យើងឃើញហើយថា ពីមួយថ្ងៃទៅមួយថ្ងៃករណីនៃការឆ្លងកូវីដមានការកើនឡើងស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាយើង ក្នុងនោះមានទាំំងអ្នកជំងឺចាស់ និងក្មេងៗ រហូតដល់អាយុ២ខែក៏មាន។ ខណៈពេលដែលក្មេងៗអាចឆ្លងជំងឺកូវីដ-១៩នេះបានដូចមនុស្សធំដែរ ប៉ុន្តែពួកគេមិនបញ្ចេញអាការៈឈឺដូចមនុស្សធំធម្មតាទេ។ ក្មេងៗភាគច្រើនដែលកើតជំងឺនេះ បញ្ចេញរោគសញ្ញាស្រាល ឬស្ទើរតែគ្មានរោគសញ្ញាតែម្ដង។
ហេតុអីបានរាងកាយកូនក្មេងឆ្លើយតបនឹងជំងឺកូវីដ-១៩ខុសពីមនុស្សធំ?
តាមការឲ្យដឹងពី Mayoclinic ថា មិនទាន់មានចម្លើយច្បាស់លាស់ណាមួយអាចបញ្ជាក់ពីសំណួរនេះបាននៅឡើយទេ។ ប៉ុន្តែ អ្នកជំនាញមួយចំនួនអះអាងថា កូនក្មេងអាចមិនទទួលផលប៉ះពាល់អាក្រក់ដូចមនុស្សធំទេ បើឆ្លងកូវីដ-១៩ ពីព្រោះមានវីរុសផ្លូវដង្ហើមមួយចំនួនបង្កជាជំងឺដូចផ្ដាសាយដែរ។ ដោយសារតែកូនក្មេងភាគច្រើនឧស្សាហ៍កើតជំងឺផ្ដាសាយ ប្រព័ន្ធភាពស៊ាំរបស់ពួកគេ អាចក្លាយជារនាំងប្រឆាំងនឹងជំងឺនេះបានល្អជាងមនុស្សធំ។ វាក៏អាចទៅរួចដែរដែលប្រព័ន្ធភាពស៊ាំរបស់កុមារធ្វើអន្តរកម្មជាមួយវីរុសនេះ ខុសគ្នាជាមួយប្រព័ន្ធភាពស៊ាំរបស់មនុស្សពេញវ័យ។ មនុស្សធំខ្លះ ធ្លាក់ខ្លួនឈឺដោយសារប្រព័ន្ធភាពស៊ាំរបស់មនុស្សបញ្ចេញប្រតិកម្មជ្រុលឆ្លើយតបនឹងវីរុសនេះ ជាហេតុបណ្ដាលមានការខូចខាតលើសដើមដល់សុខភាព។
ផ្ទុយទៅវិញ កុមារមួយចំនួនក៏អាចធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងប៉ះពាល់ដល់ជីវិតពីវីរុសកូវីដ-១៩ នៅពេលឆ្លងបានដែរ។ ក្មេងខ្លះទាមទារការយកចិត្តទុកដាក់ខ្ពស់ពីគ្រូពេទ្យ អាចត្រូវការសង្រ្គោះបន្ទាន់ និងត្រូវការជំនួយពីឧបករណ៍ ដើម្បីដកដង្ហើម។ នេះបើតាមការលើកឡើងពីរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC)។
លើសពីនេះ ក្មេងដែលប្រឈមគ្រោះថ្នាក់សុខភាពខ្លាំងនៅពេលដែលឆ្លងជំងឺនេះរួមមាន៖
- មានជំងឺធាត់ ទឹកនោមផ្អែម ហឺត បេះដូង
- អាយុក្រោម ២ឆ្នាំ
- កើតមិនគ្រប់ខែ។ល
ទន្ទឹមនឹងនេះ វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ស្ទើរតែគ្រប់ប្រទេស ហើយភាគច្រើនអ្នកដែលអាចចាក់វ៉ាក់សាំងទាំងនោះបានជាមនុស្សធំពេញវ័យចាប់ពី១៦ឆ្នាំឡើងទៅ។ ហេតុនេះហើយ មានក្រុមហ៊ុនជាច្រើនបានកំពុងចាប់ផ្ដើមសិក្សាបន្ថែមពីការប្រើប្រាស់ថ្នាំវ៉ាក់សាំងលើក្មេងអាយុ ១២ឆ្នាំ និងក្មេងអាយុក្រោមនេះ។
[embed-health-tool-bmi]