backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ៦សប្តាហ៍៖ ១ខែកន្លះហើយ អាអូនចេះអីខ្លះ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Feb 18, 2021

អាយុ ៦សប្តាហ៍៖ ១ខែកន្លះហើយ អាអូនចេះអីខ្លះ?

ការលូតលាស់ និងអាកប្បកិរិយា

ស្នាម​ញញឹម​របស់​កូន​យើងប្រៀប​បាននឹង​ពិភព​លោក​ស្រស់​បំព្រង។ ទោះ​មិន​ទាន់​មាន​ធ្មេញ តែ​ស្នាម​ញញឹម​អាអូន​ធ្វើ​ឲ្យ​ម៉ាក់ប៉ា​មាន​កម្លាំង​ព្រឺស។ អាយុ​ ៦​សប្តាហ៍​អាអូន​ផ្តើម​បញ្ចេញ​អារម្មណ៍​ទៅ​តាម​អ្វី​ដែល​គេ​ឃើញ ឧទាហរណ៍​ យំ ឬ​នៅ​ស្ងៀម​ពេលឮ​សំឡេងកណ្ដឹង​។

១- បង្រៀនកូនពីអីខ្លះ?

គ្រូពេទ្យ​ណែ​នាំ​ឲ្យ​យើង​ដាក់​កូន​​គេង​​លើ​គ្រែ​​ទោះ​បី​​មិន​ទាន់​គេង​លក់​ក្តី។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​បង្រៀន​កូន​យើង​ឲ្យ​គេង​ដោយ​ខ្លួន​ឯង។ អាអូន​នឹង​លូត​លាស់​ល្អ​​ពេល​គេង​បាន​គ្រប់​គ្រាន់។ មុន​គេងយើង​ត្រូវ​ងូត​ទឹក​ឲ្យ​កូន ម៉ាស្សា និង​អាន​រឿង​ឲ្យ​កូន​​ស្តាប់។ ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​កូនយើង​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ទៅ​ថ្ងៃ​មុខ។

សុខភាព និងសុវត្ថិភាព ​

២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?

គ្រូពេទ្យ​សួរពី​បញ្ហា​មួយ​ចំនួន​ដូច​ជា តើ​កូន​យើង​មាន​បញ្ហា​មិន​ឡើង​គីឡូ មាន​ជំងឺ​អ្វី​ផ្សេង​ឬ​អត់? សួរជុំវិញ​ចរិត​លក្ខណៈ ការ​គេង ឬ​របប​អាហារ​កូន​ក្នុង​អំឡុង​ពេល​ពីរ​សប្តាហ៍​មុន​។

៣- ត្រូវដឹងពីអីខ្លះ?

អាហា​រូបត្ថម្ភ៖ ម៉ាក់​សម័យ​ថ្មី​ច្បាស់​ជា​មិន​មាន​ពេល​វេលា​គ្រប់​ដើម្បី​បំបៅ​កូន​ដោយ​ទឹក​ដោះ​​ តែ​មិន​មែន​ជា​បញ្ហា​ត្រូវ​បារម្ភ​នោះ​ទេ យើង​អាច​ប្រើ​ទឹកដោះ​ដែល​មាន​ផ្ទុក​សារធាតុ​បំប៉ន​គ្រប់​គ្រាន់​ជំនួស​ក៏​បាន ព្រោះ​វា​អាច​​ឲ្យ​កូន​យើង​មាន​សុខភាព ឡើង​ទម្ងន់​បាន​ធម្មតា។ ទោះ​យ៉ាង​ណា​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្តិច ព្រោះ​អាអូន​បៅ​ទឹក​ដោះ​ច្រើន​ជ្រុល​អាច​​ថ្លោស​ខ្លាំង ឧស្សាហ៍​ក្អែ ឈឺពោះ យក​ល្អ​គួរ​តែសួរ​គ្រូពេទ្យ​ពី​បរិមាណ​ទឹកដោះ​គោ​កូន​បៅ​តាម​អាយុ។

ការ​ដាក់​កូន​ឲ្យ​គេង៖ ​ដាក់​ឲ្យកូន​គេង​ផ្ងារ​មុខ​ឡើង​លើ​ មាន​ន័យ​ថាយើង​​ធ្វើ​បាន​​ល្អ ព្រោះ​ការ​សិក្សា​បាន​បង្ហាញ​ថា​គេង​ផ្ងារ​មុខ​ឡើង​លើ​អាច​កាត់​បន្ថយ​ជំងឺ​មួយ​ចំនួន​ដូចជា ក្តៅ​ខ្លួន តឹង​ច្រមុះ ជំងឺ​ឆ្លង​ក្នុង​ត្រចៀក និង​ជួយ​មិន​ឲ្យ​កូន​ក្អែ​ពេល​គេង​។​

ដង្ហើម​កូន៖ អាអូន​ទើប​កើត​ដក​ដង្ហើម​​បាន​ប្រហែល ​៤០​ដង/នាទី​ពេល​មិន​ទាន់​គេង ឯពេល​គេ​គេង​ដក​ដង្ហើម​បាន​ត្រឹម​តែ ​២០​ដង/នាទី។ យើង​​ត្រូវ​សង្កេត​មើល​ដង្ហើម​កូន​ពេល​គេង​ តើ​ដក​ដង្ហើម​ទៀង​ទាត់​ទេ។

