ផលរំខាននៃការចាក់វ៉ាក់សាំងអាចមានពីស្រាល ទៅធ្ងន់ធ្ងរ តែករណីធ្ងន់ធ្ងរមានតិចតួចបំផុត។
ផលរំខានស្រាល៖ ផលរំខានស្រាលក្រោយចាក់វ៉ាក់សាំងរួច រួមមាន ក្មេងអាចឈឺនៅកន្លែងចាក់ ហើមនៅកន្លែងចាក់ ក្មេងយំរករឿងខុសធម្មតា ឬក៏អាចក្តៅខ្លួន។
ផលរំខានធ្ងន់ធ្ងរ៖ ចំពោះផលរំខានធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំង រួមមានក្មេងហើមបំពង់ខ្យល់ ពិបាកដកដង្ហើម ប្រកាច់ តែករណីនេះលោកស្រីវេជ្ជបណ្ឌិតថា កម្រកើតមានណាស់។
៣. វ៉ាក់សាំងអាចចាក់មុន ឬក្រោយថ្ងៃកំណត់បានអត់?
ការចាក់វ៉ាក់សាំងមុនថ្ងៃកំណត់នេះ លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសកុមារ បានអះអាងផ្អែកទៅតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) ថា ទូទៅការចាក់វ៉ាក់សាំងមុនកាលកំណត់ ៤ ថ្ងៃ ចាត់ទុកថាត្រឹមត្រូវ។ “ឧទាហរណ៍ថា កូនយើងត្រូវចាក់វ៉ាក់សាំងថ្ងៃទី៥ ប៉ុន្តែយើងរវល់ អ៊ីចឹងយើងចាក់ថ្ងៃ១ ថ្ងៃ២ ថ្ងៃ៣ ថ្ងៃ៤ អូខេ អត់មានបញ្ហាទេ។ ក៏ប៉ុន្តែបើសិនជាលើសពី៤ថ្ងៃហ្នឹង ឧទាហរណ៍ថាគាត់ចាក់ថ្ងៃ២៨ ថ្ងៃ២៩ ថ្ងៃ៣០ អាហ្នឹងចាត់ទុកថា Invalid ដែលទាមទារឲ្យយើង Repeat ដូស្ត មានន័យថា វ៉ាក់សាំងត្រូវចាក់តែ ៣ដងទេ តែចាក់អត់ត្រឹមត្រូវអាចឈានដល់ចាក់៤ដង”។ លោកស្រីវេជ្ជបណ្ឌិតបានបន្តថា វ៉ាក់សាំងមិនមែនចាក់តែ១ដងនោះទេ វ៉ាក់សាំងខ្លះមានម្តង វ៉ាក់សាំងខ្លះ ២ដង ខ្លះ ៣ដង ខ្លះ ៤ដង ឯណោះ បើយើងចាក់មិនត្រូវតាមកាលកំណត់ អាចនឹងត្រូវចាក់សារឡើងវិញ។
ឯការវ៉ាក់សាំងក្រោយការកំណត់វិញ មិនមានគ្រោះថ្នាក់ទៅលើកូនយើងទេ ក៏ប៉ុន្តែការកកើតជាប្រព័ន្ធការពារអាចមិនសមស្របទៅតាមអ្វីដែលអ្នកវិទ្យាសាស្ត្រសិក្សា។ លោកស្រីវេជ្ជបណ្ឌិតថា ការពន្យារពេលចាក់វ៉ាក់សាំងយូរពេក ក៏ទាមទារឲ្យមានការចាក់ដូស្តថ្មីឡើងវិញដែរ។ ដូចនេះជម្រើសដែលល្អបំផុត បើគ្រូពេទ្យណាត់ថ្ងៃណា យើងគួរនាំកូនទៅចាក់វ៉ាក់សាំងថ្ងៃនោះ។