ក្មេងៗភាគច្រើនជួបបញ្ហាទល់លាមក ពិសេសនៅពេលផ្លាស់ប្តូររបបអាហារ។ ក្នុងនោះក្មេងមួយចំនួនពេលញ៉ាំបបរខាប់គ្រប់គ្រឿង ក៏ទៅជាក្តៀន ដោយធ្លាប់តែជុះរៀងរាល់ថ្ងៃ បែរជា ៣-៤-៥ ថ្ងៃទើបជុះម្តង។ ពេលកូនញ៉ាំបបរខាប់គ្រប់គ្រឿងបែរជាទល់លាមក តើត្រូវដោះស្រាយបែបណា?
បញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារណែនាំឲ្យសាកល្បងផ្លាស់ប្តូររូបមន្តនៃការធ្វើបបរខាប់គ្រឿង ដោយប្តូរពីបបរអង្ករធម្មតា ទៅអង្ករសម្រូបវិញ កាត់បន្ថយដំឡូងបារាំង ការ៉ុត ហើយប្រើបន្លែបៃតងជំនួសវិញ និងកាត់បន្ថយសាច់គោ សាច់ជ្រូក ដាក់សាច់ត្រីជំនួស។
បន្ថែមពីលើនេះ លោកស្រីវេជ្ជបណ្ឌិតសញ្ញាបត្រពីប្រទេសបារាំងរូបនេះណែនាំឲ្យយើងផ្តល់ទឹកកូនផឹកច្រើន និងឲ្យកូនញ៉ាំផ្លែឈើជួយសម្រួលដល់ការបន្ទោបង់ ដូចចេកទុំ ល្ហុងទុំ ស្រកានាគ ឬក្រូចពោធិសាត់។
ក្នុងនោះលោកស្រីវេជ្ជបណ្ឌិតហាមថា ពេលកូនទល់លាមក ម៉ាក់ប៉ាមិនត្រូវបន្ថយបរិមាណម្សៅទឹកដោះឲ្យកូនម៉ឹមដាច់ខាត ព្រោះធ្វើឲ្យខ្វះសារធាតុចិញ្ចឹម និងវីតាមីន ទៅវិញទេ។
[embed-health-tool-vaccination-tool]