backup og meta

អ្នកមានជំងឺលើសឈាមប្រឈម​ហានិភ័យ​ច្រើន​ដោយសារ​បញ្ហា​ COVID-19

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 28, 2020

    អ្នកមានជំងឺលើសឈាមប្រឈម​ហានិភ័យ​ច្រើន​ដោយសារ​បញ្ហា​ COVID-19

    អំឡុងពេល​វីរុស COVID-19 កំពុងរាលដាល​ទូទាំង​ពិភពលោក មនុស្សជាច្រើន​បារម្ភពីការឆ្លងវីរុសនេះ។ក្នុងនោះអ្នក​មាន​ជំងឺ​លើសឈាម​រឹតតែគួឲ្យបាម្ភ ព្រោះថា​អ្នកមានជំងឺនេះ​គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ផលវិបាក​ធ្ងន់ធ្ងរ​ប្រសិនជា​​ឆ្លង​វីរុស COVID-19 ឬក៏កើតស្រេ្តសដោយសារបារម្ភច្រើនពីបញ្ហាវីរុសនេះ​

    វេជ្ជបណ្ឌិត Maria Carolina Delgado-Lelievre សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ Miami’s Miller បាន​និយាយ​ថា​ប្រសិន​ជាយើង​មាន​ជំងឺ​ដែល​មាន​ការ​ខូចខាត​ដល់​សួត យើង​ត្រូវការ​បេះដូង​ដែល​មាន​សុខភាព​ល្អ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​វីរុស។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​ជំងឺ​លើស​ឈាម​ វីរុស COVID-19 អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេងៗ នេះ​មក​ពី​សុខភាព​បេះដូង​ខ្សោយ។

    ជំងឺ​លើស​ឈាម​គឺជា​ជំងឺ​ទូទៅមួយ​ប្រភេទ​នៃ​ជំងឺ​បេះដូង និង​កើត​មាន​នៅ​ពេល​មនុស្ស​យើងចាស់ទៅ​។ ​នេះ​មាន​ន័យ​ថា​មនុស្ស​ជា​ច្រើន​មាន​ជំងឺ​លើស​ឈាម និងមនុស្ស​វ័យ​ចំណាស់​​គេ​ជឿថា​មាន​ហានិភ័យ​ខ្ពស់​ក្រោយ​​ការឆ្លង​វីរុស COVID-19។

    អត្ថបទពាក់ព័ន្ធ៖

    ដឹង​ពី​រោគសញ្ញា​ជាមុន និង​ការ​វាស់​​សម្ពាធ​ឈាម

    ជំងឺលើស​ឈាម​កើត​ឡើង​នៅ​ពេល​មាន​ភាព​មិន​ប្រក្រតី​នៃ​សរសៃឈាម​ដែល​អាច​ប៉ះពាល់​ដល់​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​ក្នុង​កោសិកា។ ការ​មាន​កម្រិត​អុកស៊ីសែន​ក្នុង​ឈាម​ទាប​គឺ​កើត​មាន​ជា​ទូទៅ​ទៅ​លើ​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ​ពេល​ឆ្លង​វីរុស COVID-19 នេះយោង​តាម​ការសិក្សា​ទៅ​លើ​អ្នក​ជំងឺ​នៅ​ទីក្រុង​អ៊ូហាន ប្រទេស​ចិន។  

    ជំងឺ​លើសឈាម​អាច​នឹង​មិន​មាន​រោគសញ្ញា​ដែល​អាច​សម្គាល់​បាន ដូចនេះ​វិធី​ដែល​ល្អបំផុត​ក្នុង​ការ​ដឹង​គឺ​វាស់​សម្ពាធឈាម។ ប្រសិន​ជា​ពេលយើងវាស់សម្ពាធឈាម​ហើយ​ទទួល​បាន​លទ្ធផល ១២០/៨០ នោះ​មាន​ន័យ​ថាយើង​កំពុង​មាន​សម្ពាធ​ឈាម​ខ្ពស់​ហើយ។

