ក្រៅពីរោគសញ្ញាផ្សេងៗ ម៉ាក់បា៉មានដឹងអត់ សណ្ឋាន និងពណ៌លាមករបស់កូនយើង អាចបញ្ជាក់ពីបញ្ហាសុខភាពរបស់ពួកគេ តើមានបញ្ហា ឬអត់? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ នឹងលម្អិតពីពណ៌ និងសណ្ឋានលាមករបស់ក្មេងៗទាំងអស់។
១. លាមកទារកស្អិតៗ ពណ៌បៃតងចាស់ (លាមកព្រៃ)
មានសភាពក្រាស់ ពណ៌ខ្មៅ ស្រដៀងប្រេងម៉ូតូរថយន្ត និងមានក្នុងពោះវៀនទារកតាំងពីពេលក្នុងផ្ទៃ ហើយបញ្ចេញមកក្រៅតាមលាមកភ្លាមៗក្រោយសម្រាលបានពីរបីថ្ងៃដំបូង។ មិនមានអ្វីគួរឲ្យបារម្ភនោះទេ លាមកបែបនេះ មានលក្ខណៈធម្មតា និងមានតែប៉ុន្មានថ្ងៃដំបូងក្រោយសម្រាលប៉ុណ្ណោះ។
២. លាមកទារកពណ៌លឿងគ្រាប់ៗ
ជាលាមកទារកបៅដោះម្ដាយ ដែលជាទូទៅ មានលក្ខណៈពណ៌លឿង ស្រដៀងល្ពៅទុំកិនប៉ិៗ ប៉ុន្តែក្លិនមិនស្អុយទេ។ កុំបារម្ភ លាមកកូនពណ៌លឿងគ្រាប់ៗមានលក្ខណៈធម្មតាទេ។ ទឹកដោះម្ដាយ មានសារធាតុចិញ្ចឹមប្រសើរបំផុតជួយកូនឲ្យមានសុខភាពល្អ និងរឹងមាំ។
៣. លាមកទារករឹងស្អិតៗ ពណ៌ត្នោតស្រាល
ជាលាមកទារកបៅទឹកដោះគោមានលក្ខណៈរឹង ស្អិតៗ ពណ៌ផ្សេងៗ ដូចជា ពណ៌ត្នោតស្រាល លឿងលាយត្នោត ឬត្នោតលាយបៃតង។ លាមកនេះ មានក្លិនស្អុយជាងលាមកទារកដែលបៅដោះម្ដាយ តែស្អុយតិចជាងលាមកទារកដែលចាប់ផ្ដើមញ៉ាំអាហាររឹង។ កុំបារម្ភ លាមកកូន មានលក្ខណៈធម្មតា ហើយកូនសុខភាពល្អ។
៤.លាមកទារកពណ៌ត្នោតលាយបៃតង
ជាលាមកទារកដែលចាប់ផ្ដើមញ៉ាំអាហាររឹង វាស្រដៀងនឹងប៊ើរកិនក្រឡុកប៉ិៗ។ លាមករបស់ទារកដែលញ៉ាំអាហាររឹង មានពណ៌ត្នោត ឬត្នោតចាស់ ហើយរឹងជាងមុន តែទន់។ ឯក្លិនវិញ ស្អុយជាងមុន។ កុំបារម្ភ លាមកនេះបញ្ជាក់ថា កូនមានសុខភាពល្អធម្មតា។ ប៉ុន្តែ យូរៗម្ដង លាមកកូន អាចមានពណ៌ដូចរបស់ញ៉ាំចូល ដូចជា ពណ៌ក្រហម ទឹកក្រូច ឬខៀវចាស់។ ក្រហមដោយសារកូនញ៉ាំស្រកានាគក្រហម ទឹកក្រូចដោយសារកូនញ៉ាំការ៉ុត បៃតងដោយសារកូនញ៉ាំបន្លែបៃតងច្រើន។
៥. លាមកទារករាក ពណ៌លឿងត្នោត
កូនរាក លាមកមានទឹកច្រើនជាងកាក ហើយហៀរច្រើនជាប់នឹងគូទកូន។ វាអាចមានពណ៌លឿង បៃតង ឬត្នោត ជ្រាប ឬហៀរចេញតាមកន្ទប។
យកកូនទៅពេទ្យភ្លាម បើសិនកូនមានអាយុ ៣ ខែ ឬតិចជាងនេះ និងរាកលើសពី ២ ថ្ងៃ។ ទារកអាយុកាន់តែតិច ហើយបើរាកកាន់តែញឹក ប្រឈមបញ្ហាខ្វះជាតិទឹកកាន់តែខ្លាំង។ មិនត្រូវផ្ដល់ថ្នាំបំបាត់រាកដល់កូនឡើយ លុះត្រាតែពេទ្យចេញវេជ្ជបញ្ជា។ ម្យ៉ាងទៀត បើសិនកូនរាកមានលាយឈាម ឬសម្បោរ ក៏ត្រូវយកកូនទៅពេទ្យភ្លាមដែរ។
៦. លាមកទារកក្ដៀនរឹង ស្ងួត ពណ៌ត្នោត
បើសិនលាមកកូនអ្នក រឹង ដុំកង់ៗដូចគ្រាប់ឃ្លី មានន័យថា កូនទល់លាមក ឬក្ដៀនហើយ។ ពេលបត់ជើង កូននឹងខំប្រឹង មុខឡើងក្រហម និងមានអារម្មណ៍ឈឺចាប់ត្រង់រន្ធគូទ។ ជាទូទៅ លាមកកូនអាចមានលាយឈាមតិចៗដោយសារការដាច់រហែករន្ធគូទ ពេលប្រឹងជុះ។ លាមកក្ដៀន មានកង់មួយដុំ ឬពីរដុំ មិនសូវជាបញ្ហាប៉ុន្មានទេ តែបើកូនជុះក្ដៀនមានលើសពី ៣ កង់ (ឬបើឃើញមានជាប់ឈាមតិចៗ) ត្រូវយកកូនទៅពេទ្យ។ ជាទូទៅ ការទល់លាមក កើតឡើងលើទារកដែលចាប់ផ្ដើមញ៉ាំអាហាររឹង ឬវាជាសញ្ញាប្រាប់ថា ទឹកដោះម្ដាយ ឬទឹកដោះគោ មានបញ្ហា។
៧. លាមកទារកពណ៌បៃតងចាស់
បើសិនយើងឲ្យកូនញ៉ាំអាហារបំប៉ន (ឬថ្នាំ) ជាតិដែក លាមកកូនអាចមានពណ៌បៃតងចាស់ ឬស្រដៀងខ្មៅ។ វាជាករណីធម្មតា ទោះលាមកពណ៌បែបនេះមិនកើតឡើងញឹកញាប់ក៏ដោយ។ លាមកកូនប្រែពណ៌បែបនេះ មិនមានអ្វីគួរឲ្យបារម្ភទេ ហើយប្រព័ន្ធរំលាយអាហារកូនក៏មិនមានបញ្ហាដែរ។ បើសិនលាមកកូន មានពណ៌ខ្មៅដូចជ័រកៅស៊ូ ហើយកូនមិនបានញ៉ាំអាហារបំប៉នជាតិដែកទេ ត្រូវយកកូនទៅពេទ្យ ដើម្បីបញ្ជាក់ថា កូនមិនមានបញ្ហាហូរឈាមក្រពះពោះវៀន។
៨. លាមកទារកពណ៌បៃតងខ្ចី
បើលាមកកូនមានពណ៌បៃតងស្រាល ហើយមានពពុះៗនៅជាប់នឹងកន្ទប ស្រដៀងស្លែ អាចដោយសារកូនបៅទឹកដោះដើមទី (Foremilk) ច្រើនពេក (ទឹកដោះមានកាឡូរីទាបដែលកូនបៅចេញភ្លាមៗ រាល់ពេលបំបៅ) និងបៅទឹកដោះចុងទី (Hindmilk) មិនគ្រប់គ្រាន់ (ទឹកដោះសម្បូរជាតិខ្លាញ់ និងសារធាតុចិញ្ចឹម ដែលចេញពេលទឹកដោះជិតអស់ រាល់ពេលបំបៅ)។ វាក៏ដោយសារយើងបំបៅកូនមិនបានយូរគ្រប់គ្រាន់ រាល់ពេលបំបៅម្ដងៗ។ ដំណោះស្រាយ គឺពេលចាប់ផ្ដើមបំបៅដោះ ត្រូវឲ្យកូនបៅដោះខាងណាដែលកូនបៅចុងក្រោយ។ ព្យាយាមឲ្យកូនបៅដោះម្ខាងឲ្យអស់ទឹកដោះសិន ចាំបន្តឲ្យកូនបៅដោះម្ខាងទៀត។
