នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) បានឲ្យដឹងថា វ៉ាក់សាំង Sinovac ដែលទើបមកដល់កម្ពុជាកាលពីថ្ងៃ២៦ ខែមីនា ឆ្នាំ២០២១ ក្រោយការបញ្ជាទិញពីរដ្ឋាភិបាល ក្នុងជំហានដំបូងចំនួន ១លាន៥សែនដូស ពីសាធារណរដ្ឋប្រជាមានិតចិន នឹងត្រូវអនុវត្តឲ្យចាក់នៅ ថ្ងៃទី០១ ខែមេសា ស្អែកនេះ។
ក្រសួងសុខាភិបាលបានបន្តឲ្យដឹងថា គោលដៅដែលត្រូវចាក់វ៉ាក់សាំងសរុប ៧៤៥.០០០នាក់ (ដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នៅថ្ងៃស្អែកនេះ ជូនក្រុមមនុស្សដែលដល់វេននាពេលនោះមានដូចជា៖
១. ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្រ្តីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូន គ.វ.ក-១៩ ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ) ទាំងថ្នាក់ជាតិ និងក្រោមជាតិដែលពុំទាន់បានចាក់ពីមុន
២. រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូន គ.វ.ក-១៩រួចហើយ
៣. អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូន គ.វ.ក-១៩ តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ)
៤. កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធានី-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំដោយអាជ្ញាធររាជធានី-ខេត្ត)
៥. មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះ ដោយក្រសួងអប់រំ យុវជន និងកីឡា ដោយបានផ្ញើជូន គ.វ.ក-១៩ រួចហើយ)
៦. បុគ្គលិកបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេសនៃអាជ្ញាធរជាតិទាំងអស់នៃគណៈមេធាវីនៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូន គ .វ .ក-១៩ រួចហើយ
៧. ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុប ដែលបានផ្ញើបញ្ជីឈ្មោះជូន គ .វ.ក-១៩ រួចហើយ
៨. កម្មករ-កម្មការិនីនៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្ញើជូន គ.វ.ក-១៩។
[embed-health-tool-bmi]