ជារៀងរាល់ឆ្នាំ មានកុមាររាប់សែននាក់ដែលជួបប្រទះការប៉ះទង្គិចខួរក្បាលពីការដួល លេងកីឡា ឬបុកជាមួយនឹងវត្ថុអ្វីមួយ។ ការប៉ះទង្គិចខួរក្បាលកើតឡើង មិនត្រឹមតែនៅពេលវត្ថុពីរប៉ះទង្គិចគ្នាប៉ុណ្ណោះទេ ប៉ុន្តែវានៅមានចលនាដូចជាកន្ត្រាក់ចុះឡើងថែមទៀតផង។ ដូច្នេះហើយ ទើបមួកសុវត្ថិភាពមិនអាចការពារការប៉ះទង្គិចខួរក្បាលនេះបាន។ ពិតណាស់ មួកសុវត្ថិភាពអាចការពារការបែកឆ្អឹងលលាដ៍ក្បាល និងការរងរបួសដទៃទៀត ប៉ុន្តែវាមិនអាចទប់ក្បាលឲ្យនៅនឹងបានឡើយ។
រោគសញ្ញានៃការប៉ះទង្គិចខួរក្បាល
ការដឹងពីវត្តមាននៃការប៉ះទង្គិចខួរក្បាលគឺជារឿងសំខាន់មួយ។ ទោះបីជាមិនមានការព្យាបាលជាក់លាក់ណាមួយ ប៉ុន្តែការឲ្យកូនសម្រាកទាំងរាងកាយ និងផ្លូវចិត្តអាចជួយឲ្យរោគសញ្ញាបាត់ទៅវិញយ៉ាងឆាប់រហ័ស។ ម្យ៉ាងវិញទៀត ប៉ាម៉ាក់ចាំបាច់ការពារកូនពីការប៉ះទង្គិចខួរក្បាលបន្ថែមទៀត ជាពិសេសគឺនៅអំឡុងពីរបីសប្ដាហ៍ ឬខែដំបូង បន្ទាប់ពីមានការប៉ះទង្គិចរួច ពីព្រោះថាខួរក្បាលគឺកំពុងតែជាសះស្បើយ។ ផ្ទុយទៅវិញ ប្រសិនបើមានការប៉ះទង្គិចខួរក្បាលបន្ថែមទៀត វាអាចបណ្ដាលខូចខួរក្បាលជារៀងរហូត។
នៅពេលខ្លះ វាអាចមានសញ្ញាភ្លាមៗបន្ទាប់ពីរងរបួស ដែលបញ្ជាក់ថាក្មេងមានការប៉ះទង្គិចខួរក្បាល។ សញ្ញាដែលកើតឡើងភ្លាមៗទាំងនេះមានដូចជា៖
- សន្លប់ ឬងងុយគេងខ្លាំង ព្រមទាំងពិបាកភ្ញាក់ពីគេង
- ឈឺក្បាលធ្ងន់ធ្ងរ
- វិលមុខ និងពិបាកឈរ ឬដើរ
- ភ័ន្តច្រឡំ ឬមិនចងចាំរឿងរ៉ាវដែលបានកើតឡើង
- ក្អួតចង្អោរខ្លាំង
ប្រសិនបើមានសញ្ញាទាំងនេះកើតឡើង ប៉ាម៉ាក់ត្រូវនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
សញ្ញាមួយចំនួនទៀតនៃការប៉ះទង្គិចខួរក្បាល
ជាមួយគ្នានេះដែរ សញ្ញាមួយចំនួនអាចមានភាពស្រពិចស្រពិល និងអាចបន្តរហូតដល់ជាច្រើនសប្ដាហ៍ ឬជាច្រើនខែបន្ទាប់ពីមានការប៉ះទង្គិចខួរក្បាលរួច ដែលមានដូចជា៖
- ឈឺក្បាលជាប់ជាប្រចាំ
- ក្អួតចង្អោរតិចតួចជាប្រចាំ
- ពិបាកក្នុងការផ្ចង់អារម្មណ៍
- ពិបាកក្នុងការចងចាំ និងរៀនអ្វីថ្មីៗ
- អស់កម្លាំង ថាមពលចុះខ្សោយ
- មានអារម្មណ៍មិនល្អ ឬឆាប់ខឹង
- មានបញ្ហានៅក្នុងការគេង
- វិលមុខ
- ព្រិលភ្នែក ឬមានបញ្ហាភ្នែកផ្សេងទៀត
ពិតណាស់ មានបញ្ហាសុខភាពជាច្រើនទៀត ដែលអាចឲ្យកុមារកើតមានអាការៈទាំងនេះ ប៉ុន្តែទោះយ៉ាងនេះក្ដី ប៉ាម៉ាក់គប្បីនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យ ដើម្បីស្វែងរកអំពីមូលហេតុឲ្យបានច្បាស់លាស់។ យ៉ាងណាមិញ ប្រសិនបើកូនមានរោគសញ្ញាទាំងនេះ បន្ទាប់ពីមានការប៉ះទង្គិចក្បាលរួច និងទោះបីជាមើលទៅមិនធ្ងន់ធ្ងរក្ដី វាអាចបង្ហាញពីសញ្ញានៃការប៉ះទង្គិចខួរក្បាលដែលប៉ាម៉ាក់មិនគួរបណ្ដែតបណ្ដោយឡើយ។
[embed-health-tool-vaccination-tool]