៩. លាមកទារកលាយឈាម
ជាលាមករឹង មានលាយឈាម ឬសម្បោរ។ ឈាមក្រហមស្រាលលើលាមកទារក អាចបញ្ជាក់ថា កូនមានការដាច់រហែករន្ធគូទ ពេលជុះ។
ឈាមក្រហមស្រាលលើលាមកទារក មានមូលហេតុផ្សេងៗគ្នា ប៉ុន្តែត្រូវយកកូនទៅពេទ្យភ្លាម បើសង្កេតឃើញ៖
– លាមកធម្មតាជាប់ជាមួយឈាមក្រហម ដែលជាទូទៅ ជាសញ្ញាអាលែកហ្ស៊ីប្រូតេអ៊ីនទឹកដោះ
– លាមកក្ដៀនជាប់ជាមួយឈាមក្រហម ដែលអាចដោយសារការដាច់រហែករន្ធគូទ ឬឫសដូងបាតតូចៗ។
– រាកមួលលាយឈាមក្រហម ដែលជាសញ្ញាថាមានការឆ្លងបាក់តេរី។
ពេលមានឈាមក្រមៅក្នុងកន្ទប ដែលជាទូទៅឈាមតិចៗដូចគ្រាប់ល្ង អាចដោយសារទារកបៅដោះម្ដាយ លេបទាំងឈាមជាប់លើក្បាលដោះម្ដាយដែលដាច់រលាត់ ពេលបំបៅ។ ករណីនេះ កុំបារម្ភ មិនមានបញ្ហានោះទេ។ ប៉ុន្តែ គួរយកកូនទៅពេទ្យ ដើម្បីពិនិត្យឲ្យច្បាស់ថា វាមិនមានបញ្ហាធ្ងន់ធ្ងរ ដូចជា បញ្ហាហូរឈាមក្នុងពោះវៀនរបស់ទារក។
១០. លាមកទារកពណ៌ខ្មៅ
លាមកខ្មៅលាយឈាម គឺជាលាមករឹងពណ៌ខ្មៅមានលាយឈាមដែលហូរចូលក្នុងក្រពះផ្នែកខាងលើ។បើសិនវាមិនមែនជាអាចម៍ព្រៃទេ (លាមកដែលទារកជុះក្រោយសម្រាលបានពីរបីថ្ងៃដំបូង) ត្រូវយកកូនទៅពេទ្យភ្លាម។
១១. លាមកទារកពណ៌សស្លែត
អាចសញ្ញាថ្លើម ឬថង់ទឹកប្រមាត់ មានបញ្ហា។ ទឹកប្រមាត់ មានតួនាទីជួយរំលាយអាហារ ហើយថ្លើមជាអ្នកផលិត រួចរក្សាទុកក្នុងថង់ទឹកប្រមាត់។ លាមកទារក មានពណ៌ធម្មតា ក៏ដោយសារទឹកប្រមាត់ដែលបញ្ចេញអំឡុងពេលរំលាយអាហារផងដែរ។ បើសិនថ្លើមទារកមិនផលិតទឹកប្រមាត់ ឬបើសិនស្ទះទឹកប្រមាត់ នោះលាមកទារកនឹងមានពណ៌ស។ លាមកពណ៌ស ជាករណីកម្របំផុត ប៉ុន្តែបើកូនមានលាមកស ត្រូវយកកូនទៅពេទ្យភ្លាម។
[embed-health-tool-vaccination-tool]