ម៉ាក់ប៉ាភាគច្រើនចូលចិត្តឃើញកូនញ៉ាំបាន ព្រោះគិតថា កាលណាកូនញ៉ាំច្រើន កូនទទួលបានអាហារូបត្ថម្ភច្រើនហើយសុខភាពក៏ល្អទៅតាមហ្នឹងដែរ។ ដូចនេះហើយ ទើបមានម៉ាក់ប៉ាមួយចំនួនចូលចិត្តឲ្យកូនញ៉ាំបាយច្រើនៗ រហូតទាល់តែប៉ោងពោះខ្លាំង ទាំងមិនដឹងថាវាល្អ ឬអាចប៉ះពាល់ដល់កូនឬអត់។
“ការដែលញ៉ាំអាហារច្រើនជ្រុល ក៏មិនជាការល្អប៉ុន្មានដែរ។ កាលណាដែលឲ្យកូនញ៉ាំបាយជាមួយនឹងម្ហូបដែលមិនសូវសម្បូរកាឡូរី វាអត់ល្អទេ’។ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសផ្នែករោគកុមារ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ប្រសិនបើឲ្យកូនញ៉ាំបាយច្រើនជ្រុលដល់ថ្នាក់តឹងពោះខ្លាំងនោះ អាចបង្កផលប៉ះពាល់ដល់កូនវិញទេដូចជា៖
ទី១. ការលូតលាស់របស់កូនមិនបានល្អ
ទី២. អាចជាការរំខាន (អាចបណ្ដាលឲ្យកូនក្អួត ជាដើម)។
ទាក់ទងនឹងការញ៉ាំបាយនេះដែរ ខាងគ្រូពេទ្យជំនាញផ្នែកអាហារណែនាំថា ជាទូទៅ ក្មេងអាចចាប់ផ្ដើមញ៉ាំបាយបានត្រឹមអាយុ២ឆ្នាំឡើងទៅ។ លើសពីនេះ បើឲ្យកូនញ៉ាំច្រើនរហូតទាល់តែប៉ោងពោះខ្លាំងញឹកញាប់ អាចធ្វើឲ្យក្រពះក្មេងយឺតបាន តែវាមិនជាបញ្ហាអីនោះទេ ព្រោះសាច់ក្រពះប្រៀបបាននឹងប្លោកនោមយើងអញ្ចឹង វាអាចយឺតធំបានហើយវាក៏អាចរួមតូចទៅវិញបានដែរ។
យកល្អ លោកវេជ្ជបណ្ឌិតថា បើឲ្យកូនញ៉ាំបាយនៅក្នុងបរិមាណមួយសមស្រប ដែលតាមការណែនាំរបស់អ្នកជំនាញខាងអាហារ ឬគ្រូពេទ្យដែលប្រាប់ថាគួរញ៉ាំប៉ុនណា ហើយអាហារនោះមានជីវជាតិគ្រប់គ្រាន់ ទើបវាជាការល្អសម្រាប់ការលូតលាស់ទាំងរាងកាយ និងគ្រប់ផ្នែករបស់កូន។
អត្ថបទពាក់ព័ន្ធ៖