ស្របពេលដែលអ្នកវិទ្យាសាស្ត្របានយល់ដឹងច្រើនពីវីរុសកូវីដ១៩ ធ្វើឲ្យអ្នកវិទ្យាសាស្រ្តបានដឹងយ៉ាងច្បាស់ថាវីរុសនេះមានផលប៉ះពាល់លើមនុស្សមានសភាពផ្សេងៗគ្នា។ សម្រាប់អ្នកមានជំងឺប្រចាំកាយ ឬប្រព័ន្ធភាពស៊ាំខ្សោយ ស្ថានភាពរោគសញ្ញាពេលឆ្លងកូវីដ១៩ ក៏ធ្ងន់ធ្ងរដែរ។
ចុះអ្នកមានជំងឺទឹកនោមផ្អែមវិញយ៉ាងម៉េចដែរ? មានការលើកឡើងថាអ្នកជំងឺទឹកនោមផ្អែមងាយឆ្លងជំងឺកូវីដ១៩ ពិតឬយ៉ាងណា?
១. ការយល់ខុសចំពោះអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺកូវីដ១៩
អ្នកមានជំងឺទឹកនោមផ្អែមប្រហែលជាអាចឮ ឬយល់ថាខ្លួនជាមនុស្សងាយឆ្លងជំងឺកូវីដ១៩ ជាងអ្នកផ្សេង។ យ៉ាងណា លោកស្រី វេជ្ជបណ្ឌិត Janaki Vakharia បម្រើការនៅមន្ទីរពេទ្យ Massachusetts General Hospital សហរដ្ឋអាមេរិកលើកឡើងថា នេះគ្រាន់តែជាការយល់ខុសមួយប៉ុណ្ណោះ។
លោកស្រីមានប្រសាសន៍ថា៖ «យើងមិនជឿថាអ្នកមានជំងឺទឹកនោមផ្អែមងាយឆ្លងវីរុសកូវីដ១៩ជាងប្រជាពលរដ្ឋទូទៅនោះទេ…តែថា អ្នកជំងឺទឹកនោមផ្អែម អាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរពេលកើតជំងឺនេះ នេះបើតាមអ្វីដែលបានសិក្សារកឃើញ…អ្នកមានជំងឺទឹកនោមផ្អែមហាក់មានប្រតិកម្មខ្លាំងពេលឆ្លងវីរុស»។
២. ទំនាក់ទំនងរវាងជំងឺទឹកនោមផ្អែម និងវីរុសកូវីដ១៩
បើតាមការចុះផ្សាយលើវិបសាយមន្ទីរពេទ្យ Massachusetts General Hospital បានលើកឡើងថា គេមិនទាន់ដឹងច្បាស់ថាមូលហេតុអ្វីឲ្យប្រាដកទេ ដែលអ្នកជំងឺទឹកនោមផ្អែមពេលឆ្លងកូវីដ១៩ មានផលវិបាកធ្ងន់ធ្ងរ។ ប៉ុន្តែថា តាមការសិក្សាកន្លងមកអ្នកមានជំងឺទឹកនោមផ្អែមអាចមានប្រព័ន្ធភាពស៊ាំខ្សោយ ធ្វើឲ្យប៉ះពាល់ដល់ការជាសះស្បើយពីរបួស ឬជំងឺផ្សេងមិនបានលឿន។
បន្ថែមពីនេះ បើអ្នកជំងឺទឹកនោមផ្អែម មិនបានគ្រប់គ្រងជំងឺនេះឲ្យបានល្អក្នុងរយៈពេលយូរ វានឹងបង្កឲ្យមានការរលាក ដែលការណ៍នេះក៏មានផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំផងដែរ។
លោកស្រីវេជ្ជបណ្ឌិតដដែលបញ្ជាក់ថា៖ «ការរលាកកើតមាននៅពេលមានកម្រិតរងរបួសនៅលើកោសិកា។ ឧទាហរណ៍ថា ពេលយើងធ្វើម្ហូប ហើយមុតដៃ នោះគេហៅថាការរលាក។ ក្រោយមានការរលាក ក៏មានការនាំមូលេគុល និងប្រូតេអ៊ីនផ្សេងទៅកាន់កន្លែងរបួសនោះដើម្បីបានជាសះស្បើយ។ ប៉ុន្តែដំណើរការនេះនឹងមិនអាចធ្វើទៅបានគ្រប់ពេលទេ បើយើងមានជំងឺប្រចាំកាយ ហើយបើមានការរលាកយូរអង្វែង នឹងធ្វើឲ្យមានគ្រោះថ្នាក់»។
លោកស្រី បន្ថែមទៀតថា៖ «នៅក្នុងឈាមមានធាតុបង្កឲ្យរលាក ហើយតាមការពិសោធន៍ផ្នែកវេជ្ជសាស្រ្ត យើងបានរកឃើញថាអ្នកជំងឺមានរោគសញ្ញាកូវីដ១៩ធ្ងន់ធ្ងរ ក៏មានធាតុបង្កការរលាកខ្ពស់ដែរ។ ធាតុបង្កនេះ ក៏គេបានរកឃើញលើអ្នកជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងស្ថានភាពជំងឺទឹកនោមផ្អែមបានល្អដែរ»។
៣. តិចនិកគ្រប់គ្រងជំងឺទឹកនោមផ្អែមក្នុងអំឡុងកូវីដ១៩
អ្នកមានជំងឺទឹកនោមផ្អែម ក៏មិនខុសពីអ្នកផ្សេងទៀតដែរគឺត្រូវអនុវត្តវិធានការសុខាភិបាល ដូចជាចៀសវាងកន្លែងមានមនុស្សច្រើន រក្សាអនាម័យ រក្សាគម្លាតសង្គម និងពាក់ម៉ាសជាដើម។
ក្រៅពីនេះ អ្នកជំងឺទឹកនោមផ្អែមត្រូវយកចិត្តទុកដាក់លើ៖
- រក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យត្រឹមត្រូវតាមការណែនាំ ចៀសវាងម្ដងឡើង ម្ដងចុះ
- ញ៉ាំអាហារតាមផែនការរបបអាហារបានណែនាំ
- ធ្វើលំហាត់ប្រាណនៅផ្ទះជាប្រចាំ
- បើមានជំងឺបេះដូង ឬលើសសម្ពាធឈាម ទៀត ត្រូវថែទាំជំងឺទាំងនេះឲ្យបានត្រឹមត្រូវ
- ទៅជួបគ្រូពេទ្យតាមការណាត់ ឬប្រើប្រាស់ថ្នាំតាមការណែនាំ។
[embed-health-tool-bmi]