ជាទូទៅ នៅពេលដែលអាអូនបានអាយុ ៦ខែឡើង ម៉ាក់ប៉ាអាចចាប់ផ្ដើមណែនាំចំណីអាហារផ្សេងៗទៅឲ្យកូនបាន ក្រៅពីទឹកដោះម្ដាយ ឬទឹកដោះគោ។ ប៉ុន្តែ ក្រៅពីបន្ថែមអាហារក្រៅឲ្យកូន ម៉ាក់ៗត្រូវបន្តបំបៅដោះ ឬបំបៅទឹកដោះគោឲ្យអាអូនដដែល ។ នេះបើតាមការឲ្យដឹងពីមជ្ឈមណ្ឌលទប់ស្កាត់ និងប្រឆាំងជំងឺ CDC អាមេរិក។
ក្នុងពេលដែលទើបនឹងចាប់ផ្ដើមដំបូង ម៉ាក់ប៉ាមិនចាំបាច់ឲ្យកូនញ៉ាំអាហារក្រៅយកឆ្អែតតែម្ដងទេ ពោលគឺត្រូវផ្ដល់នៅពេលដែលកូនបៅរួច ប្រៀបបាននឹងការឲ្យកូនញ៉ាំនំលេងដែរ។ អាហារទាំងនេះ សុទ្ធតែអាចដាក់នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់កូនដូចជា៖
– ស៊ុត (ត្រូវចម្អិនឲ្យឆ្អិនល្អ)
– អាហារមានជាតិ gluten ដូចជា ស្រូវសំឡី ឬបាលេ(Barley)
– ពពួកគ្រាប់ធញ្ញជាតិ (មុននឹងឲ្យកូន ត្រូវកិនឲ្យម៉ដ្ត)
– សណ្ដែកសៀង
– សាច់ត្រី។ល។
ក្រៅពីនេះ យើងអាចផ្ដល់ជាបន្លែដែលមិនសូវផ្អែមដូចជា ស្ពៃ ឬ broccoli ជាដើម ដើម្បីឲ្យអាអូនបានស៊ាំជាមួយរសជាតិច្រើន បូករួមទាំងបន្លែល្វីង មិនមែនតែផ្អែមមួយមុខ ហើយវាក៏ជួយកុំឲ្យកូនរើសចំណីនៅពេលធំឡើងដែរ។ ម៉ាក់ប៉ាត្រូវចំណី នៅពេលដែលចម្អិនអាហារឲ្យអាអូនមិនត្រូវថែមអំបិល ឬស្ករទេ។ អាហារដែលមានជាតិប្រៃពេកមិនល្អសម្រាប់អាអូនទេ ព្រោះវាអាចប៉ះពាល់ដល់តម្រងនោមកូន រីឯអាហារផ្អែមអាចធ្វើឲ្យពុកធ្មេញ។
មួយវិញទៀត យើងអាចបន្ថែមបរិមាណអាហារ និងប្រភេទអាហារទៅតាមក្រុមអាហារដែលល្អដល់ការធំធាត់របស់កូនៗបានដូចជា៖
បន្លែ៖ broccoli ផ្កាខាត់ណាស សណ្ដែក ទំពាំងបារាំង (asparagus) ការ៉ុត ស្ពៃក្ដោប។ល។
ផ្លែឈើ៖ ចេក ស្វាយ ត្រសក់ស្រូវ ស្ត្រ័រប៊ើរី ម្នាស់ ក្រូច ប៊ើរ និងផ្លែឈើជាច្រើនមុខទៀត។ល។
អាហារដែលមានជាតិម្សៅ៖ ដំឡូងបារាំង ឬជ្វា នំបុ័ង Oatmeal។ល។
អាហារមានជាតិប្រូតេអ៊ីន៖ សាច់គោ មាន់ ចៀម ស៊ុត ត្រី តៅហ៊ូ សណ្ដែក។ល។
ពេលឲ្យកូនញ៉ាំចំណីផ្សេងទាំងអស់នេះ ម៉ាក់ប៉ាក៏ត្រូវសង្កេតមើលសញ្ញានៃការពុលចំណីអាហារ ក្រែងកូនមានប្រតិកម្មនឹងអាហារមួយចំនួន។ ហើយរាល់ចំណីអាហាររឹង គួរតែកិនឲ្យម៉ត់ល្អសឹមឲ្យកូនញ៉ាំ និងអាហារដែលមានគ្រាប់គួរផ្ដល់ឲ្យកូនឲ្យបានល្អចៀសវាងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។
[embed-health-tool-vaccination-tool]