មិនមែនមានតែមនុស្សពេញវ័យទេ ដែលជួបបញ្ហាសក់ជ្រុះនោះ ក្មេងៗក៏ជ្រុះសក់ដូចគ្នា។ ប៉ុន្តែបញ្ហាសក់ជ្រុះមិនប្រក្រតីលើកុមារ អាចបណ្ដាលមកពីបញ្ហាសុខភាពណាមួយ។ ការពិតទៅក្នុងចំណោមកូនក្មេងដែលមានជំងឺ និងបានមកជួបពេទ្យរាល់ថ្ងៃ គឺក្មេងមានបញ្ហាសក់ជ្រុះរហូតដល់៣ភាគរយឯណោះ។
មូលហេតុធ្វើឲ្យក្មេងជ្រុះសក់
មានមូលហេតុជាច្រើន បណ្ដាលឲ្យយើងសង្កេតដឹងបានថា កូនក្មេងកំពុងតែមានបញ្ហាសក់ជ្រុះ។ ខាងក្រោមនេះគឺជាមូលហេតុចម្បង បណ្ដាលឲ្យក្មេងជ្រុះសក់។
ពពួកមេរោគផ្សិត Tinea Capitis
គេស្គាល់ Tinea Capitis ជាព្រូននៅលើស្បែកក្បាល។ Tinea capitis គឺជាពពួកមេរោគផ្សិតកើតច្រើនជាងគេលើកុមារ។ Tinea capitis អាចលេចចេញក្នុងទម្រង់ជាច្រើន ប៉ុន្តែទម្រង់ដែលធ្វើឲ្យមានបញ្ហាជ្រុះសក់ គឺមានទម្រង់មូល ឬពងក្រពើនៅលើក្បាលរបស់ក្មេង។ Tinea Capitis ធ្វើឲ្យសក់ខូច ជ្រុះចេញពីស្បែកក្បាល។ ពពួកមេរោគនេះ អាចកើតត្រង់ស្បែកក្បាល រោមភ្នែក និងចិញ្ចើម។ ភាគច្រើននៃជំងឺ Tinea capitis គឺអាចឲ្យយើងឃើញច្បាស់នៅលើស្បែកក្បាលតែម្ដង។ គ្រូពេទ្យអាចឲ្យក្មេងលេបថ្នាំសម្លាប់ពួកផ្សិត ដូចជាថ្នាំ Griseofulvin និង ឲ្យក្មេងកក់សាប៊ូសម្រាប់សម្លាប់មេរោគផ្សិតបន្ថែម។
អត្ថបទពាក់ព័ន្ធ:
- ការពារ និងថែរក្សាត្រចៀកកុំឲ្យមានបញ្ហា ត្រូវដឹងតិចនិកមួយចំនួននេះ
- វិធីងាយៗជួយដោះទ័លពេលឈឺត្រចៀក មុនបានទៅពេទ្យពិនិត្យ
- យករបស់ទាំងនេះត្បារអាចម៍ត្រចៀក ប្រៀបបានយកមេរោគទៅដាក់ត្រចៀក
- តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស
- កូនតូចគួរត្បារយកអាចម៍ត្រចៀកចេញអត់ ហេតុអី?
ជំងឺ Alopecia areata
Alopecia areata គឺជាបញ្ហាជ្រុះសក់ តែវាមិនមែនជាជំងឺឆ្លងនោះទេ ហើយគេជឿថាបញ្ហានេះកើតឡើងដោយសារតែ ប្រព័ន្ធភាពស៊ាំក្នុងខ្លួនរបស់ក្មេងឆ្លើយតបខុស និងទៅវាយប្រហារគល់សក់។ ជំងឺមួយនេះស្ដែងឲ្យយើងឃើញលក្ខណៈសក់ជ្រុះជារង្វង់ ឬពងក្រពើនៅលើស្បែកក្បាល។ កន្លែងជ្រុះសក់នោះ អាចមានសភាពរលោង ឬរអិល ហើយវាមិនមានរបកស្បែកក្បាល ឬខូចសក់នោះទេ។ ជំងឺ Alopecia areata មិនអាចព្យាបាលបានទេ ប៉ុន្តែនៅមានវីធីព្យាបាលខ្លះអាចជួយឲ្យជំងឺក្មេងស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបាន។ ភាគច្រើន គឺសក់របស់ក្មេងនឹងដុះមកវិញដោយឯកឯងក្នុងរយៈពេល១ឆ្នាំ ប៉ុន្តែមានករណីខ្លះទៀតយើងមិនអាចស្មានដឹងអំពីការដុះសក់សារជាថ្មី ហើយមានក្មេងមួយចំនួនផ្សេងទៀត អាចជ្រុះសក់សារជាថ្មីដែរ។ ប្រាំភាគរយនៃក្មេងមានបញ្ហាសក់ជ្រុះ គឺវិវត្តទៅជា alopecia totalis ដែលបានន័យថាក្មេងជ្រុះតែសក់ប៉ុណ្ណោះ។ ប៉ុន្តែមានក្មេងខ្លះវិញ គឺអាចវិវិត្ដទៅជា alopecia universalis គឺជ្រុះសក់ និងរោមនៅលើដងខ្លួនតែម្ដង។
សម្រាប់ការព្យាបាលលើកូនក្មេងមានដូចជា លាបគ្រីមលើកន្លែងសក់ជ្រុះ បូកជាមួយគ្រីមស្តេរ៉យដែរ។ សម្រាប់ក្មេងជំទង់គឺអាចចាក់ស្តេរ៉យចូលលើស្បែកក្បាល។ គេក៏អាចប្រើថ្នាំ minoxidil បូកជាមួយថ្នាំស្តេរ៉យបាន។
បញ្ហា Hair shaft trauma
បញ្ហាសក់ជ្រុះលើកូនក្មេង ក៏អាចបណ្ដាលមកពីបញ្ហា hair shaft trauma ដែលវាគឺមានដោយសារកម្លាំងណាមួយ ដាក់មកលើសក់របស់ក្មេង។ Hair shaft trauma កើតឡើងដោយសារក្មេងយកដៃទៅបោចសក់ជារើយៗ ឬអាចដោយសារមានការកកិតសក់ច្រើន (អាចសក់កកិតជាមួយខ្នើយ) ឬអាចបណ្ដាលមកពីរលាកដោយសារធាតុគីមីនៅគល់សក់។ បញ្ហានេះក៏អាចកើតលើក្មេងមានបញ្ហា Trichotillomania ជាជំងឺសតិអារម្មណ៍ម្យ៉ាង ដែលធ្វើឲ្យមនុស្សចូលចិត្ដបោចសក់របស់ខ្លួន។ ប្រសិនបើគ្រូពេទ្យសង្ស័យថា កូនរបស់យើងជ្រុះសក់ដោយសារ Hair shaft trauma នោះគ្រូពេទ្យនឹងរកមូលហេតុពិតប្រាកដរបស់វា។ ពេលយើងដឹងអំពីមូលហេតុបានច្បាស់ យើងអាចបញ្ឈប់បញ្ហានេះ ហើយសក់របស់ក្មេងនឹងដុះមកវិញសារជាថ្មី។ ប៉ុន្តែបើបញ្ហា Hair shaft trauma កើតឡើងមានរយៈពេលយូរ រហូតធ្វើឲ្យស្បែកក្បាលឡើងទៅជាផ្លែ នោះសក់របស់ក្មេង នឹងមិនដុះឡើងមកវិញឡើយ។
[embed-health-tool-vaccination-tool]