ប៉ាម៉ាក់ច្បាស់ជាមានភាពនឿយហត់ និងការពិបាកក្នុងការដោះស្រាយមិនខាន នៅពេលដែលអាអូនតែងតែស្រែកខ្លាំងៗដោយការមួម៉ៅ។ ពិតណាស់ ប៉ាម៉ាក់ចាំបាច់លួងលោមកូនឲ្យស្ងប់ចិត្តភ្លាមៗ ដោយមិនត្រូវប្រើអំពើហិង្សា ឬពាក្យសំដីមិនល្អដាក់ពួកគេឡើយ។ ជាក់ស្ដែង អាអូនតូចៗ មិនមែនចេះតែស្រែកខ្លាំងៗ ដោយគ្មានមូលហេតុឡើយ។ ដូចនេះ យើងគប្បីស្វែងរកមូលហេតុជាមុនសិន ទើបព្យាយាមរកដំណោះស្រាយតាមក្រោយ។
មូលហេតុដែលកូនតូចស្រែកខ្លាំងៗ
១. ទាមទារការយកចិត្តទុកដាក់
នៅពេលខ្លះ អាអូនចង់បានការយកចិត្តទុកដាក់ទាំងស្រុងពីប៉ាម៉ាក់ ទើបធ្វើឲ្យពួកគេស្រែកខ្លាំងៗ គ្រវែងរបស់របរ និងយំជាដើម។ ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីទទួលបានការយកចិត្តទុកដាក់ពីយើង។
២. លេង
ជាមួយគ្នានេះដែរ អាអូនតូចអាចចង់លេងសើចដោយប្រើសំឡេងរបស់ខ្លួន។ ពួកគេអាចបញ្ចេញសំឡេង ដោយការស្រែក ប្រឆាំងតវ៉ា ដើម្បីឲ្យយើងយល់ និងលួងលោមដោយសំឡេងស្រទន់។
៣. ចង់ទាក់ទង
ក្មេងដែលទើបដើរតេះតះ មានការពិបាកក្នុងការនិយាយអ្វីដែលខ្លួនចង់និយាយ។ ដូច្នេះហើយ ទើបពួកគេស្រែកខ្លាំង និងធ្វើកាយវិការ ដើម្បីឲ្យប៉ាម៉ាក់យល់អំពីអ្វីដែលខ្លួនចង់បាន។
៤. មានថាមពលពេញលេញ
នៅពេលដែលកូនតូចមានថាមពលពេញលេញ ពួកគេអាចនឹងបញ្ចេញវាតាមរយៈការស្រែកលឺៗ និងមួម៉ៅខ្លាំង។
៥. ខឹងនឹងរឿងអ្វីមួយ
បន្ថែមពីនេះ កូនតូចអាចនឹងមិនសប្បាយចិត្តជាមួយនឹងរឿងអ្វីមួយដែលកំពុងកើតឡើង ដូចជានៅពេលដែលយើងមិនឲ្យទូរសព្ទទៅកូន ឬនៅពេលដែលយើងមិនឲ្យកូនតូចលេងនៅខាងក្រៅជាដើម។
វិធីសាស្ត្រដោះស្រាយ នៅពេលកូនតូចស្រែកខ្លាំងៗ
ការស្រែកខ្លាំងៗ គឺជាអាកប្បកិរិយាជាក់លាក់ ដែលក្មេងតូចៗតែងតែបង្ហាញឲ្យប៉ាម៉ាក់ឃើញ ជាពិសេសគឺនៅពេលដែលក្មេងមានអាយុចន្លោះពី១ឆ្នាំ ដល់៣ឆ្នាំ។ ភាគច្រើន អាកប្បកិរិយានេះកើតឡើងនៅដំណាក់កាលដែលក្មេងមិនអាចនិយាយបានច្រើន ទើបធ្វើឲ្យពួកគេស្រែកខ្លាំងៗ។ ប៉ាម៉ាក់អាចដោះស្រាយបញ្ហាមួយនេះ តាមវិធីសាស្ត្រខាងក្រោមនេះ។
១. អង្អែលខ្នងកូនតូចថ្នមៗ
ប្រសិនបើអាអូនស្រែកខ្លាំងៗ ដើម្បីបញ្ចេញថាមពលរបស់ខ្លួន ចូរលើកអាអូនឡើង និងអង្អែលខ្នងរបស់ពួកគេថ្នមៗ។ ទង្វើនេះអាចបង្ហាញពីសេចក្ដីស្រលាញ់ និងជួយបង្វែរចិត្តគំនិតរបស់កូនតូច ក៏ដូចជាជួយឲ្យក្មេងវិលមករកឥរិយាបថដើមរបស់ខ្លួនវិញ។
២. ផ្ដល់សេចក្ដីស្រលាញ់
នៅក្នុងករណីដែលក្មេងស្រែក ដើម្បីទាមទារចំណាប់អារម្មណ៍ ចូរទុកការងារដែលយើងកំពុងធ្វើមួយឡែកសិន និងមករកកូនភ្លាមៗ។ ប៉ាម៉ាក់គប្បីស្វែងយល់ពីអារម្មណ៍កូន និងសាកសួរពីមូលហេតុដែលធ្វើឲ្យពួកគេស្រែក ប៉ុន្តែព្យាយាមលួងលោមក្មេង ជាជាងការស្រែកដាក់ពួកគេវិញ។ យ៉ាងណាមិញ ប៉ាម៉ាក់គប្បីណែនាំកូនឲ្យយល់ថា យើងមិនអាចផ្ដល់ចំណាប់អារម្មណ៍ដល់កូនគ្រប់ពេលវេលាឡើយ។
៣. បង្វែរចំណាប់អារម្មណ៍កូន
នៅពេលដែលកូនតូចស្រាប់តែខឹងភ្លាមៗ និងស្រែកឮខ្លាំងៗ ដើម្បីបញ្ចេញកំហឹង ចូរកុំស្លន់ស្លោ ឬខឹងនឹងពួកគេ។ ប៉ាម៉ាក់គប្បីបង្វែរចំណាប់អារម្មណ៍កូនទៅរកសកម្មភាពដទៃទៀតជំនួសវិញ ដែលអាចធ្វើឲ្យពួកគេភ្លេចរឿងដែលពួកគេស្រែកយំមុនដំបូងបាន។
៤. ទុកពេលវេលាឲ្យកូនខ្លះ
នៅពេលខ្លះ ក្មេងត្រូវការបញ្ចេញអារម្មណ៍របស់ពួកគេចេញមកក្រៅ។ ដូច្នេះហើយ ប៉ាម៉ាក់មិនគួរស្រែកតបត ឬប្រើហិង្សាចំពោះកូនវិញឡើយ។ ចូរទុកពេលវេលាខ្លះឲ្យកូន ក្នុងការបញ្ចេញអារម្មណ៍មកក្រៅ និងឲ្យពួកគេត្រលប់មករកសភាពដើមវិញដោយខ្លួនឯង។
ទោះបីជាកូនស្រែកខ្លាំងៗយ៉ាងណាក្ដី ប៉ាម៉ាក់ត្រូវតែធ្វើចិត្តឲ្យត្រជាក់ និងវិភាគរកមើលមូលហេតុឲ្យបានច្បាស់លាស់។ លើសពីនេះ យើងចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះកូន បង្ហាញសេចក្ដីស្រលាញ់ និងលួងលោមកូនតាមវិធីសាស្ត្រផ្សេងៗ។
[embed-health-tool-vaccination-tool]