ម៉ាស់ធម្មតា និងម៉ាស់ KN95 អាចពាក់បានប៉ុន្មានម៉ោង?
ម៉ាស់កំពុងតែហក់ឡើងថ្លៃខ្លាំង ដោយសារតម្រូវការទីផ្សារខ្ពស់ ព្រោះម្នាក់ៗខ្លាចឆ្លងវីរុសកូរ៉ូណាថ្មី។ ទោះជាយើងបានទិញម៉ាស់ហើយ និងពាក់គ្រប់ពេលក៏ដោយ តែអ្នកខ្លះនៅតែធ្វើខុស ដូចនេះលោកវេជ្ជបណ្ឌិតជំងឺទូទៅ លី ឬទ្ធីគុណ នឹងណែនាំពីរយៈពេលប្រើប៉ុន្មានម៉ោងនៃម៉ាស់ធម្មតា (surgical mask) និងម៉ាស់ KN95។
១- ម៉ាស់ធម្មតា
ជាទូទៅម៉ាស់ប្រភេទនេះពាក់បានត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ ហើយបើមិនដល់មួយម៉ោងមានសភាពសើមទឹកមាត់ សំបោរ ក៏ត្រូវផ្លាស់ថ្មីភ្លាមដែរ។ មួយវិញទៀតទម្លាប់ខុសឆ្លងរបស់ប្រជាជនយើង គឺប្រើមួយច្រើនថ្ងៃ ហើយអ្នកខ្លះយកទៅបោកសាប៊ូ និងហាលថ្ងៃស្ងួតយកមកពាក់ទៀត។ ក្រោយយកម៉ាស់មកពាក់ម្ដងទៀត ម៉ាស់នោះលែងមានប្រសិទ្ធភាពការពារវីរុស ឬធូលីហុយទៀតហើយ ព្រោះសម្លីពីស្រទាប់ខាងក្នុងត្រូវបានបំផ្លាញ និងសាច់ម៉ាស់មានសភាពស្ដើង។
២- ម៉ាស់ KN95
ម៉ាស់ប្រភេទនេះ មានសភាពក្រាស់ និងអាចពាក់បានយ៉ាងយូរត្រឹម ៨ ម៉ោងប៉ុណ្ណោះ ហើយបើពាក់បន្តទៀតគឺមិនល្អឡើយ។ ជាធម្មតាម៉ាស់គេប្រើបានតែម្ដងប៉ុណ្ណោះ មិនអាចបោកទឹក រួចយកមកពាក់បន្តទៀតទេ ព្រោះវាអស់ប្រសិទ្ធភាពហើយ។ ម៉ាស់ប្រភេទនេះ ប្រើបានសម្រាប់ពេលមានខ្យល់អាកាសមិនល្អ និងពេលផ្ទុះមេរោគនោះតែម្ដង។ លោកវេជ្ជបណ្ឌិតក៏បានបន្តទៀតថា ការពាក់ម៉ាស់យូរពេកដោះទុកចោល ហើយយកទៅពាក់វិញអាចធ្វើឲ្យមេរោគដែលចេញតាមខ្យល់ដង្ហើមទុំលើម៉ាស់ ហើយពាក់វាវិញទៅអាចឆ្លងចូលទៅវិញដដែល។
ចំណែកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ វិញបានបង្ហាញពីវិធីសម្គាល់ម៉ាស KN95 ពិតប្រាកដត្រូវមានការត្រួតពិនិត្យត្រឹមត្រូវ ហើយបានអនុញ្ញាតដោយវិទ្យាស្ថានពាក់ព័ន្ធ គឺមានសញ្ញាត្រាអក្សរ NIOSH ឬ TC។ ចំណែកម៉ាសយើងឃើញលក់លើអនឡាញភាគច្រើនគឺយកមកពីចិនទេ។ ម៉ាសប្រភេទ KN95 នេះនៅតាមបណ្ដាឱសថស្ថានភាគច្រើន គឺយកមកពីសិង្ហបុរី ដែលជាម៉ាសពិតប្រាកដ។
អត្ថបទពាក់ព័ន្ធ៖
- កុំចេះតែជឿផ្ដេសផ្ដាស!ពេទ្យថា ខ្ទឹមសមិនអាចការពារវីរុសកូរ៉ូណាបានទេ
- រោគសញ្ញាជំងឺរលាកសួតប្រភេទថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]