អាការៈឈឺខ្នងអាចបណ្ដាលមកពីការលើករបស់ធ្ងន់ៗ ឬអាចមកពីជំងឺរលាកសន្លាក់។ មិនថាអាការៈបង្កឡើងដោយអ្វីក៏ដោយ នៅពេលយើងមានអាការៈនេះអាចនឹងមានការលំបាកក្នុងការទៅវិញ។ ក្នុងករណីធ្ងន់ធ្ងរ យើងនឹងមានអារម្មណ៍ស្ពឹកស្រពន់ជើង និងត្រូវទៅជួបគ្រូពេទ្យ។ ប៉ុន្តែសម្រាប់ករណីស្រាលៗ និងនិងឧស្សាហ៍កើតនោះ យើងអាចសាកល្បងធ្វើតាមវិធីខាងក្រោមនេះ៖
១. ស្អំទឹកកក
ទឹកកកគឺមានប្រសិទ្ធភាពណាស់ក្នុងអំឡុងពេល២៤ទៅ៤៨ម៉ោងក្រោយពីរងរបួស ព្រោះជួយកាត់បន្ថយការរលាក។ លោកស្រី E. Anne Reicherter ជាសាស្ត្រាចារ្យសិក្សាផ្នែកការព្យាបាលដោយចលនានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រនៅ Maryland លើកឡើងថាការស្អំទឹកកកលើកន្លែងឈឺចាប់ គួរយកចេញរើរាល់២០នាទីម្ដង ដើម្បីឲ្យស្បែកបានសម្រាកបន្តិច និងថាទឹកកកបើប្រើជាប់យូរក៏អាចបង្កទៅជារលាកវិញ។ ប្រសិនជាប្រើវិធីនេះហើយនៅតែមានការឈឺចាប់ គួរទៅពីគ្រោះជាមួយគ្រូពេទ្យ។
២. ធ្វើចលនា
យើងគួរបន្តធ្វើចលនាដូចជាធម្មតាដូច រៀបចំគ្រែ ទៅធ្វើការ ឬដើរហាត់ប្រាណ។ នៅពេលអាការៈឈឺខ្នងរបស់យើងមានភាពប្រសើរឡើង យើងអាចធ្វើលំហាត់ប្រាណមានដូចជា ហែលទឹក ធាក់កង់ និងការដើរ ដើម្បីឲ្យឆ្អឹងខ្នងមានចលនា ប៉ុន្តែមិនគួរហាត់ជ្រុលពេកទេ និងមិនត្រូវរត់ម៉ារ៉ាតុន នៅពេលយើងឈឺខ្នង។
៣. តម្រង់ខ្នង ឬចង្កេះ
កុំអង្គុយជាប់ពេញមួយថ្ងៃ។ ក្រោកឈរ និងតម្រង់ខ្នងរាល់២០នាទីម្ដង។ សាស្ត្រាចារ្យ Reicherter បានលើកឡើងថាភាគច្រើនយើងចំណាយពេលក្នុងការធ្វើការ ដូចនេះគួរក្រោកឈរ និងតម្រង់ខ្នង និងជើងដែរ។ មនុស្សមួយចំនួនបំបាត់អាការៈឈឺខ្នងដោយហាត់យ៉ូហ្គា (Yoga)។
៤. រៀបចំកន្លែងធ្វើការ
យើងអាចរៀបចំកន្លែងធ្វើការដោយកុំឲ្យឱនទៅមុខដើម្បីមើលកុំព្យូទ័រពេក ឬពិបាកឈោងប្រើ mouse។ មិនត្រឹមតែប៉ុណ្ណោះ គួរប្រើកៅអីដែលជួយដល់ខ្នងផ្នែកខាងក្រោម និងអាចឲ្យយើងដាក់ជើងដល់កម្រាល។
៥. ប្រយ័ត្នទៅលើឥរិយាបថ
ការអង្គុយកោងខ្នងអាចធ្វើឲ្យខ្នងពិបាកក្នុងទប់ទម្ងន់របស់យើង។ ជាពិសេស គួរប្រយ័ត្នទៅលើឥរិយាបថពេលលើករបស់ធ្ងន់ៗ។ នៅពេលលើករបស់ធ្ងន់ យើងមិនគួរឱនដោយប្រើចង្កេះទេ ប៉ុន្តែគួរចំកោងខ្លួននៅជង្គង់វិញ។
៦. ពាក់ស្បែកជើងកែងទាបៗ
សម្រាប់ស្ត្រីដែលឈឺខ្នងគួរប្តូរមកពាក់ស្បែកកែងទាប ព្រោះស្បែកជើងកែងខ្ពស់អាចធ្វើឲ្យមិនមានលំនឹង និងបន្ថែមសម្ពាធទៅលើឆ្អឹងខ្នងផ្នែកខាងក្រោមបន្ថែមទៀត។
៧. ឈប់ជក់បារី
ការជក់បារីអាចបង្កើនបញ្ហាឆ្អឹងផ្សេងៗ និងហានិភ័យជំងឺពុកឆ្អឹងខ្នង។ ជំងឺពុកឆ្អឹងអាចនឹងបង្កឲ្យការបាក់ឆ្អឹងកងខ្នង។ ការសិក្សាក៏បានរកឃើញថាអ្នកជក់បារីប្រឈមនឹងបញ្ហាឈឺខ្នងជាងអ្នកមិនជក់បារី។
៨. រក្សាទម្ងន់
ការយកចិត្តទុកដាក់ទៅលើរបបអាហារ និងការធ្វើលំហាត់ប្រាណជាប្រចាំអាចជួយថែរក្សាទម្ងន់របស់យើងបាន ព្រោះការលើសទម្ងន់អាចផ្តល់សម្ពាធច្រើនដល់ឆ្អឹងខ្នង។
ប្រសិនជាអ្នកមានអាការៈទាំងនេះគួរទៅពិគ្រោះនឹងគ្រូពេទ្យ៖
- អាការៈឈឺខ្នងនេះធ្ងន់ធ្ងរ និងមិនបាត់ក្នុងអំឡុងពេល២ទៅ៣ថ្ងៃ ឬឈឺនៅពេលសម្រាក និងពេលទម្រេតខ្លួន
- មានអារម្មណ៍ស្ពឹកនៅនឹងជើង ឬមានការលំបាកក្នុងឈរ ឬដើរ
- មិនអាចគ្រប់គ្រងការបន្ទោរបង់បាន។
អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍ឈឺកញ្ចឹងក ឆ្អឹងខ្នង អាចបណ្ដាលមកពីបញ្ហានេះ
- Spinal meningitis (ជំងឺរលាកខួរឆ្អឹងខ្នង)
- អ្វីជាជំងឺសឹកឌីសឆ្អឹងខ្នង? ប៉ះពាល់ស្រីៗមានផ្ទៃពោះអត់?
- ពេលមានរបួស ឧស្សាហ៍ស្អំទឹកកក ឬកម្ដៅ តើគួរប្រើពេលណាឲ្យត្រូវបំផុត?
- វិធីជ្រើសរើសពូកគេង កុំឲ្យឈឺខ្នង ឈឺចង្កេះ
- ចូលចិត្តអង្គុយធ្វើការយ៉ាងម៉េចនៅអហ្វីស? ទាំងនេះជារបៀបការពារឈឺនេះឈឺនោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]