backup og meta

ចេញ​រោគ​សញ្ញាទាំងនេះ អាចជាជំងឺរលាកសរសៃឈាម

ចេញ​រោគ​សញ្ញាទាំងនេះ អាចជាជំងឺរលាកសរសៃឈាម

ជំងឺ​រលាក​សរសៃ​ឈាម​ បង្ក​ឲ្យ​សរសៃ​ឈាម​ដែល​រលាក​រីក​ធំ​ ហើយ​ជា​លទ្ធ​ផល​​អាច​កម្រិត​ដល់​​លំហូរ​ឈាម​ក្នុង​រាង​កាយ​។ ការ​កម្រិត​លំហូរ​ឈាម​ក្នុង​រាង​កាយ​ អាច​ធ្វើ​ឲ្យ​ខូច​ខាត​​សរីរាង្គ​​ ដែល​កើត​មាន​បញ្ហា​នេះ​។

ជំងឺ​រលាក​សរសៃឈាម​​អាច​​ប៉ះ​ពាល់​ដល់​សរីរាង្គ​តែ​មួយ ឬ​ច្រើន​កន្លែង​លើ​រាង​កាយ និង​អាច​ជា​បញ្ហា​សុខភាព​រយៈ​ពេល​ខ្លី និង​វែង​ផង​ដែរ​។

មូលហេតុ​នាំ​ឲ្យ​មាន​ជំងឺ​រលាក​សរសៃ​ឈាម

យន្ត​ការ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​នេះ​នៅ​មិន​ដឹង​ច្បាស់​នៅ​ឡើយ​។ យ៉ាងណា មាន​ហេតុ​ផល​​​​ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​អាលែកហ្ស៊ី ឬ​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ទៀត អាច​​នាំ​ឲ្យ​កើត​ជំងឺ​នេះ។ ដូច​គ្នា​ដែរ ការ​ឆ្លង​រោគ​អាច​រំញោច​ឲ្យ​មានការ​ឆ្លើយ​តប​ខ្លាំង​ពី​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​នាំ​ឲ្យ​មាន​ការ​ខូច​ខាត​ដល់​សរសៃឈាម​។

បញ្ហា​សុខ​ភាព​នេះ​ អាច​មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ ដូច​ជា​ជំងឺ​ឡុយពុស​​(lupus) ឬ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ ផង​ដែរ​។

រោគ​សញ្ញា​ទូទៅ​​ជំងឺ​រលាក​សរសៃឈាម​រួម​មាន៖

  • ឈឺក្បាល
  • ក្ដៅ​ខ្លួន
  • មាន​អារម្មណ៍​ហត់នឿយ​ខ្លាំង​
  • ស្រក​ទម្ងន់​

រោគ​សញ្ញា​មួយ​ចំនួន​ទៀត អាច​កើត​មាន​អាស្រ័យ​លើ​ទីតាំង​ដែល​កើត​មាន​បញ្ហា​រលាក​សរសៃឈាម​នេះ។

រលាកសរសៃឈាម

ប្រព័ន្ធ​រំលាយអាហារ៖ បើ​សិន​ជា​ប្រព័ន្ធ​រំលាយអាហារ​រង​ផល​ប៉ះពាល់​ យើង​អាច​នឹង​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​ក្រោយ​ពី​ញ៉ាំ​បាយ​ភ្លាម​ៗ។ ដូច​គ្នា​ដែរ យើង​ក៏​អាច​មាន​ដំបៅ ហើយ​ជា​លទ្ធផល អាច​មាន​ឈាម​ក្នុង​លាមក​ទៀត​ផង​។

ត្រចៀក​៖ ត្រចៀក​ដែល​មាន​បញ្ហា​រលាក​សរសៃឈាម អាច​ធ្វើ​ឲ្យ​យើង​វិល​មុខ ឬ​អាច​ឈាន​ដល់​បាត់បង់​ការ​ស្ដាប់​ ។

ភ្នែក​៖ ជំងឺ​រលាក​សរសៃ​ឈាម​នេះ​អា​ច​កើត​មាន​នៅ​ភ្នែក​ដែរ ដែល​ធ្វើ​ឲ្យ​ភ្នែក​ឡើង​ក្រហម ឬ​រមាស់។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ ភ្នែក​ដែល​មាន​ជំងឺ​នេះ​អាច​មើល​មិន​ឃើញ​​ក្នុង​រយៈពេល​ណា​មួយ ឬ​ពិការ​ភ្នែក​ម្ខាង ឬ​ទាំង​ពីរ​ក៏​មាន​។