    សម្ពាធ​ឈាម​មួយ​ចំនួន​ដែល​វាស់​ឃើញ១២០ លើ៨០​គឺ​អាច​ចាត់​ទុក​ថា​ឡើង​ឈាម​ហើយ​នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​ វេជ្ជបណ្ឌិត Delgado lelievre។ ការ​ឡើង​ចាប់​ពី​ចំណុច​នេះ​កម្រិត​ដំបូង​នៃ​ជំងឺ​លើស​ឈាម​គឺ​គេ​កំណត់​ចាប់​ពី១៣០ ឬ​ខ្ពស់​ជាង​នេះ​សម្រាប់ Systolic (លេខ​ខាង​លើ) និង ៨០ ឬ​ខ្ពស់​ជាង​នេះ​សម្រាប់ Diastolic (លេខ​ខាង​ក្រោម) នេះ​បើ​យោង​តាម​សមាគម​បេះដូង​អាមេរិក។

    រក្សា​ការ​រស់នៅ​ដែល​មាន​សុខភាព​ល្អ និង​បន្ត​ផឹក​ថ្នាំ

    អំឡុងពេល​វីរុស COVID-19 កំពុង​រាតត្បាត​នេះ អ្នក​មាន​ជំងឺ​លើស​ឈាម​គួរ​គ្រប់គ្រង​ហានិភ័យ​នៃ​ការ​ឆ្លង​ឲ្យ​បាន​ល្អ​ដោយ​អនុវត្ត​តាម​សេចក្តី​ណែនាំ​ដូច​មនុស្ស​ទូទៅ​ដែរ​ដូចជា ការ​រក្សា​គម្លាត លាងសម្អាតដៃ​ឲ្យ​បាន​ញឹក​ញាប់ និង​ការ​មិនយក​ដៃមិនស្អាត​​ប៉ះ​មុខ មាត់ជាដើម។

    សម្រាប់​អ្នក​មាន​ជំងឺ​លើសឈាម​សំខាន់​បំផុត​គឺ​ត្រូវ​បន្ធូរអារម្មណ៍​ឲ្យ​បាន​ច្រើន ព្រោះ​ស្ត្រេស ឬភាព​តានតឹង​អាច​ធ្វើ​ឲ្យ​សម្ពាធឈាម​ឡើង​ខ្ពស់។ ដោយសារ​មាន​ការ​បិទ​ការ​ដើរ​ហើរ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុសនេះ ធ្វើ​ឲ្យ​ការ​បន្ធូរ​អារម្មណ៍​មាន​ការ​លំបាក​ជាង​ធម្មតា ប៉ុន្តែ​អ្នក​ជំងឺ​លើស​សម្ពាធឈាម​គួរ​ព្យាយាម​រក្សា​សម្ពាធឈាម​ឲ្យ​នៅ​កម្រិត​ល្អ​មួយ។

    ទោះបី​ជា​ជំងឺ​លើស​ឈាម​ជា​ជំងឺ​តំណ​ពូជ ជំងឺ​នេះ​ក៏​អាច​បង្ក​ដោយ​កត្តា​ផ្សេង​ដូចជា​ការ​រស់នៅ របបអាហារ និង​ការហាត់​ប្រាណ​ដែរ។ វេជ្ជបណ្ឌិត Delgado-Lelievre តែង​ប្រាប់​ទៅ​អ្នក​ជំងឺ​ថា​ប្រសិនជា​លទ្ធផល​សម្ពាធឈាម​ខ្ពស់ អ្នកជំងឺ​​អាច​ធ្វើ​លំហាត់ប្រាណ​ដែល​ជួយ​ដល់​ការ​បន្ធូរ​អារម្មណ៍ ឬ​គេង​ស្តាប់​ចម្រៀង។ បន្ទាប់ពី​នេះ​វាស់សម្ពាធឈាម​ម្តងទៀត​នឹង​ឃើញ​ថា​សម្ពាធឈាម​នឹង​មាន​ការ​ធ្លាក់ចុះ។ សម្រាប់អ្នក​ដែល​ដឹង​ថា​ខ្លួន​មាន​ជំងឺ​លើសសម្ពាធឈាម ត្រូវ​ពិនិត្យ​សម្ពាធឈាម​ពីរ ទៅ​បីដង​ក្នុង​មួយ​សប្ដាហ៍។

