ដល់ពេលរំភើបម្តងទៀតហើយ សប្តាហ៍នេះកូនអាចដើរបាន ប្រសិនបើយើងកាន់ដៃឲ្យដើរ ហើយអាចតោងម៉ាក់ប៉ាដើម្បីសម្រួលដល់យើងក្នុងការស្លៀកពាក់ឲ្យ។ មិនតែប៉ុណ្ណោះអាអូនក៏អាចញ៉ាំទឹកខ្លួនឯងដោយប្រើកែវ។ ទោះបីជាក្មេងខ្លះមិនទាន់ចេះធ្វើរឿងទាំងនេះបាន ម៉ាក់ប៉ាកុំគិតច្រើន ក្មេងលូតលាស់មិនដូចគ្នាទេ កូនយើងអាចធ្វើបាន គ្រាន់តែយឺតបន្តិចប៉ុណ្ណោះ។

នៅអាទិត្យទី ៣ នៃខែទី ១០ កូនយើងអាច៖
– ឈរបានដោយខ្លួនឯង
– និយាយពាក្យ “ប៉ាប៉ា’ ឬ “ម៉ាក់ម៉ាក់’
– ចង្អុលទៅវត្ថុដែលចង់បាន។
១- បង្រៀនកូនដោយរបៀបណា?
ពេលនេះអូនតូចលេងមិនចេះធុញទេ ចូលចិត្តទម្លាក់អ្វីមួយ ហើយឲ្យយើងរើសឲ្យវិញ។ កូនមិនធុញមែន តែម៉ាក់ប៉ាប្រហែលជាមិនចង់ធ្វើរឿងដដែលៗទេ អត់មានអីពិបាកទេ យើងអាចយករបស់នោះទុកប៉ុន្មាននាទី ហើយព្យាយាម បន្លប់កូននឹងអ្វីផ្សេងវិញ ដូចជាលេងបិទពួនជាដើម។

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
ទោះបីជាពេទ្យមិនណាត់ជួបក៏ដោយ យើងនៅតែអាចទាក់ទង ឬសាកសួរគ្រូពេទ្យបានគ្រប់ពេល ប្រសិនបើមានការព្រួយបារម្ភរឿងអ្វីមួយ។
៣- ចំណុចត្រូវដឹង
នៅវ័យនេះ អាអូនអាចមានជំងឺផ្តាសាយញឹកញាប់ ខាងក្រោមនេះជាអ្វីដែលយើងត្រូវដឹងពីថ្នាំផ្សះ។ យើងត្រូវប្រុងប្រយត្ន័នៅពេលឲ្យកូនញ៉ាំថ្នាំផ្សះ។ ថ្នាំប្រភេទនេះ អាចមានប្រសិទ្ធិភាពប្រឆាំងនឹងជំងឺដែលបង្កដោយបាក់តេរីប៉ុណ្ណោះ ហើយវាមិនអាចជួយប្រឆាំងជំងឺដែលបង្កដោយវីរុស ដូចជាផ្តាសាយ និងជំងឺដែលមានបញ្ហានៅផ្លូវដង្ហើមជាដើម។ ការឲ្យកូនញ៉ាំថ្នាំទាំងនេះជួយអ្វីមិនបាននោះទេ មានតែធ្វើឲ្យពពួកបាក់តេរីទាំងនោះស៊ាំនឹងការព្យាបាលតែប៉ុណ្ណោះ ហើយប្រភេទថ្នាំនេះក៏អាចផ្តល់នូវផលរំខាន ឬបញ្ហាប្រតិកម្មអាលែកហ្ស៊ីមួយចំនួនទៀត?
ពេលណាគួរតែឲ្យកូនលេបថ្នាំ អង់ទីប៊ីយ៉ូទីក?
លុះត្រាតែមានការណែនាំពីគ្រូពេទ្យប៉ុណ្ណោះ យើងត្រូវតែឲ្យកូនលេបឲ្យបានគ្រប់ថ្ងៃដែលតម្រូវឲ្យលេប បើមិនដូច្នេះទេ អាចធ្វើឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
ធ្វើយ៉ាងណាឲ្យកូនលេបថ្នាំ អង់ទីប៊ីយ៉ូទីក បានស្រួល?
បើកូនក្អួតភ្លាមបន្ទាប់ពីលេបថ្នាំប្រភេទនេះ យើងត្រូវតែឲ្យថ្នាំកូនលេបម្តងទៀត ព្រោះជាតិថ្នាំបានចេញមកតាមកម្អួតអស់ហើយ។ ក្នុងករណីកូនក្អួត ១ ម៉ោងក្រោយជាតិថ្នាំបានជ្រាបចូលក្នុងខ្លួនអស់ហើយ កុំឲ្យកូនលេបថ្នាំបន្ថែមទៀតឲ្យសោះ។ យើងគួរតែព្យាយាមរកមូលហេតុ។
មូលហេតុនាំឲ្យក្មេងក្អួត មកពីកូនយើងឈឺទេដឹង?
ថ្នាំខ្លះយើងអាចលាយជាមួយអាហារ ឬដំណាប់ផ្លែឈើដើម្បីឲ្យរសជាតិឆ្ងាញ់ជាងមុន។ ការប្រើប្រាស់សឺរ៉ាំង ឬប្រដាប់បន្តក់ភ្នែកសម្រាប់បញ្ចុកថ្នាំកូន អាចមានប្រសិទ្ធិភាពជាងការបញ្ចុកកូនដោយស្លាបព្រា។
៤- រឿងអីខ្លះត្រូវបារម្ភ?
សង្កៀតធ្មេញ៖ មិនខុសពីការទាញសក់ បៀមមេដៃទេ សង្កៀតធ្មេញជាវិធីដែលកូនធ្វើដើម្បីបន្ធូរអារម្មណ៍។ សង្កៀតធ្មេញអាចប៉ះពាល់ការលូតលាស់ធ្មេញព្រៃ និងស្រុក។ មានមូលហេតុពីរ ដែលអាអូនធ្វើបែបនេះ គឺតានតឹង និងខឹងមួរម៉ៅ។
ការយកចិត្តទុកដាក់ និងផ្តល់ក្តីស្រលាញ់ដល់កូនមុនពេលគេងថ្ងៃអាចកាត់បន្ថយការសង្កៀតធ្មេញ។ សង្កៀតធ្មេញមិនមែនមកពីអារម្មណ៍តឹងតែងមួយមុខទេ ជួនកាលអាអូនចង់លេងជាមួយធ្មេញ ធ្វើឲ្យរីករាយនឹងសំឡេងសង្កៀតធ្មេញ។ បើសង្កេតឃើញកូនសង្កៀតធ្មេញកាន់តែញឹកញាប់អាចនឹងខូចធ្មេញ សូមទៅជួបពេទ្យធ្មេញ។
ការខាំ៖ វាជាធម្មជាតិទៅហើយ ក្មេងតូចៗចូលចិត្តខាំគ្រប់យ៉ាង ដើម្បីធ្វើតេស្តធ្មេញ។ ការខាំអាចក្លាយទៅជាទម្លាប់អាក្រក់ ដោយសារតែធ្មេញកាន់តែច្រើន បង្កឱ្យមានការឈឺចាប់កាន់តែខ្លាំង។ ដំបូងការ អាអូនគ្រាន់តែលេង និងជាបទពិសោធន៍ មិនដឹងថាអ្វីដែលពួកគេកំពុងធ្វើឱ្យនរណាម្នាក់ឈឺចាប់នោះទេ។ ដើម្បីបញ្ជៀសបញ្ហានេះ យើងអាចបង្វែរអារម្មណ៍កូនមកលេងជាមួយតុក្កតា ឬរបស់អ្វីផ្សេង៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 435 – 458.
Your 10-month-old: Week 4. http://www.babycenter.com/6_your-10-month-old-week-4_1496243.bc. Accessed June 2, 2015.
កំណែប្រែបច្ចុប្បន្ន
24/01/2019
អត្ថបទដោយ Chorn Sophearom
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