ជាទូទៅប្រសិនជាមានជំងឺទឹកនោមផ្អែមប្រភេទ ២ យើងតែងចាប់ផ្ដើមការព្យាបាលដោយការផ្លាស់ប្ដូរការរស់នៅប្រចាំថ្ងៃ និងប្រើប្រាស់ថ្នាំលេប។ សម្រាប់គ្នាយើងមួយចំនួន ការព្យាបាលនេះគឺគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានរយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែសម្រាប់គ្នាយើងមួយចំនួនទៀត ការព្យាបាលនេះមិនគ្រប់គ្រាន់ទេ ហើយកម្រិតជាតិស្ករក្នុងឈាមនៅតែកើនឡើងទោះបីជាមានការផ្លាស់ប្ដូររបបអាហារ និងហាត់ប្រាណជាប្រចាំរួមទាំងផឹកថ្នាំតាមវេជ្ជបញ្ជាហើយក៏ដោយ។
មូលហេតុដែលធ្វើឲ្យថ្នាំលេបមិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានគឺនៅមិនទាន់ដឹងច្បាស់ទេ ប៉ុន្តែអ្នកជំនាញគិតថានេះមកពីកោសិកាមួយប្រភេទនៅក្នុងលំពែងឈ្មោះថា កោសិកា Beta ដែលមានតួនាទីបញ្ចេញអ័រម៉ូនអាំងស៊ុយលីនដើម្បីឆ្លើយតបនឹងការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាម។ បើយើងមានជំងឺទឹកនោមផ្អែម កោសិកា Beta អាចនឹងមានដំណើរការមិនល្អ ហើយនេះគឺជារឿងធម្មតាសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
ថ្នាំលេបសម្រាប់ជំងឺទឹកនោមផ្អែមមួយចំនួនគឺជួយបង្កើនបរិមាណអាំងស៊ុយលីនចេញពីកោសិកា Beta ទៅក្នុងលំហូរឈាម។ ប៉ុន្តែនៅពេលប្រើថ្នាំយូរទៅ កោសិកា Beta ក្នុងរាងកាយអាចនឹងមិនអាចធន់នឹងថ្នាំដែលជំរុញការផលិតអាំងស៊ុយលីន និងបញ្ចេញក្នុងរាងកាយបាន។ ដោយមូលហេតុនេះរួមជាមួយនឹងកត្តាផ្សេងទៀតដូចជារាងកាយឆ្លើយតបទៅនឹងអាំងស៊ុយលីនមិនបានល្អក៏អាចបកស្រាយបានថាជាមូលហេតុដែលថ្នាំលេបលែងមានប្រសិទ្ធភាពផងដែរ។
សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ មួយចំនួនតូចថ្នាំលេបមិនអាចជួយបញ្ចុះកម្រិតជាតិស្ករមកកម្រិតធម្មតាទេ។ ជាទូទៅអ្នកដែលប្រើថ្នាំហើយមិនមានប្រសិទ្ធភាពគឺអ្នកមានជំងឺទឹកនោមផ្អែមក្នុងរយៈពេលច្រើនជាង១០ឆ្នាំ ឬអ្នកដែលបានទទួលអាំងស៊ុយលីនក្នុងកម្រិតណាមួយជារៀងរាល់ថ្ងៃ។ សម្រាប់អ្នកជំងឺប្រភេទនេះត្រូវការការព្យាបាលច្រើនជាងថ្នាំលេប។
នៅពេលថ្នាំលេបលែងមានប្រសិទ្ធភាព អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីកំណត់ការព្យាបាលផ្សេងទៀត។ សម្រាប់អ្នកមួយចំនួន ជំហានបន្ទាប់គឺការចាក់អាំងស៊ុយលីន។ ក្រៅពីការចាក់អាំងស៊ុយលីនក៏មានថ្នាំចាក់ប្រភេទផ្សេងដែលអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន។ ក្នុងចំណោមថ្នាំចាក់នោះគឺអ័រម៉ូន amylin ដែលគេបង្កើតឡើងដើម្បីធ្វើការជាមួយអាំងស៊ុយលីនក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងថ្នាំមួយប្រភេទទៀតគឺ incretin mimetics ដែលជួយបង្កើនការបញ្ចេញអាំងស៊ុយលីនទៅក្នុងលំហូរឈាមនៅពេលកម្រិតជាតិស្ករក្នុងឈាមកើនឡើង។
ចំណែកឯអ្នកជំងឺទឹកនោមផ្អែមដែលមានជំងឺធាត់ ជំងឺធាត់ខ្លាំង ឬស្រកទម្ងន់ ការវះកាត់កែប្រែលើប្រព័ន្ធរំលាយអាហារ គឺមានប្រសិទ្ធភាពក្នុងការបញ្ចុះកម្រិតជាតិស្ករក្នុងឈាមដោយកាត់បន្ថយទម្ងន់រាងកាយ។ អ្នកដែលធ្វើការវះកាត់នេះឃើញថាកម្រិតជាតិស្ករក្នុងឈាមត្រលប់មកកម្រិតធម្មតាដោយសារការស្រកទម្ងន់។ ប្រសិនជាអ្នកមានជំងឺទឹកនោមផ្អែមហើយមាន BMI ច្រើនជាង៣៥ ការវះកាត់នេះគឺជួយឲ្យកម្រិតជាតិស្ករក្នុងឈាមនៅកម្រិតធម្មតា។
សម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលថ្នាំលេបលែងមានប្រសិទ្ធភាព យកល្អគួរមានគំនិតវិជ្ជមាន និងបន្តពិគ្រោះជាមួយគ្រូពេទ្យ។ អ្នកវិទ្យាសាស្ត្រកំពុងខិតខំស្វែងរកវិធីព្យាបាលផ្សេងទៀតដើម្បីជួយដល់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២។
[embed-health-tool-bmi]