ប្រសិនបើយើងចង់ការពារខ្លួនពីជំងឺទឹកនោមផ្អែម យើងត្រូវតែយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពឲ្យបានដិតដល់។ តើគ្នាយើងធ្លាប់ដឹងទេថាជំងឺទឹកនោមផ្អែម៧០% គឺអាចជៀសវាងបាន ប្រសិនបើយើងថែទាំសុខភាពឲ្យល្អ?
ជាទូទៅ ដោយសារតែបែបបទរស់នៅប្រចាំថ្ងៃរបស់យើងមិនសូវសកម្ម ជាមួយនឹងការធ្វើការងារដោយប្រើបច្ចេកវិទ្យាជឿនលឿន ព្រមទាំងការគេងមិនបានគ្រប់គ្រាន់ ក៏ដូចជាការផ្លាស់ប្ដូរទម្លាប់ហូបចុកផងនោះសុខភាពរបស់យើងកំពុងតែប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។
អត្រា ឬល្បឿនដែលរាងកាយយើងដុតរំលាយ ឬប្រើប្រាស់កាឡូរី ដើម្បីបង្កើតថាមពលហៅថាមេតាប៉ូលិស។ នៅពេលដែលស្ថានភាពនៃភាពធន់នឹងអាំងស៊ុយលីន (ស្ថានភាពរំលាយអាហារ) និង មេតាប៉ូលិស ត្រូវបានរាំងស្ទះ ហានិភ័យសុខភាព និងជំងឺជាច្រើននឹងអាចប៉ះពាល់ដល់សុខភាពរបស់យើង។ បញ្ហាសុខភាពដែលកើតមានជាទូទៅ ដែលពាក់ព័ន្ធទៅនឹងភាពធន់នៃអាំងស៊ុយលីន មានដូចជាការធាត់ជ្រុល ទឹកនោមផ្អែម កូលេស្តេរ៉ូលខ្ពស់ ជំងឺបេះដូង សម្ពាធឈាមខ្ពស់ និងគីសទឹកនៅក្រពេញអូវែ (PCOS) ជាដើម។
ដូចនេះហើយ ដើម្បីចៀសវាងកើតជំងឺទឹកនោមផ្អែមយើងត្រូវ៖
១. រក្សាទម្ងន់ឲ្យបានត្រឹមត្រូវ
យើងប្រហែលជាបានដឹងហើយថា ការស្រកទម្ងន់ ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់យើង។ នៅពេលដែលយើងស្រកទម្ងន់ចាប់ពី៥% ទៅ១០% វានឹងជួយសម្រួលដល់ប៉ារ៉ាម៉ែត្រសុខភាពបានយ៉ាងច្រើន។ លើសពីនេះ វាថែមទាំងជួយឲ្យប្រសើរឡើងនូវភាពប្រែប្រួលអាំងស៊ុយលីន និងកម្រិតថាមពលថែមទៀតផង។
២. របបអាហារត្រឹមត្រូវ
ការញ៉ាំអាហារត្រឹមត្រូវ និងមានតុល្យភាព គឺពិតជាមានសារៈសំខាន់ណាស់។ ចូរញ៉ាំអាហារស្រស់ៗ ដោយទំពាយឺតៗ ក៏ដូចជាទៀងទាត់ពេលវេលា។ ចៀសវាងញ៉ាំអាហារច្រើនជ្រុល ឬតិចជ្រុល។ ជាធម្មតា រាល់អាហារដែលមានរសជាតិឆ្ងាញ់ គឺមិនសូវជាល្អចំពោះសុខភាពប៉ុន្មានទេ។ ជាមួយគ្នានេះដែរ យើងត្រូវចៀសវាងអាហារប្រភេទរលាក ឬមិនមានសុខភាពល្អ ដែលសម្បូរទៅដោយជាតិខ្លាញ់មិនល្អ ឬជាតិខ្លាញ់ខ្ពស់។ បន្ថែមពីនេះ រាងកាយរបស់យើងក៏ត្រូវការទឹក និងសារជាតិរាវក្នុងបរិមាណសមល្មមផងដែរ។
៣. ធ្វើលំហាត់ប្រាណ
ចូរធ្វើលំហាត់ប្រាណប្រកបដោយភាពឆ្លាតវៃ ដោយចាប់ផ្ដើមពីការហាត់កាយសម្បទា ដើម្បីបង្កើនការធ្វើមេតាប៉ូលិស។ យើងអាចដើរលឿនរយៈពេល៥នាទីសិន រួចដើរយឺតៗ ឬរត់ត្រឹកៗជាដើម។ ក្នុងករណីដែលយើងមានបញ្ហាសុខភាពស្រាប់ យើងអាចចាប់ផ្ដើមលំហាត់ប្រាណ ដូចជាការដើរ ហែលទឹក ឬជិះកង់។ល។ បន្ទាប់ពីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យរួច។ អត្ថប្រយោជន៍មួយទៀតនៃលំហាត់ប្រាណ គឺការបង្កើនសាច់ដុំ ដោយការលើកទម្ងន់ ឬប្រើឧបករណ៍ទាញសាច់ដុំ ដែលសមស្របចំពោះរាងកាយ ក៏ដូចជាសុខភាពរបស់យើង។
៤. គេងឲ្យបានស្កប់ស្កល់
ការគេងគ្រប់គ្រាន់ និងស្កប់ស្កល់ គឺមានគុណតម្លៃដ៏ប្រសើរសម្រាប់ការធ្វើមេតាប៉ូលិស។ ពិតណាស់ ពេលដែលយើងគេងលក់ រាងកាយរបស់យើងនឹងធ្វើការជួសជុល ព្រមទាំងទទួលបានថាមពលឡើងវិញជាក់ជាមិនខាន។ ចូរបន្ថយ ឬបញ្ឈប់ការប្រើប្រាស់ឧបករណ៍ផ្សេងៗដូចជាទូរសព្ទ ឬកុំព្យូទ័រជាដើម រយៈពេលមួយម៉ោងមុនពេលចូលគេង និងគេងឲ្យបាន៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ។
៥. កាត់បន្ថយស្រ្តេស
ស្រ្តេសប៉ះពាល់ដល់កម្រិតអ័រម៉ូន ហើយវាក៏អាចធ្វើឲ្យរាងកាយយើងផលិតអ័រម៉ូនកូទីសុល( Cortisol ) ច្រើនជាងធម្មតា។ អ័រម៉ូនកូទីសុលអាចគ្រប់គ្រងចំណង់អាហារបាន ហើយសម្រាប់អ្នកដែលមានកម្រិតអ័រម៉ូននេះខុសប្រក្រតី នឹងអាចប្រឈមមុខនឹងការធ្លាក់ចុះនៃចំណង់អាហារ ដែលបញ្ហានេះ នឹងធ្វើឲ្យរាំងស្ទះដល់ការធ្វើមេតាប៉ូលិស។
[embed-health-tool-bmi]