ដៃ និង​ជើង៖ ជំងឺ​រលាក​សរសៃ​ឈាម​ប្រភេទ​ខ្លះ​អាច​ធ្វើ​ឲ្យ​ស្ពឹក ឬ​ខ្សោយ​ នៅ​លើ​ដៃ ឬ​ជើង​ម្ខាង​។ បញ្ហា​នេះ អាច​ធ្វើ​ឲ្យ​បាត​ដៃ ឬ​បាត​ជើង​ឡើង​ហើម​ដែរ​។

សួត៖ សួត​កើត​មាន​ជំងឺ​រលាក​សរសៃ​ឈាម អាច​ធ្វើ​ឲ្យ​យើង​ឆាប់​ហត់ ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លះ​អាច​បង្ក​ឲ្យ​មាន​ក្អក​ឈាម​ទៀត​ផង​​។

ស្បែក៖ ជំងឺ​រលាក​សរសៃ​កើត​លើ​ស្បែក អាច​បង្ក​ឲ្យ​ចេញ​ឈាម​នៅ​ក្រោម​ស្បែក ដែល​អាច​បង្ក​ឲ្យ​លេច​ចេញ​​ស្នាម​ក្រហម​លើ​ស្បែក​។

ផល​វិបាក

ជំងឺ​រលាក​សរសៃឈាម​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ។ សរសៃឈាម​ខ្សោយ​អាច​បង្ក​ឲ្យ​​ទៅ​ជា​ជំងឺ​ប៉ោង​សរសៃឈាម​ក្រហម ដែល​អាច​នាំ​ឲ្យ​សរសៃ​ឈាម​បែក និង​នាំ​ឲ្យ​ហូរ​ឈាម​ច្រើន​។

សរសៃឈាម​រួម​តូច ឬ​រលាក​សរសៃឈាម សុទ្ធ​តែ​អាច​រាំងស្ទះ​ដល់​លំហូរ​ឈាម​បាន​ដូច​គ្នា។ ក្នុង​ករណី​ទីតាំង​កើតជំងឺ​សរសៃ​ឈាម​ត្រូវ​បាន​រាំងស្ទះ ហើយ​មិន​មាន​សរសៃឈាម​ផ្សេង​នាំ​យក​ឈាម​ទៅ​ជំនួយ​នៅ​ទីតាំង​នោះ​​ទេ ជាលិកា​នឹង​ងាប់។ ការណ៍​នេះ​អាច​​កើត​មាន​នៅ​គ្រប់​ផ្នែក​​នៃ​រាង​កាយ​។​

ជំងឺ​រលាក​សរសៃ​ឈាម​អាច​បង្ក​ជា​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ​។ ជំងឺ​នេះ​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម ដែល​សរសៃឈាម​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​រក្សា​រាង​កាយ​ឲ្យ​មាន​សុខ​ភាព​ល្អ​។ ចូរ​ស្វែង​រក​ជំនួយ​ពី​គ្រូ​ពេទ្យ​បើ​សិន​ជា​គ្នា​យើង​មាន​ចេញ​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vasculitis, https://www.mayoclinic.org/diseases-conditions/vasculitis/symptoms-causes/syc-20363435

What is an inflammation?, https://www.ncbi.nlm.nih.gov/books/NBK279298/

What is a Urinalysis (also called a “urine test”)?, https://www.kidney.org/atoz/content/what-urinalysis#:~:text=A%20urinalysis%20is%20a%20simple,called%20a%20%E2%80%9Curine%20test.%E2%80%9D

Steroids (Anabolic), https://www.drugabuse.gov/drug-topics/steroids-anabolic

កំណែ​ប្រែបច្ចុប្បន្ន

06/09/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គ្មានទេ ជំងឺឈាមស ស៊ីឈាមក្រហម (វីដេអូ)

ទារក ឬកុមារ បើកើតជំងឺឈាមម្យ៉ាងនេះហើយ ត្រូវព្យាបាលអស់មួយជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម