ម៉ាក់ប៉ាដឹងហើយថា ប្រព័ន្ធការពាររាងកាយកូនតូចនៅមិនទាន់ខ្លាំងក្លាដូចយើងមនុស្សធំនៅឡើយទេ ជាហេតុធ្វើឲ្យកុមារឈឺច្រើន។ ម៉្យាងវិញទៀត សុខភាពប្រព័ន្ធរំលាយអាហារក៏ជាផ្នែកមួយធំជាប់ពាក់ព័ន្ធនឹងភាពរឹងមាំ និងភាពខ្សោយរបស់ប្រព័ន្ធការពាររាងកាយកូនតូចផងដែរ។
លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារពីប្រទេសកូរ៉េ និងបារាំង បានឲ្យដឹងថា កាលណាបើប្រព័ន្ធរំលាយអាហារកូនតូចមានសុខភាពល្អ ធ្វើឲ្យក្មេងមានការលូតលាស់បានល្អ ទាំងមាឌ និងកម្ពស់គឺបានប្រក្រតីធម្មតាទាំងអស់។ ប្រសិនបើក្រពះ-ពោះវៀនក្មេងល្អ ធ្វើឲ្យការស្រូបយកពពួកសារធាតុមួយចំនួនដែលគេនិយមហៅថា micro-nutrient ដែលមានតួនាទីជួយដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់ក្មេងបានល្អ ជាហេតុបណ្ដាលឲ្យការលូតលាស់ខួរក្បាលរបស់ក្មេងក៏បានល្អដូចគ្នាដែរ។
សុខភាពក្រពះពោះវៀន គឺជាផ្នែកសំខាន់មួយជះឥទ្ធិពលដល់សុខភាពប្រព័ន្ធការពាររាងកាយកូនតូច។ តាមពិតទៅ ក្រពះពោះវៀនមានប្រមាណ ៧០% នៃកោសិកាដែលបង្កើតជាប្រព័ន្ធការពាររាងកាយរបស់មនុស្សយើង។ ហើយបាក់តេរីល្អៗ រាប់លានដែលមាននៅក្នុងក្រពះពោះវៀន ក៏ជួយទ្រទ្រង់សុខភាពទូទៅរបស់អូនៗ ចៀសឆ្ងាយពីជំងឺតូចតាចមួយចំនួនផងដែរ។
ដោយសារតែសុខភាពក្រពះពោះវៀនត្រូវបានផ្សារភ្ជាប់ទៅនឹងប្រព័ន្ធទាំងអស់នៅក្នុងរាងកាយ ដូចនេះសុខភាពប្រព័ន្ធរំលាយអាហាររបស់អាអូន អាចប៉ះពាល់ទៅដល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ស្របគ្នានេះ បើសុខភាពក្រពះពោះវៀនមិនល្អ ក៏អាចចូលរួមចំណែកប៉ះពាល់ដល់ស្ថានភាពសុខភាពផ្លូវចិត្តកុមារដែរដូចជា ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងការបាក់ស្បាត (PTSD) ជាដើម។ នេះមានន័យថា បើសុខភាពប្រព័ន្ធរំលាយអាហារកូនមិនល្អ ច្បាស់ណាស់ថាប្រព័ន្ធការពាររាងកាយកូនតូចក៏មិនល្អដូចគ្នា ជាហេតុអាចបណ្ដាលឲ្យអាអូនងាកឈឺៗ។
បន្ថែមពីលើនេះ វេជ្ជបណ្ឌិតឯកទេសរោគកុមារដដែលបន្តទៀត បើម៉ាក់ប៉ាចង់ឲ្យកូនមានសុខភាពប្រព័ន្ធរំលាយល្អ និងប្រព័ន្ធរាងកាយរឹងមាំ យើងត្រូវការផ្ដល់អាហារដែលមានជីវជាតិត្រឹមត្រូវដល់កូនដូចជាមានបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត និង អាហារមានជាតិប្រូតេអីន និងកាល់ស្យូមខ្ពស់។ ពីមួយថ្ងៃទៅមួយថ្ងៃ ម៉ាក់ប៉ាក៏អាចផ្ដល់ជាអាហារសម្រន់ល្អសម្រាប់សុខភាពក្រពះ-ពោះវៀនកូនដូចជា ទឹកដោះគោ យាអ៊ួរ ឬនំសម្រាប់កូនក្មេងធ្វើពីបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិផ្សេងៗជាងដើម។
ថ្មីៗនេះ SYNBIOTICS ត្រូវបានគេណែនាំថា ជារូបមន្តថ្មី នៃអាហារូបត្ថម្ភសម្រាប់ក្មេង។ រូបមន្ត SYNBIOTICS ថ្មីនេះ មានការសំយោគរវាង បាក់តេរីល្អៗ ជាមួយនឹងចំណីអាហាររបស់បាក់តេរីល្អៗ ចូលទៅក្នុងផលិតផលតែមួយ ដើម្បីកូនទទួលបានបាក់តេរីល្អៗច្រើនក្នុងពោះវៀន ប្រឆាំងនឹងពពួកបាក់តេរីអាក្រក់ដែលបង្កជាជំងឺ បង្កាក់ការលូតលាស់ និងការអភិវឌ្ឍរាងកាយក្មេង។
[embed-health-tool-vaccination-tool]