- រៀបចំផែនការមុនពពោះ
- ពិនិត្យរាងកាយ
- ពិនិត្យជាតិស្ករក្នុងឈាមឲ្យទៀងទាត់
- អាហារ និងលំហាត់ប្រាណត្រឹមត្រូវ
- ការព្យាបាលត្រឹមត្រូវ
- រក្សាទម្ងន់ឲ្យបានសមរម្យ
ត្រួតពិនិត្យដោយ គឹម កាណែល
ពិបាកណាស់ទម្រាំមានផ្ទៃពោះ រហូតដល់ត្រៀមសម្រាលបេប៊ីម្នាក់នឹងគេ។ ច្បាស់ជាចង់ឃើញមុខអាអូនខ្លាំងណាស់ហើយ ទោះពិបាកប៉ុណ្ណា រង់ចាំយូរប៉ុណ្ណា ត្រៀមរួចរាល់អស់ហើយ មិនអ៊ីចឹង? ប៉ុន្តែអ្វីត្រូវត្រៀមមិនមែនត្រឹមរង់ចាំថ្ងៃសម្រាលទេ សុខភាពអំឡុងពេលពពោះ ជារឿងសំខាន់ ព្រោះអាចប្រឈមជំងឺទឹកនោមផ្អែមពេលពពោះ អាចជះឥទ្ធិពលអាក្រក់ខ្លាំងទាំងសុខភាពម៉ាក់ៗ និងបេប៊ី បើមិនបានការពារទុកជាមុន។ មិនឲ្យបញ្ហានេះកើតឡើង ចំណាយពេលបន្ដិចជាមួយ “Hello គ្រូពេទ្យ” ថ្ងៃនេះ។
ជាតិស្ករក្នុងឈាម ជាសារធាតុចិញ្ចឹមចាំបាច់ផ្តល់ថាមពលទៅចិញ្ចឹមកោសិការាងកាយ។ ប៉ុន្តែ ជាតិស្ករទាំងនេះ មិនអាចបញ្ជូនទៅកាន់កោសិកាដោយឯកឯងទេ គឺត្រូវការជំនួយពីអ័រម៉ូន អាំងស៊ុយលីន ដើម្បីបំបែកជាថាមពល។ ហេតុនេះ ករណីកើតទឹកនោមផ្អែមពេលពពោះ ដោយសារអ័រម៉ូន អាំងស៊ុយលីន មានបញ្ហា ជាតិស្ករមិនអាចបម្លែងជាថាមពលបាន នាំឲ្យស្តុកជាតិស្ករក្នុងឈាមលើសកម្រិត បង្កជាផលវិបាក និងគ្រោះថ្នាក់ជាច្រើន។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
ដើម្បីបន្ថយកត្តាប្រឈមជំងឺនេះ គ្នាយើងអាចការពារបានដោយប្រើវិធីដូចខាងក្រោម៖
គ្នាយើងគួរត្រៀមខ្លួនមុនពពោះយ៉ាងហោចណាស់ ៣ខែ ដើម្បីរៀបចំផែនការផ្សេងៗ ដូចជា ទៅចាក់ថ្នាំបង្ការជំងឺកញ្ជ្រឹល ពិនិត្យសុខភាពផ្លូវភេទ ដើម្បីប្រាកដថា រាងកាយមានសុខភាពល្អអាចពពោះបាន និងចៀសផុតហានិភ័យពីជំងឺគ្រោះថ្នាក់ផ្សេងៗ។
គួរទៅពិនិត្យរាងកាយ យ៉ាងហោចណាស់ ម្តងក្នុងមួយឆ្នាំ គួរឆ្លៀតនិយាយជាមួយពេទ្យពាក់ព័ន្ធបញ្ហាសុខភាពយើង មុនពេលមានផ្ទៃពោះ។ ត្រៀមសំណួរជុំវិញបញ្ហាសុខភាពជាមុន ដើម្បីកុំឲ្យភ្លេច ពេលជួបពេទ្យ។
គួរធ្វើតេស្តពិនិត្យឈាមយ៉ាងហោចណាស់ឲ្យបាន ៣ខែ មុនពេលពពោះ ព្រោះវាជួយឲ្យយើងដឹងពីកម្រិតជាតិស្ករក្នុងឈាម ឬបញ្ហាផ្សេងៗ។
មធ្យោបាយបែបធម្មជាតិ និងមានប្រសិទ្ធភាពគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម គឺញ៉ាំអាហារ និងហាត់ប្រាណឲ្យបានត្រឹមត្រូវ។ បើគ្នាយើងរវល់មិនអាចហាត់ប្រាណទៀងទាត់ អាចធ្វើចលនាឲ្យបានប្រមាណ ២ ម៉ោងកន្លះ ក្នុងមួយសប្តាហ៍។ ស្រីៗមានផ្ទៃពោះគួរញ៉ាំអាហារបន្ថែមឲ្យគ្រប់ ៣០០កាឡូរី អំឡុងពេលពពោះ។ គួរញ៉ាំម្តងបន្តិចៗ ច្រើនដង ញ៉ាំចំណីឲ្យបានគ្រប់មុខ កុំញ៉ាំច្រើនក្នុងពេលតែមួយ ទើបអាចការពារ កុំឲ្យកើតជំងឺទឹកនោមផ្អែមពេលកំពុងពពោះ។
មិនត្រូវនៅស្ងៀម មិនធ្វើចលនានោះឡើយ អាចធ្វើលំហាត់ប្រាណស្រាលៗ ដូចជា យូហ្គា ដើរ ហែលទឹក ជាដើម។ ហាត់ប្រាណឲ្យបែកញើស អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ជួយឲ្យឈាមដើរស្រួល ជួយដល់ការលូតលាស់បេប៊ីផងដែរ។
អត្ថបទគួរអាន៖
ពេលម៉ាក់ៗកើតទឹកនោមផ្អែមពេលកំពុងពពោះ ពួកគេនឹងទទួលការព្យាបាល ដោយចាក់អ័រម៉ូន អាំងស៊ុយលីន ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ វីធីព្យាបាលនេះ ជួយដល់ការឡើងទម្ងន់ និងការលូតលាស់របស់បេប៊ីបានត្រឹមត្រូវ និងបន្ថយហានិភ័យរលូត ឬកើតមុនខែថែមទៀតផង។
លើសទម្ងន់ ឬធាត់ខ្លាំង អាចប្រឈមខ្ពស់ជំងឺជាច្រើន ដូចជា ជំងឺបេះដូង ទឹកនោមផ្អែមប្រភេទ ២ និងមហារីក (ស្បូន សុដន់ ពោះវៀន)។ ចំណែក គ្នាយើងស្គមខ្លាំងពេក ក៏អាចប្រឈមជំងឺធ្ងន់ធ្ងរមួយចំនួនទៀតដូចគ្នា។
ទឹកនោមផ្អែមពេលមានផ្ទៃពោះ ជាជំងឺគ្រោះថ្នាក់ចំពោះសុខភាពទាំងម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។ អ៊ីចឹង ថែទាំសុខភាពមុនពេលពពោះ មានប្រយោជន៍ខ្លាំង កាត់បន្ថយកត្តាប្រឈមជំងឺដ៏គ្រោះថ្នាក់មួយនេះ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល