្យាយាមលើកទឹកចិត្តកូនតូចក្នុងការនិយាយដោយឆ្លើយតបទៅវិញរហូត។
នៅអាទិត្យដំបូងនៃខែទី ១០ នេះ កូនយើងអាច ៖

– ឈរដោយតោងដោយខ្លួន
– ទាញអ្វីមួយដើម្បីក្រោកឈរ
– បដិសេធ ប្រសិនយើងយកប្រដាប់លេងចេញ
– និយាយពាក្យ “ម៉ាម៉ា’ ឬ “ដាដា’
– ចេះលេងបិទពួន
– ផ្លាស់ប្តូរកាយវិការជាមួយយើង។
១- បង្រៀនកូនដោយរបៀបណា?
ការទាក់ទងជាមួយកូនយើងជាប់រហូតជាវិធីមួយដែលល្អបំផុតសម្រាប់ការលូតលាស់ ដូចនេះយើងត្រូវប្រាប់កូននូវឈ្មោះវត្ថុជុំវិញខ្លួនម្តងមួយម្តងមួយ ដើម្បីឲ្យកូនបានស្គាល់។ វិធីល្អបំផុតយើងអាចបង្រៀនកូនតាមរយៈការសម្តែង ដូចនេះកូនអាចដឹងពីពាក្យ ឬឃ្លាសំខាន់ៗបានលឿន។ តែហាមដាច់ខាតណាម៉ាកប៉ា កុំនិយាយជាមួយកូនជាភាសាកូនក្មេងឲ្យសោះ។

២- ពិគ្រោះជាមួយពេទ្ររឿងអីខ្លះ?
ជាទូទៅក្នុងខែនេះ គ្រូពេទ្យមិនណាត់ជួបយើងទេ ប៉ុន្តែហោចណាស់យើងគួរតែទាក់ទងពេទ្យភ្លាមៗ បើមានការបារម្ភរឿងអ្វីមួយ មិនថាបញ្ហាសុខភាពយើង ឬក៏កូននោះទេ។
៣- ត្រូវដឹងពីអីខ្លះ?
ធ្លាប់ឮចាស់ៗនិយាយរឿងខ្មោចសង្កត់អត់? គ្មានខ្មោចឯណាមកសង្កត់ទេគឺសំដៅលើការឈប់ដកដង្ហើមបណ្តោះអាសន្នពេលគេង។ បញ្ហានេះមកពីមានរបស់អ្វីមួយស្ទះផ្លូវដង្ហើមកូន ការរីកប៉ោងនៃសាច់បំពង់ក ធ្លាក់ថ្គាម រហែកក្រអូមមាត់ ឬប្រព័ន្ធប្រសាទវិវត្តមិនទាន់ពេញលេញជាដើម។ ចំពោះបេប៊ីមានបញ្ហាខួរក្បាល ឬជំងឺ Down Syndrome (ក្មេងកើតមកមិនប្រក្រតី) អាចប្រឈមខ្ពស់នឹងបញ្ហានេះ។
អំឡុងគេងកូនអាចស្រម៉ុកឮ ក្អក ពិបាកដកដង្ហើម រសេះរសោះ បែកញើសខ្លាំង ឬងើបច្រើនដងពេលយប់។ បើគ្មានការព្យាបាលទេ បញ្ហានេះអាចនាំឲ្យមានផលវិបាកដល់ជំងឺបេះដូង និងសសៃឈាមបេះដូង។
៤- រឿងអ្វីខ្លះត្រូវបារម្ភ?
នៅសប្តាហ៍នេះ អាអូននឹងមានទម្លាប់មួយចំនួនដូចជាការងក់ក្បាល ឬរមៀលជាដើម ដែលនេះបង្ហាញថាកូនអាចស្គាល់ ឬធ្វើតាមចង្វាក់អ្វីមួយដូចជាញាក់ខ្លួន ឬស្មា។ ភ្លាមៗយើងមិនអាចបង្ខំកូនឲ្យបោះចោលនូវទម្លាប់ទាំងនេះបានទេ ប៉ុន្តែយើងអាចធ្វើតាមវិធីមួយចំនួនដើម្បីសម្រួលដល់យើង និងកូនទៅនឹងទម្លាប់នេះ៖
– ឱ្យកូនអង្គុយលេង និងងក់ក្បាល
– ឲ្យញាក់នៅលើកៅអីអាចរង្គើបាន
– ឲ្យកូនលេងជាមួយវត្ថុដែលអាចបង្កើតសំឡេង
– ឱ្យកូនអ្នកលេងឲ្យបានច្រើននៅពេលថ្ងៃ
– បង្កើតទម្លាប់ការគេងឲ្យទៀងទាត់
– កុំទាន់ដាក់កូនចុះក្រោម បើកំពុងរង្គើក្នុងអង្រឹង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 435 – 458.
កំណែប្រែបច្ចុប្បន្ន
23/01/2019
អត្ថបទដោយ Chorn Sophearom
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