    ម៉្យាងទៀត គ្រូពេទ្យ​នៅ​តែ​ណែនាំ​អ្នក​ជំងឺ​លើសសម្ពាធឈាម​បន្ត​ផឹក​ថ្នាំ​ដែល​គ្រូពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​ដូចជា​ក្រុម​ថ្នាំ ACE inhibitors និង​ក្រុម​ថ្នាំ ARBs នេះ​បើ​យោង​តាម​សមាគម​ជំងឺ​បេះដូង​សហរដ្ឋអាមេរិក​។ ថ្នាំ​នេះ​គឺ​មិន​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស COVID-19 ទេ ប៉ុន្តែ​ថ្នាំ​ទាំង​នេះ​សំខាន់​ក្នុង​ការ​រក្សា​កម្រិត​សម្ពាធឈាម​ និង​បន្ថយ​ហានិភ័យ​នៃ​ការ​គាំងបេះដូង ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល និង​ជំងឺបេះដូង​ធ្ងន់ធ្ងរ។

    ប្រសិនជាយើង​មាន​ជំងឺ​បេះដូង និង​ឆ្លង​វីរុស​COVID-19 គ្រូពេទ្យ​គួរ​តាមដាន​សុខភាព​របស់យើង មុន​នឹង​បន្ថែម ឬ​ដក​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ទាំងនេះ។ ការផ្លាស់​ប្តូរ​នេះ​យោង​ទៅ​តាម​ភស្តុតាង និង​ការសម្រេចចិត្ត​របស់​ក្រុម​គ្រូពេទ្យ។

    ចំណុច​គួរ​ប្រយ័ត្ន

    • ថ្នាំ​បំបាត់ការ​ឈឺចាប់៖ ថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា naproxen និងibuprofen​អាច​ធ្វើ​ឲ្យ​សម្ពាធឈាម​កើន​ឡើង។ ក្រុម​ថ្នាំ decongestants (ថ្នាំ​បំបាត់​តឹង​ច្រមុះ) ក៏​ធ្វើ​ឲ្យ​ឡើង​សម្ពាធឈាម​ដែរ។ ដូចនេះ អ្នក​មាន​ជំងឺ​បេះដូង​គួរ​កំណត់ និង​ចៀស​វាង​ការ​ប្រើប្រាស់​ថ្នាំ​ទាំង​នេះ ជាពិសេស​សម្រាប់​អ្នក​ដែល​មិន​អាចគ្រប់គ្រង​សម្ពាធឈាម​របស់​ខ្លួនបាន។
    • ថ្នាំ​តាម​វេជ្ជបញ្ជា​មួយ​ចំនួន៖ អ្នក​ដែល​ផឹក​ថ្នាំ​សម្រាប់​សុខភាព​ផ្លូវចិត្ត ពពួក​ថ្នាំ ករទីកូអ៊ីត (corticosteroids) ថ្នាំ​គ្រាប់​ពន្យារ​កំណើត ថ្នាំ​បញ្ចុះ​ប្រព័ន្ធ​ភាព​ស៊ាំ (​immunosuppressants) និង​ថ្នាំ​ជំងឺ​មហារីក គួរ​តាមដាន​សម្ពាធឈាម​ដើម្បី​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន។
    • គ្រឿងស្រវឹង និង​ជាតិ​កាហ្វេអ៊ីន៖ យក​ល្អ​គួរ​កំណត់​កម្រិត​នៃ​ការ​ផឹក​គ្រឿងស្រវឹង និង​ជាតិ​កាហ្វេអ៊ីន ព្រោះ​ការ​ផឹក​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​សម្ពាធឈាម​ឡើង​។ ជាតិ​កាហ្វេអ៊ីន​គួរ​ផឹក​ត្រឹម​បីពែង​ក្នុង​មួយ​ថ្ងៃ​ជា​ទូទៅ និង​អ្នក​មាន​សម្ពាធឈាម​ខ្ពស់​គួរ​ចៀសវាង​ផឹក​ជាតិ​កាហ្វេអ៊ីន។ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម