ចំណេះដឹងមូលដ្ឋាន
១- អ្វីទៅជាការវះកាត់យកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញដោយប្រើមីក្រូស្កុប?
ជំងឺលានទ្រនាប់ឆ្អឹងខ្នង គឺជាការលូនចេញរបស់ឆ្អឹងកងខ្នង ចូលទៅសង្កត់សរសៃប្រសាទត្រង់កន្លែងដែលសរសៃប្រសាទនោះចេញពីឆ្អឹងខ្នង។ ជំងឺនេះអាចបង្កឱ្យមានការឈឺចុកចាប់ខ្លាំង ខ្សោយ និងស្ពឹកនៅតំបន់ដែលសរសៃប្រសាទបញ្ជា។ សម្រាប់ជំងឺលានទ្រនាប់ឆ្អឹងកងខ្នងចង្កេះ នឹងលេចចេញរោគសញ្ញាឈឺចាប់ ស្ពឹកជើង និងប្រអប់ជើង។
២- ករណីណាខ្លះទើបត្រូវធ្វើការវះកាត់យកយកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញ?
ការវះកាត់មានគោលបំណងបន្ថយការឈឺចាប់ និងជួយឱ្យអ្នកអាចធ្វើចលនាដូចធម្មតាឡើងវិញ។ គួរធ្វើការសម្រេចចិត្តវះកាត់ក្នុងករណីដូចខាងក្រោម៖
– ឈឺជើងខ្លាំង ស្ពឹកជើង ឬជើងខ្សោយ មិនអាចធ្វើសកម្មភាពប្រចាំថ្ងៃបាន
– រោគសញ្ញាទាំងនេះមិនបានធូរស្បើយសោះ បន្ទាប់ពីការព្យាបាលដោយមិនវះកាត់ អស់រយៈពេល ៤សប្ដាហ៍រួចមក
– ការពិនិត្យបង្ហាញថា ជើងរបស់យើងខ្សោយ បាត់បង់ចលនា ឬស្ពឹកលែងដឹងជើង ប៉ុន្តែអាចនឹងធូរស្បើយក្រោយការវះកាត់។
អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍ឈឺកញ្ចឹងក ឆ្អឹងខ្នង អាចបណ្ដាលមកពីបញ្ហានេះ
- ការឈឺខ្នងចង្កេះ ៧ ប្រភេទ ស្រីៗឧស្សាហ៍ជួបប្រទះបំផុត
ស្វែងយល់ពីហានិភ័យ
មុននឹងសម្រេចចិត្តវះកាត់យកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញ
ការវះកាត់ទ្រនាប់ឆ្អឹងខ្នងចង្កេះចេញ អាចបន្ថយការឈឺចាប់លឿនជាងការព្យាបាលដោយមិនវះកាត់។ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់លាស់ថា ការវះកាត់នឹងមានប្រសិទ្ធភាពជាងការព្យាបាលដោយវិធីផ្សេងទៀត នៅពេលក្រោយទៀតឬអត់នោះទេ។
ក្នុងករណីជាច្រើន ការឈឺចាប់អាចធូរស្រាល ដោយមិនចាំបាច់ធ្វើការវះកាត់។ ការព្យាបាលនោះរួមមាន ថ្នាំបំបាត់ការឈឺចាប់ ការសម្រាក និងការធ្វើលំហាត់ប្រាណយ៉ាងត្រឹមត្រូវ។ បើយើងឈឺខ្លាំងពេក យើងក៏អាចព្យាបាលដោយការចាក់ថ្នាំ Steroid ចូលឆ្អឹងខ្នង។
ដូច្នេះមុននឹងសម្រេចចិត្តវះកាត់ យើងត្រូវស្វែងយល់ពីហានិភ័យ និងផលវិបាកដែលអាចបណ្ដាលមកពីការវះកាត់។ ប្រសិនបើយើងមានចម្ងល់ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានលម្អិត។
អត្ថបទពាក់ព័ន្ធ៖
- អ្វីទៅជាជំងឺពកឆ្អឹងខ្នងលើទារក? ហេតុអីទារកប្រឈមនឹងជំងឺនេះ?
