ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយចំនួនបានប្រកាសដាក់លក់ឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីករការពារជំងឺកូវីដ ១៩ ដែលពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ តើចាំបាច់ទេក្នុងការធ្វើតេស្តរហ័សរកអង់ទីករក្រោយចាក់វ៉ាក់សាំងកូវីដ ១៩?
សំណួរនេះ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា ឆ្លើយថា គ្មានការចាំបាច់ទេចំពោះការធ្វើតេស្តរហ័សរកអង់ទីករលើបុគ្គលដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ រួចនោះ ដោយហេតុផលថា វ៉ាក់សាំងដែលពលរដ្ឋចាក់នោះត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដាក់ក្នុងបញ្ជីប្រើប្រាស់បន្ទាន់ក្នុងគ្រាអាសន្នរួចហើយ។ លោកស្រីបន្តថា វ៉ាក់សាំងទាំងអស់នោះ សុទ្ធតែបានធ្វើតេស្តតាមលក្ខណៈវិទ្យាសាស្ត្រ ឆ្លងកាត់ការសិក្សាជាច្រើនទាក់ទងទៅនឹងសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង។
លោកស្រីសង្កត់ធ្ងន់ថា អង្គការសុខភាពពិភពលោកមិនបានផ្តល់អនុសាសន៍ឲ្យទៅទិញឧបករណ៍ធ្វើតេស្តរកអង់ទីករនោះទេ ព្រោះថាឧបករណ៍នេះមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ។
ក្នុងកាលៈទេសៈនេះ លោកស្រីថា ពលរដ្ឋគួរណាកុំចំណាយថវិកាដើម្បីទិញឧបករណ៍នេះ អ្វីដែលចាំបាច់គឺត្រូវទៅចាក់វ៉ាក់សាំង និងបន្តអនុវត្តតាមវិធានការសុខាភិបាលត្រឹមត្រូវឲ្យបានគ្រប់គ្នា ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើងពីជំងឺកូវីដ ១៩។
[embed-health-tool-bmi]