នៅក្នុងករណីដែលយើងស្ថិតក្នុងដំណាក់កាលត្រៀមកើតជំងឺទឹកនោមផ្អែម យើងគួរតែរកវិធីទប់ស្កាត់ឲ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀសការកើតជំងឺរ៉ាំរ៉ៃមួយប្រភេទនេះ។ ពិតណាស់ ប្រសិនបើយើងចាប់ផ្ដើមផ្លាស់ប្ដូរបែបបទរស់នៅ ឬទទួលការព្យាបាល យើងពិតជាអាចការពារខ្លួនពីជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះហើយ ចូរសាកល្បងអនុវត្តវិធីសាស្ត្រខាងក្រោមនេះ ដើម្បីជៀសឆ្ងាយពីជំងឺទឹកនោមផ្អែម។
១. បញ្ចេញសកម្មភាពរាងកាយឲ្យបានច្រើន
នៅពេលដែលយើងបញ្ចេញសកម្មភាពរាងកាយឲ្យបានច្រើន វានឹងធ្វើឲ្យយើងមានហានិភ័យកាន់តែទាបក្នុងការកើតជំងឺទឹកនោមផ្អែម។ ពិតណាស់ ការបញ្ចេញសកម្មភាពរាងកាយ គឺជាផ្នែកព្យាបាលដ៏សំខាន់មួយសម្រាប់អ្នកដែលត្រៀមកើតជំងឺនេះ ពីព្រោះវាជួយកាត់បន្ថយជាតិស្ករក្នុងឈាម ព្រមទាំងបន្ថយជាតិខ្លាញ់ដែលមាននៅក្នុងរាងកាយថែមទៀតផង។
២. សម្រកទម្ងន់
ប្រសិនបើយើងធាត់ជ្រុល ការសម្រកទម្ងន់ពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីការពារខ្លួនយើងកុំឲ្យកើតជំងឺទឹកនោមផ្អែម។ យោងតាមការសិក្សាមួយ បានបង្ហាញថា អ្នកត្រៀមកើតជំងឺទឹកនោមផ្អែម ដែលស្រកទម្ងន់ចាប់ពី៥%ទៅ៧%នៃទម្ងន់ខ្លួន អាចកាត់បន្ថយឱកាសក្នុងការកើតជំងឺទឹកនោមផ្អែមរហូតដល់៥៨%។
៣. របបអាហារត្រឹមត្រូវ
ជាមួយគ្នានេះដែរ របបអាហារត្រឹមត្រូវ គឺជាអ្វីដែលយើងមិនគួរមើលរំលងឡើយ។ ចូរញ៉ាំបន្លែឲ្យបានច្រើន ជាពិសេសគឺស្ពៃពួយឡេង និងបន្លែដែលមានស្លឹកបៃតងដូចជាផ្កាខាត់ណា ការ៉ុត និងសណ្ដែកបៃតងជាដើម ព្រមទាំងញ៉ាំអាហារឲ្យបានយ៉ាងតិច៣ដងក្នុងមួយថ្ងៃ។ បន្ថែមពីនេះ ចូរញ៉ាំអាហារដែលមានជាតិសរសៃ និងញ៉ាំផ្លែឈើនៅក្នុងកម្រិតសមល្មម ព្រមទាំងញ៉ាំអាហារប្រភេទគ្រាប់ធញ្ញជាតិ ជំនួសឲ្យធញ្ញជាតិកែច្នៃ។
៤. គេងឲ្យបានគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ នឹងធ្វើឲ្យរាងកាយរបស់យើងពិបាកប្រើប្រាស់អាំងស៊ុយលីនឲ្យមានប្រសិទ្ធភាពណាស់ ហើយព្រមទាំងជំរុញការកើតជំងឺទឹកនោមផ្អែមប្រភេទ២ផងដែរ។ ហេតុដូច្នេះហើយ ចូរបង្កើតទម្លាប់គេងដ៏ល្អមួយ ដោយភ្ញាក់នៅម៉ោងដដែលៗ និងគេងឲ្យបាន៨ម៉ោងក្នុងមួយថ្ងៃ។ ចូរជៀសវាងមើលទូរទស្សន៍ ឬកុំព្យូទ័រ ឬទូរសព្ទដៃ នៅពេលដែលយើងព្យាយាមគេង ក៏ដូចជាមិនត្រូវញ៉ាំកាហ្វេអ៊ីន ក្រោយញ៉ាំអាហារថ្ងៃត្រង់ឡើយ។
៥. ទទួលបានការគាំទ្រ
ការសម្រកទម្ងន់ ការញ៉ាំអាហារសុខភាព និងការធ្វើលំហាត់ប្រាណជាទៀងទាត់ គឺកាន់តែងាយស្រួល ប្រសិនបើយើងមានមនុស្សនៅចាំជួយលើកទឹកចិត្ត និងជួយជ្រោមជ្រែង។ ដូចនេះ ការចូលរួមជាក្រុមជាមួយនឹងអ្នកដែលមានគោលបំណងចង់ទទួលបានសុខភាពល្អដូចគ្នា គឺជាជម្រើសដ៏ល្អមួយសម្រាប់យើង។
[embed-health-tool-bmi]