ឈាមមាននាទីដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅកាន់ជាលិកា សរីរាង្គទាំងអស់ និងកម្ចាត់កាកសំណល់ចេញពីរាងកាយយើង។ ឈាមផ្សំឡើងដោយសារធាតុជាច្រើនដូចជា គ្រាប់ឈាមក្រហម គ្រាប់ឈាមស ប្លាកែត និងប្លាស្មា។ និយាយរួម រាងកាយយើងមិនអាចខ្វះឈាមបានទេ តែបើយើងជួបគ្រោះថ្នាក់បាត់បង់ប៉ុន្មានលីត្រទើបអាចប៉ះពាល់ជីវិត?
យើងត្រូវដឹងជាមុនថា បរិមាណឈាមនៅក្នុងខ្លួនមនុស្ស ជាទូទៅស្មើនឹង ៧% នៃទម្ងន់រាងកាយ ហើយវាក៏អាស្រ័យទៅលើទម្ងន់ ភេទ និងទីតាំងដែលយើងរស់នៅ។ ធម្មតា បរិមាណនៅក្នុងរាងកាយសម្រាប់មនុស្សមាន៖
- ទារក៖ ទារកកើតមកមានសុខភាពល្អ មានបរិមាណឈាមប្រមាណ ៧៥ មិល្លីលីត្រ/គីឡូក្រាមនៃទម្ងន់។ បើទារកមានទម្ងន់ ៣គីឡូក្រាម មានន័យថា រាងកាយអាអូនមានឈាមប្រមាណ ២៧០ មិល្លីលីត្រ។
- កុមារ៖ ចំពោះកុមារដែលមានទម្ងន់ ៣៥-៣៦ គីឡូក្រាម បរិមាណឈាមក្នុងខ្លួនអាចមាន ២៦៥០ មិល្លីលីត្រ។
- មនុស្សពេញវ័យ៖ សម្រាប់មនុស្សពេញវ័យទូទៅ ដែលមានទម្ងន់ពី ៦៨-៨១ គីឡូក្រាម មានបរិមាណឈាមប្រហែល ៤៥០០ មិល្លីលីត្រ (៤.៥ លីត្រ) ដល់ ៥៧០០ មិល្លីលីត្រ (៥.៧លីត្រ)។
- ស្ត្រីពពោះ៖ ដើម្បីទ្រទ្រង់ដល់ការលូតលាស់កូនក្នុងផ្ទៃ ម៉ាក់ៗមានផ្ទៃពោះ ជាទូទៅមានបរិមាណពី ៣០-៥០% ច្រើនជាងស្ត្រីមិនពពោះ។ នេះមានន័យថា ម៉ាក់ៗពពោះមានឈាម ១.៥លីត្រ បន្ថែម។
ពេលខ្លះ បរិមាណឈាមនៅក្នុងខ្លួនមនុស្សអាចខុសគ្នាអាស្រ័យទៅលើទីកន្លែងដែលយើងរស់នៅ។ មនុស្សដែលរស់នៅតំបន់កម្ពស់ខ្ពស់មានបរិមាណឈាមច្រើនជាងមនុស្សរស់នៅតំបន់ធម្មតា។
ចុះមនុស្សយើងបាត់បង់ឈាមប៉ុន្មានទើបគ្រោះថ្នាក់ដល់ជីវិត?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា បើយើងបាត់បង់ឈាមច្រើនពេក ខួរក្បាលរបស់យើងនឹងខ្វះអុកស៊ីសែន ដើម្បីទ្រទ្រង់ដល់ជីវិតយើង។ មនុស្សធ្លាប់ជួបគ្រោះថ្នាក់ ឬរបួសធ្ងន់ធ្ងរដូចជាគ្រោះថ្នាក់ចរាចរណ៍ អាចបាត់បង់ឈាមច្រើនក្នុងរយៈពេលខ្លី។ ប្រសិនបើយើងបាត់បង់ឈាមច្រើនជាង ៤០% នៃរាងកាយ ស្មើនឹង ២លីត្រ យើងអាចស្លាប់បាន។
ចំពោះវិធីជួយសង្គ្រោះវិញ គ្រូពេទ្យនឹងមើលទៅលើទម្ងន់របស់យើង ប៉ាន់ស្មានថាយើងមានបរិមាណឈាមប៉ុន្មានក្នុងខ្លួន។ បន្ទាប់មក គ្រូពេទ្យនឹងពិនិត្យមើលទៅលើចង្វាក់បេះដូង សម្ពាធឈាម និងអត្រានៃការដកដង្ហើម ថាតើរាងកាយបានបាត់បង់ឈាមប៉ុន្មាន ដើម្បីងាយស្រួលដឹងថាត្រូវបញ្ចូលឈាមប៉ុន្មានទើបគ្រប់គ្រាន់ឲ្យបានឆាប់បំផុត។
[embed-health-tool-vaccination-tool]