- Epidural Anaesthetic (ចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង)
អ្វីដែលយើងត្រូវដឹង និងត្រូវធ្វើ
១- មុនពេលវះកាត់យកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញ
– ប្រាប់គ្រូពេទ្យអំពីថ្នាំដែលយើងប្រើក្នុងពេលថ្មីៗនេះ ថ្នាំដែលយើងមានប្រតិកម្មជាមួយ ឬបញ្ហាសុខភាព
– ជួបពិគ្រោះជាមួយគ្រូពេទ្យខាងដាក់ថ្នាំសណ្ដំ មុនពេលធ្វើការវះកាត់
– ធ្វើតាមការណែនាំរបស់គ្រូពេទ្យអំពីពេលវេលានៃការឈប់ញ៉ាំអាហារ និងផឹកទឹក មុនពេលវះកាត់។
២- ពេលវះកាត់យកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញ
– មានបច្ចេកទេសនៃការដាក់ថ្នាំសណ្ដំផ្សេងៗគ្នា ហើយការជ្រើសរើសយកវិធីណាមួយនោះ ជាការសម្រេចចិត្តរបស់គ្រូពេទ្យខាងថ្នាំសណ្ដំ
– ជាធម្មតា ការវះកាត់ត្រូវចំណាយពេលប្រហែល ៤៥នាទី-១ម៉ោង
– គ្រូពេទ្យនឹងប្រើមីក្រូស្កុបក្នុងការវះយកទ្រនាប់ឆ្អឹងខ្នងចង្កេះត្រង់កន្លែងលូនចេញ។
៣- ក្រោយពេលវះកាត់យកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញ
– អ្នកអាចត្រឡប់ទៅផ្ទះវិញក្រោយពេលវះកាត់រួច ឬនៅថ្ងៃបន្ទាប់
– ហាមលើករបស់ធ្ងន់ ឬពត់ខ្លួន
– រក្សាដងខ្លួនឱ្យបានស្រួល នៅពេលឈរ ឬអង្គុយ
– ការហាត់ប្រាណអាចជួយឱ្យយើងធ្វើសកម្មភាពបានធម្មតាវិញឆាប់រហ័ស ប៉ុន្តែមុននឹងហាត់ប្រាណ ត្រូវសួរយោបល់គ្រូពេទ្យសម្រាប់ដំបូន្មានផ្សេងៗទាក់ទងនឹងការធ្វើលំហាត់ប្រាណនេះ
– អ្នកជំងឺ ៩០% ជាសះស្បើយបន្ទាប់ពីវះកាត់ ហើយអាចធ្វើសកម្មភាពដូចធម្មតាឡើងវិញ។
ប្រសិនបើមានសំណួរ និងការបារម្ភនានា សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានព័ត៌មានលម្អិត។
ផលវិបាកនៃការវះកាត់
ផលវិបាកនៃការវះកាត់យកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញ
ក្រៅពីប្រតិកម្មជាមួយថ្នាំសណ្ដំ ការហូរឈាមច្រើន ឬឈាមកកក្នុងសរសៃឈាម នៅមានផលវិបាកដោយឡែកសម្រាប់ការវះកាត់បន្ទះឆ្អឹងកងខ្នងចង្កេះនេះដូចជា៖
– ពិបាកនោម
– ការឆ្លងមេរោគចូលប្រអប់ទ្រូង
– គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល
– ជើងនៅតែឈឺ និងស្ពឹក
– ស្ពឹកចន្លោះជើងទាំងសងខាង បន្ទោរបង់លាមក និងហៀរនោមអត់ដឹងខ្លួន បញ្ហាឡើងរឹងនៃប្រដាប់ភេទបុរស
– រហែកភ្នាសសរសៃប្រសាទក្នុងឆ្អឹងខ្នង។
យើងអាចកាត់បន្ថយផលវិបាកដោយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ មុនពេលវះកាត់ ដូចជា ការប្រើ ឬឈប់ប្រើថ្នាំមួយចំនួន។
អត្ថបទពាក់ព័ន្ធ៖
- Spinal meningitis (ជំងឺរលាកខួរឆ្អឹងខ្នង)
- ហេតុផលធំៗ៤ ជួយដាស់តឿន មិនឱ្យអង្គុយកោងខ្នង
- ដាក់ឲ្យប្រើហើយ ថ្នាំព្យាបាលមហារីកខួរឆ្អឹងខ្នង ១មុខថ្មី
ក្នុងករណីមានសំនួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]