ពេលទារកលូតលាស់ធំៗទៅ អ្វីទាំងអស់នឹងផ្លាស់ប្ដូរ សូម្បីតែរបបអាហាររបស់អាអូនក៏ប្ដូរដែរ។ នៅពេលដែលអាអូនធំទៅ ម៉ាក់ប៉ាត្រូវបន្ថែមអាហារូបត្ថម្ភដទៃច្រើនទៀត ហើយក្នុងនោះយ៉ាអ៊ួ គឺជាប្រភេទអាហារបន្ថែមល្អមួយដែលអាអូនត្រូវការ ប៉ុន្តែយើងអាចឲ្យអាអូនញ៉ាំយ៉ាអ៊ួចាប់ពីអាយុប៉ុន្មានទៅ?
“បើតាម Australian Guide To Healthy Eating ម៉ាក់ប៉ាអាចផ្ដល់យ៉ាអួ ឬ yogurt បានចាប់តាំងពីអាអូនមានអាយុ៦ខែឡើងទៅ។” នេះបើតាមការឲ្យដឹងរបស់លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីបារាំង។
បើម៉ាក់ប៉ាចង់បន្ថែមយ៉ាអ៊ួ ទៅក្នុងអាហារក្រៅពេលរបស់អាអូន យើងអាចចាប់ផ្ដើមផ្ដល់ឲ្យកូនញ៉ាំក្នុងបរិមាណ ២០ មិល្លីលីត្រ ឬ ២ស្លាបព្រាកាហ្វេ រួចសឹមដំឡើងបរិមាណបន្តិចម្ដងៗ ទៅតាមតម្រូវការរបស់អាអូន។ មុននឹងឲ្យអាអូនញ៉ាំយ៉ាអ៊ួ ម៉ាក់ប៉ាក៏ត្រូវជ្រើសរើសប្រភេទយ៉ាអ៊ួសមស្របឲ្យកូន មិនមែនឲ្យតែយ៉ាអ៊ួគួរតែឲ្យកូនតូចញ៉ាំបាននោះទេ។
លោកស្រីបន្តថា ចំពោះប្រភេទយ៉ាអ៊ួ ម៉ាក់ប៉ាគួរជ្រើសរើសយ៉ាអ៊ួដែលមិនមានជាតិស្ករ និងបានសម្លាប់មេរោគ (មានសរសេរជាភាសាអង់គ្លេសថា Plain, Unsweetened, Pasteurized Yogurt) និងប្រភេទយ៉ាអ៊ួមួយទៀត ដែលយើងអាចជ្រើសរើសសម្រាប់កូនៗដែលមានរសជាតិផ្លែឈើជាលក្ខណៈ Organic ដែលជាតិផ្អែមទទួលបានពីផ្លែឈើ។ លើសពីនេះ យ៉ាអ៊ួក៏ផ្ដល់ប្រយោជន៍ល្អៗច្រើនទៅដល់សុខភាពរបស់អាអូនដែរដូចជា៖
– ជួយពង្រឹងឆ្អឹង (ក្នុងយ៉ាអ៊ួមានផ្ទុកជាតិកាល់ស្យូម)
– ជួយដល់ការរំលាយអាហារ
– ជួយសម្រួលដល់ជុះរបស់ក្មេង
– ពង្រឹងប្រព័ន្ធភាពស៊ាំ។ល។
សម្រាប់យ៉ាអ៊ួដែលគ្មានជាតិស្ករ ម៉ាក់ប៉ាអាចបន្ថែមរសជាតិសម្រាប់អាអូនញ៉ាំឲ្យកាន់តែឆ្ងាញ់បានដោយបន្ថែមផ្លែឈើធម្មជាតិចូលទៅក្នុងនោះដូច ផ្លែក្រូច ចេក ពពួកប៊ឺរី និងប៉ោម ជាដើម ដែលស័ក្តិសមនឹងកូន ហើយអាអូនអាចញ៉ាំបាន។
[embed-health-tool-vaccination-tool]