ជំងឺទឹកនោមផ្អែមពេលពពោះ កើតឡើងញឹកញាប់លើស្រីៗ ហៅថាទឹកនោមផ្អែមប្រភេទ ៣។ យ៉ាងណា ជំងឺប្រភេទនេះ ខុសពីទឹកនោមផ្អែមប្រភេទផ្សេងៗទៀត នឹងជាទៅវិញក្រោយពេលសម្រាលកូនរួច។ ប៉ុន្តែ បើមិនចេះបង្ការ ឬព្យាបាលត្រឹមត្រូវទេ អាចប៉ះពាល់សុខភាពទាំងម៉ាក់ៗ និងអូនៗតែម្តង ពិសេសម៉ាក់ៗ អាចនឹងកើតជំងឺបម្រុងក្រឡាភ្លើង (Pre-eclampsia) ការបង្ករោគ ហូរឈាមក្រោយសម្រាល (Postpartum hemorrhage) និងរលូតកូនទៀត។
ការព្យាបាល គឺសំខាន់ណាស់ ដើម្បីរក្សាសុខភាពកូនឲ្យបានល្អ និងចៀសវាងផលលំបាកពេលសម្រាល។ ទាំងនេះជាវិធីបង្ការខ្លះៗ គ្នាយើងអាចអនុវត្តបាន៖
១- ពិនិត្យជាតិស្ករក្នុងឈាមឲ្យទៀងទាត់
កំពុងពពោះ ពេទ្យនឹងពិនិត្យជាតិស្ករក្នុងឈាមយើងពី ៤-៥ ដងក្នុងមួយថ្ងៃ ជាពិសេសពេលព្រឹក និងក្រោយអាហារ។ ជាធម្មតា ជាតិស្ករពេលមិនទាន់ញ៉ាំអាហារ ត្រូវតិចជាង ១០០ មិល្លីក្រាម/ដេស៊ីលីត្រ។ ១ ម៉ោងក្រោយអាហារ តិចជាង ១៤០ មិល្លីក្រាម/ដេស៊ីលីត្រ ហើយ ២ ម៉ោងក្រោយអាហារ គឺ ១៣០ មិល្លីក្រាម/ដេស៊ីលីត្រ។
បើសិនជាកំពុងមានផ្ទៃពោះ កម្រិតជាតិស្ករខ្ពស់ជាងនេះ អាចកើតជំងឺទឹកនោមផ្អែមពេលពពោះមិនខាន។ ពិនិត្យជាតិស្ករក្នុងឈាម នឹងជួយស្ត្រីជាម្ដាយបានដឹងពីកម្រិតជាតិស្ករក្នុងខ្លួន ហើយព្យាបាលត្រឹមត្រូវ។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗមានទឹកនោមផ្អែមពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃកម្រិតណា?
២- ញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់
អាហារមានជីវជាតិ អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។ អ្នកមានផ្ទៃពោះ មិនគួរញ៉ាំអាហារមានជាតិស្ករខ្ពស់ ឬកាបូអ៊ីដ្រាតច្រើនទេ គួរងាកមកញ៉ាំអាហារប្រភេទផ្សេងៗវិញ ដូចជា ពពួកស្ករម្សៅ (Starch) អាហារមានជាតិដែក វីតាមីន និងអាហារមានជាតិខ្លាញ់តិច។ គួរញ៉ាំអាហារចម្បង ៣ពេល ហើយអាហារសម្រន់ ៣ ពេលដូចគ្នា ក្នុងមួយថ្ងៃ។
មានផ្ទៃពោះ គួរញ៉ាំអាហារមានកាកសរសៃ ដូចជា បន្លែ ផ្លែឈើ អង្ករសម្រូប នំប៉័ង។ អ្នកធាត់ខ្លាំង គួរញ៉ាំដោយគណនាជា ៣០ គីឡូកាឡូរី/គីឡូ/ថ្ងៃ។
៣- ព្យាបាលដោយអាំងស៊ុយលីន
អាំងស៊ុយលីន ជាអ័រម៉ូនសម្រាប់ព្យាបាលទឹកនោមផ្អែម ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។ បើសិន ការកម្រិតអាហារ និងហាត់ប្រាណ មិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបាន អ្នកមានផ្ទៃពោះ ត្រូវចាក់អាំងស៊ុយលីន ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យបានល្អ។ គ្នាយើងមួយចំនួនទទួលបានលទ្ធផលល្អ ក្រោយប្រើថ្នាំនេះ ហើយអ្នកខ្លះត្រូវថ្នាំប្រភេទផ្សេង ដូចជា Glyburide ជាដើម។
៤- ហាត់ប្រាណ
ហាត់ប្រាណបញ្ចុះកម្រិតជាតិស្ករក្នុងឈាម ដោយយកស្ករទៅឲ្យកោសិកា និងបម្លែងជាថាមពលដើម្បីប្រើ។ ហាត់ប្រាណ ជួយបង្កើនប្រសិទ្ធភាពអាំងស៊ុយលីន មានន័យថា រាងកាយយើងនឹងមិនត្រូវការអ័រម៉ូននេះច្រើនឡើយ ដើម្បីយកស្ករចូលក្នុងកោសិកា។ លើសពីនេះ វាក៏ជួយបំបាត់ការចុករួយខ្នង រមួលក្រពើ និងស្ថានភាពមិនស្រួលខ្លួនផ្សេងៗទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]