អនាម័យ​រង្វង់​រន្ធ​ផ្ចិត៖ សម្អាត​​តំបន់​ជុំ​វិញ​​រន្ធ​ផ្ចិត​​បាន​ស្អាត ស្ងួត និង​មាន​អនា​ម័យ នោះ​ការ​ឆ្លង​រោគ​មិន​ងាយ​កើត​ឡើង​ឡើយ។ បើ​យើង​ឃើញ​តំបន់​​ផ្ចិត​ឡើង​ក្រហម ឬ​ក្តៅ ត្រូវ​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ ជាទូទៅ​ទង​ផ្ចិត​នឹង​ស្ងួត​ហើយ​របេះ​ចេញ​ដោយ​ខ្លួន​ឯង​ពេលអាអូន​​មាន​អាយុ​ប្រហែល ១-​២​សប្តាហ៍​។ ពេល​ទង​ផ្ចិត​របូត​យើងនឹង​ឃើញ​មាន​ឈាម ឬ​ជាតិ​រ​ម្អិល​​បន្តិច​បន្តួច​ហូរ​ចេញ​​ តែមិន​បាច់​បារម្ភ​ពី​បញ្ហា​នេះ​ទេ​។ ប៉ុន្តែ​បើ​រន្ធ​ផ្ចិត​នៅ​ចំហ និង​សើម​បន្ទាប់​ពី២​សប្តាហ៍​ក្រោយ​ទងផ្ចិត​របូត​នោះ ​យើង​ត្រូវ​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

ការព្រួយបារម្ភ

៤- អីខ្លះត្រូវបារម្ភ?

ទារកគេង​៖ អង្គុយ​មើល​កូន​​គេង​ជា​អារម្មណ៍​មាន​ក្តី​សុខ​បំផុត​សម្រាប់​ម៉ាក់ៗ​គ្រប់​រូប។ មាន​ពេល​ខ្លះកូន​គេង​ក្នុង​ដៃ​យើង​ពេល​កំពុង​ធ្វើ​ការ ​ដូច​នេះ​យើង​ត្រូវ​ដាក់​កូន​ឲ្យ​គេង​លើ​គ្រែ​ហើយ​ចាំ​ប្រហែល​១០​នាទី ចាំ​ចាក​ចេញ​ពី​កូន។

– ប្រើ​អង្រឹង ឬ​រទះ​ធំ​ងាយ​ស្រួល​លើក​កូនចេញ​ចូល

– មិន​ត្រូវ​ប្រើ​ភ្លើង​ភ្លឺ​ខ្លាំង​ក្នុង​បន្ទប់​កូន​

– លួង​កូនឲ្យ​គេង​ក្នុង​ដៃ​យើង​រួច​ដាក់​ក្នុង​អង្រឹង​

– បើ​អាច​ច្រៀង​បំពេរ​បាន​កាន់ល្អ។

ទារក​យំ៖ ការ​សិក្សា​បាន​បង្ហាញ​ថា​ កូនៗ​ដែល​មាន​ម៉ាក់​បីបម​ក្នុង​ដៃ​​ប្រហែល ៣​ម៉ោង/ថ្ងៃ អូន​តូច​នឹង​​យំ​តិច​ជាង​ទារក​ដទៃ។ អាអូន​តែ​បន្ត​យំ​ទោះ​ជាមាន​អាយុ​ ៦​សប្តាហ៍​ហើយ​ក្តី។ អាអូន​នៅតូចមិន​ទាន់​ក្តី​ទេ ដូច្នេះ​ពេល​យំម្តងៗ​យើង​ពិបាក​រក​មូលហេតុ​ណាស់។ ទោះ​យ៉ាងណា​ម៉ាក់ប៉ា​ត្រូវ​រក​វិធី​លួងកូន​កុំ​ឲ្យ​យំ ដោយសាកតាមតិចនិកខាងក្រោមនេះ៖

– ត្រូវ​រក​មូល​ហេតុកូនយំ​

– ផ្តល់​​ភាព​កក់​ក្តៅ​ឲ្យ​កូន​ដោយ​យក​កន្សែង​មក​រុំ​​

– ថ្នាក់​ថ្នម​កូន​ឲ្យ​បាន​ច្រើន​​

– ដាក់​កូន​គេង​ឲ្យ​ស្រួល​កុំឲ្យ​​​ឆ្អល់​ពោះ​

– ឲ្យ​កូនបៅ​ដោះ ឬ​មាន​ក្បាល​ដោះ​ជ័រ​សម្រាប់​បៅ​

– រក​កន្លែង​​មាន​ខ្យល់​បរិសុទ្ធ​​​សម្រាប់កូនតូច​

– ពេល​បំបៅ​ដោះ​ត្រូវ​គោះ​ខ្នងកូន​ដើម្បី​កុំ​ឲ្យ​កូនលេប​ខ្យល់​ចូល​ច្រើន​

– លេង​សើច​ជា​មួយ​កូន​ឲ្យ​បាន​ច្រើន។

ជួបគ្នាពេលក្រោយ អំពីការវិវត្តរបស់កូននៅសប្តាហ៍ទី៧!

​​​​​​​​​​​​​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Feb 18, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម