backup og meta

ម៉េចបានកូនក្មេង ឧស្សាហ៍កើតជំងឺត្រអក ហើយ​ព្យាបាល​ម៉េចទើបជា?


អត្ថបទ​ដោយ Chamnan Amrith · កែ Nov 09, 2021

    ម៉េចបានកូនក្មេង ឧស្សាហ៍កើតជំងឺត្រអក ហើយ​ព្យាបាល​ម៉េចទើបជា?

    ក្មេង​តូច​ៗងាយ​មាន​បញ្ហា​សុខភាព​ណាស់ ពិសេស​អូនៗ​ក្រោម​អាយុ​ ២​ឆ្នាំ ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ។ ជំងឺ​ត្រអក ឧស្សាហ៍​ប្រទះ​ឃើញ​លើទារកណាស់ ដោយ ៥ នាក់ មាន​ម្នាក់ទៅ​ហើយ ហើយ​ព្យាបាល​មិន​ជា​ដាច់ទេ លុះ​ត្រា​ធំ​ឡើង​នឹង​បាត់​ទៅវិញ​ដោយ​ឯក​ឯង។ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​ប៉ាម៉ាក់ឲ្យយល់ដឹងពី​ជំងឺ​ត្រអក​លើ​ក្មេងៗ។

    ១- ត្រអកកើតឡើងដោយសារអ្វី?

    ត្រអក ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង ឧស្សាហ៍​កើត​លើ​ទារក ប៉ុន្តែ​ក៏​អាច​កើត​មាន​លើ​មនុស្ស​ពេញ​វ័យ​ដូច​គ្នា ខណៈ​មូល​ហេតុ​ពិត​ប្រាកដ​​នាំ​ឲ្យ​កើត​ជំងឺ​នេះ អ្នក​ស្រាវ​ជ្រាវ​នៅ​មិន​ទាន់​បាន​រក​ឃើញ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដាក់​ការ​សង្ស័យ​ទៅ​លើ​ហ្សែន​ជា​ចម្បង។ ប៉ុន្តែ​ករណី​ភាគ​ច្រើន ជំងឺត្រអក ត្រូវ​គេ​រក​ឃើញ​ថា មាន​ទំនាក់​ទំនង​ជា​មួយ​ជំងឺ​​ប្រតិកម្មមួយ​ចំនួន ​ដូច​ជា ជំងឺហឺត និង​ផ្តាសាយ​ដោយ​សារ​ប្រតិកម្ម (រលាក​ច្រមុះ) ដែល​កំពុង​​កើន​ឡើង​គួរ​ឲ្យ​​កត់​សម្គាល់ ​ប៉ុន្មាន​ទសវត្ស​រ៍ចុង​ក្រោយ​នេះ។

    ជំងឺ​ត្រអក ​បង្ក​ឲ្យ​ស្បែក​ស្ងួត និង​រមាស់ បញ្ហា​នេះ​ឧស្សាហ៍​កើតមាន​បំផុត​លើ​ក្មេងតូចៗ ដោយ​សារ​ប្រព័ន្ធ​ការ​ពារ​ខ្លួន មាន​​ប្រតិកម្ម​ខ្លាំង​ពេក​ជា​មួយសារធាតុ​ណាមួយ​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​អាលែកហ្ស៊ី។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ការ​រលាក​ស្បែក​លើ​ក្មេងៗ ក៏​អាច​បណ្តាល​មក​ពី​ប្រតិកម្មជា​មួយ​សារធាតុ​គីមី​មួយ​ចំនួន រក​ឃើញ​ក្នុង​សាប៊ូដុះខ្លួន សាប៊ូបោកគក់ ទឹកសម្អាត​ផ្សេងៗ ក៏​ដូច​ជា​សារធាតុ​គីមី​លើ​កំណាត់​ជា​ដើម។

    ដើម្បី​គ្រប់​គ្រង​អាការៈ​ជំងឺ​ត្រអក​លើ​ទារក ឬ​ក្មេង​តូចៗ យើង​គួរ​ប្រើ​សាប៊ូ​ដុះ​ខ្លួន​ប្រភេទ​ទឹក​គ្មាន​ជាតិគ្រឿង​សម្អាង (Non-Cosmetic) ដូច​ជា​ពពួក Emollients ដើម្បី​កុំ​ឲ្យ​អាការៈ​ស្បែក​ក្មេង​កាន់​តែ​ធ្ងន់ធ្ងរ និង​ប្រើ​សាប៊ូ​បោក​គក់​គ្មាន​សារធាតុគីមី ជំនួស​សាប៊ូធម្មតា រួច​ត្រូវ​តាម​ដាន​ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​បញ្ហា​ជំងឺ​ត្រអកលើ​កូន​យើង ធូរ​ស្រាល​ដែរ​ឬ​ទេ។

    ជំងឺ​ត្រអក ពេល​ខ្លះ​អាច​បង្កឲ្យ​មាន​ការ​ចម្លង​រោគ​ នាំ​ឲ្យ​​ដាច់​រលាត់​ស្បែក​ពេល​អេះខ្លាំងៗ ​អាច​ឲ្យ​ក្មេង​នៅ​មិន​សុខ គេង​មិន​លក់ និងបាត់​បង់​ភាគ​ជឿ​ជាក់​លើ​ខ្លួន​គេ​ជាដើម។

    ២- វិធី​ព្យាបាលជំងឺត្រអក​លើ​ក្មេងៗ

    ការ​ព្យាបាល​​អាស្រ័យ​លើ​ស្ថាន​ភាពជាក់​ស្តែ​ង​របស់​ជំងឺ បើ​ក្មេង​កើត​ជំងឺ​ត្រអក​កម្រិត​ស្រាល មាន​ស្នាម​ក្រហម និង​រមាស់ ២-៣ កន្លែងនោះ យើង​អាច​ប្រើ​ឡេ​លាប​ស្បែក​ប្រភេទ Emollient Lotions ក្រែម ក្រមួន ឬ​ក្រែម​មាន​សារធាតុ​ស្តេរ៉ូអ៊ីត​តិច​តួចក៏​បាន។ អ្វីសំខាន់​បំផុត ​ត្រូវ​ធ្វើ​ឲ្យ​ស្បែក​ក្មេងមាន​សំណើម​ជាប់​ជានិច្ច អាច​ប្រើ Emollient Lotions ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ បើទោះ​ជា​គ្មាន​បញ្ហា​ស្បែក​ដែល​បង្ក​ដោយ​ជំងឺ​ត្រអក​ក៏ដោយ ដើម្បី​ការ​ពារ​កុំ​ឲ្យ​ស្បែកក្មេង​ស្ងួត។

    មាន​ផលិត​ផល​ផ្តល់​សំណើម​ស្បែក​ច្រើនជម្រើស យើង​អាច​ជ្រើស​យក​ផលិត​ផល​មួយ​ណាក៏​បាន ដែល​សក្តិ​សម​សម្រាប់​ស្បែក​កូន​យើង។ គួរ​សាក​សួរ​ព័ត៌មាន​បន្ថែម​ពី​គ្រូពេទ្យ ដើម្បី​ដឹង​ថា ក្រែម​ផ្តល់​សំណើម​ប្រភេទ​ណា​ល្អ​ចំពោះ​ស្បែក​ក្មេង ប៉ុន្តែ​មិន​គួរ​ប្រើ​ក្រែម​មាន​លាយ​ជាតិ​ទឹក​នោះ​ទេ ព្រោះអាច​បង្ក​ការ​រំខាន​ដល់​ក្មេង​។

    ៣- ព្យាបាល​ជំងឺ​ត្រអក​ដោយ​ថ្នាំ​ស្តេរ៉ូអ៊ីតប៉ះពាល់​ក្មេង​អត់?

    ជា​ញឹក​ញាប់​ គ្រូពេទ្យ​តែង​ណែ​នាំ​ឲ្យប្រើ​ក្រែម ឬ​ថ្នាំ​លាប​ដេល​មាន​ជាតិស្តេរ៉ូអ៊ីត។ វា​មាន​សុវត្ថិ​ភាព​ និង​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ​ បើ​យើង​ប្រើ​​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ ខណៈ​ផល​រំខាន​ចម្បង ធ្វើ​ឲ្យ​ស្តើង​ស្បែក ​ពេល​ប្រើរយៈ​ពេល​​យូរ តែ​មិន​មាន​ការ​អះ​អាង​ណាមួយ​ ថ្នាំ​ទាំង​នេះ បង្ក​ឲ្យស្បែក​​ស្តើង​រហូត​ទេ។ ត្រូវ​ប្រើ​ក្រែម​ស្តេរ៉ូអ៊ីត​ត្រឹម​តែ​ ២ ​ដង/​ថ្ងៃ ហើយ​ប្រើ​ក្រែម​ផ្តល់​សំណើម​ជាប់លាប់។

    អត្ថបទ​ពាក់ព័ន្ធ៖

    • បើ​កូន​មាន​ជំងឺ​សើ​ស្បែក Psoriasis ​ប្រញាប់​ព្យាបាល​ភ្លាម
    • ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង?

    ៤- វិធី​​ព្យាបាល​ផ្សេងៗ

    ថ្នាំ​គ្រាប់​ Antihistamines (ថ្នាំ​ប្រឆាំង​អាលែកហ្ស៊ី) ​ប្រើ​នៅ​ពេល​ក្មេងមាន​​រមាស់​ និង​​គេង​មិន​សូវ​បាន តែ​គេ​មិន​សូវ​និយម​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ឡើយ ​ដោយ​សារ​ធ្វើឲ្យ​ងងុយ​គេង ខណៈ​ថ្នាំ​នេះ​អាច​​ប្រើ​ល្អ​បំផុត​នៅពេល​យប់។ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​មុន​នឹង​ប្រើ​ប្រាស់​ថ្នាំ​នេះ ហើយបើ​សិន​ជាស្បែក​ក្មេង​មាន​សភាព​ធ្ងន់​ធ្ងរ គួរ​ប្រើ​ថ្នាំ​លាប ឬ​ក្រែម​ស្តេរ៉ូអ៊ីត​បន្ថែម។ ក្នុង​ករណី ​នៅ​តែ​មិន​បាត់​ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯក​ទេស​ជំងឺ​សើ​ស្បែក។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ Chamnan Amrith · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម