គ្រុនឈាមជាតួឯកនៅរដូវភ្លៀងធ្លាក់ ដែលយាយី និងរាតត្បាតលើកុមារធ្ងន់ធ្ងរកាលពីឆ្នាំ ២០១៩ កន្លងទៅ។ មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការខាំបឺតជញ្ជក់ឈាមដែលមានមេរោគគ្រុនឈាម។ ជំងឺគ្រុនឈាមចែកចេញជា ៣ដំណាក់កាលសំខាន់ៗ ហើយម៉ាក់ប៉ាត្រូវដឹងពីរោគសញ្ញានៅដំណាក់កាលទី១ ឬដំបូងឲ្យបានច្បាស់ ទើបកូនមិនធ្ងន់ធ្ងរ គ្រូពេទ្យអាចជួយសង្គ្រោះបាន។
ដំណាក់កាលទី១
ជាដំណាក់កាលក្តៅខ្លួន មានរយៈពេល៣ថ្ងៃដំបូង ដែលក្មេងក្តៅខ្លួនខ្លាំង ដាក់ថ្នាំយ៉ាងណាក៏មិនត្រជាក់ខ្លួន។ ឧ. កុមារឡើងកម្តៅដល់ ៤០ អង្សារសេ ដាក់ថ្នាំបញ្ចុះកម្តៅទៅយ៉ាងច្រើនចុះ ១អង្សារសេប៉ុណ្ណោះ។ សញ្ញាទី២ ក្មេងអាចឈឺពេញពោះ ពិសេសផ្នែកខាងស្តាំ នៃឆ្អឹងជំនីរ ក្មេងមិនសូវញ៉ាំ មិនសូវលេង ត្របកភ្នែកខាងក្នុងក្រហមខ្លាំងជាងធម្មតា ឈឺឆ្អឹង គេងមិនស្ងប់ ឬក៏គេងច្រើនជាងមុន និងមានស្នាមអុចក្រហមតូចៗនៅលើស្បែក ដែលស្នាមនេះខុសពីស្នាមមូសខាំ ដោយយកដៃញែកមិនបាត់ក្រហមនោះទេ។
ដោយហេតុថា អាការៈខាងលើអាចច្រឡំនឹងជំងឺផ្សេងៗ ម៉ាក់ប៉ាត្រូវកត់ចំណាំពីចំណុចពិសេសនៃរោគសញ្ញាជំងឺគ្រុនឈាមដំណាក់កាលដំបូងនោះគឺក្មេងក្តៅខ្លួន៣ថ្ងៃ ចាប់ផ្តើមត្រជាក់វិញ តែអាការៈផ្សេងៗនៅតែមិនធូរ បានន័យថាក្មេងនៅគេងសន្លឹម មិនសូវលេង មិនសូវញ៉ាំដដែល ម៉ាក់ប៉ាត្រូវប្រញាប់នាំជួបគ្រូពេទ្យ។
ដំណាក់កាលទី២
ជាដំណាក់កាលក្មេងចាប់ត្រជាក់ខ្លួន ប៉ុន្តែសុខភាពក្មេងមិនទាន់ស្រួលនោះទេ ហើយរោគសញ្ញាដែលកើតចេញនៅដំណាក់កាលទី១ នៅមានដដែល តែរាងធ្ងន់ជាងមុន។ ឧ. ក្មេងឈឺពោះជាងមុន ក្មេងធ្លាប់តែដេកសន្លឹម ទៅជាឡេះឡះ អាចមានហូរឈាមច្រើនជាងមុន មានវិបត្តិជីពចរ សម្ពាធឈាមធ្លាក់ចុះ ស្ហុក ត្រជាក់ចុងដៃជើង។ ដំណាក់កាលទី២នេះ ជាដំណាក់កាលធ្ងន់ធ្ងរ ក្មេងអាចហូរឈាមខ្លាំង ឈាមអាចខាប់ក្នុងសរសៃឈាម តែឈាមហ្នឹងចេញក្នុងខ្លួន ធ្វើឲ្យហើមសួត ក្មេងហត់ ប៉ះពាល់ទៅលើតម្រងនោម ថ្លើម ខួរក្បាល និងអាចធ្វើឲ្យក្មេងស្លាប់។
ដំណាក់កាលទី៣
ជាដំណាក់កាលជាសះស្បើយ អាចអំឡុងថ្ងៃទី៦-៧ នៃការកើតជំងឺគ្រុនឈាម។ ដំណាក់កាលទី៣នេះ ក្មេងមានសុខភាពល្អ ចាប់ផ្តើមលេងញ៉ាំដូចធម្មតាវិញ ឯសម្ពាធឈាម និងជីពចរល្អឡើងវិញ ក្តៅស្មើធម្មតា តែជួនកាលក្មេងអាចចេញកន្ទួលអុចៗច្រើនជាងមុន និងមានរមាស់ តែមិនមានធ្វើទុក្ខអ្វីនោះទេ ម៉ាក់ប៉ាមិនបាច់បារម្ភនោះទេ វាជាដំណាក់កាលជាសះស្បើយប៉ុណ្ណោះ។
ក្មេងកើតជំងឺគ្រុនឈាមម្តងហើយ អាចកើតម្តងទៀតទេ?
ក្មេងអាចកើតជំងឺគ្រុនឈាមលើសពី ១ ដង អាច ២ ដង ៣ ដង ឬ ៤ ដងក៏មាន ខណៈមេរោគគ្រុនឈាមមានដល់ទៅ ៤ ប្រភេទឯណោះ គឺប្រភេទ DENV-1, DENV-2, DENV-3 និង DENV-4 ដែលក្នុងចំណោម ៤ ប្រភេទនេះ ក្មេងអាចកើតគ្រុនឈាមប្រភេទណា ១ នៅពេលនេះ ឯពេលក្រោយ (យ៉ាងតិច៦ខែ) អាចកើតគ្រុនឈាមផ្សេងទៀត។ តែជាទូទៅពេលក្មេងកើតគ្រុនឈាមម្តងហើយ អាចមានភាពស៊ាំនឹងការឆ្លងមេរោគគ្រុនឈាមលើកទី ២ បាន។
[embed-health-tool-vaccination-tool]