ដំបៅជើងជាផលវិបាកមួយក្នុងចំណោមផលវិបាកផ្សេងទៀតរបស់ជំងឺទឹកនោមផ្អែម ហើយមិនមែនអ្នកជំងឺដែលមានដំបៅ សុទ្ធតែព្យាបាលមិនជា ត្រូវតែកាត់ជើងចេញនោះទេ។
ដំបៅជើងជាផលវិបាកមួយក្នុងចំណោមផលវិបាកផ្សេងទៀតរបស់ជំងឺទឹកនោមផ្អែម ហើយមិនមែនអ្នកជំងឺដែលមានដំបៅ សុទ្ធតែព្យាបាលមិនជា ត្រូវតែកាត់ជើងចេញនោះទេ។

បើសិនជាអ្នកជំងឺទឹកនោមផ្អែមមានដំបៅជើង ហើយដំបៅជើងនោះប៉ះពាល់ផ្នែកខាងក្រៅ បានន័យថា ដំបៅនោះកើតឡើងដោយការប៉ះរបស់រឹង ឬមានគ្រោះថ្នាក់អ្វីមួយ ចេញជាដំបៅ។ ដំបៅនោះអាចព្យាបាលជាធម្មតាវិញ ក្នុងករណីអ្នកជំងឺគ្រប់គ្រងជាតិស្ករក្នុងឈាមបានត្រឹមត្រូវ។
ផ្ទុយទៅវិញ បើសិនជាអ្នកជំងឺទឹកនោមផ្អែមកើតដំបៅជើងដោយសារស្ទះសរសៃឈាម ឬប៉ះពាល់ខ្លាំងទៅលើប្រព័ន្ធប្រសាទ ដំបៅនោះតម្រូវឲ្យមានការព្យាបាលស៊ីជម្រៅ គ្រូពេទ្យនឹងសិក្សាសរសៃឈាមដែលមកផ្គត់ផ្គង់ជើង បើសិនមិនធ្ងន់ធ្ងរ អាចព្យាបាលដំបៅជា ដោយមិនតម្រូវឲ្យកាត់ជើងនោះទេ។
អ្នកជំងឺទឹកនោមផ្អែមតោងមានការប្រយ័ត្ន និងត្រូវចេះថែទាំជើង ពេលខ្លះក្នុងភាសាទឹកនោមផ្អែម គេប្រើពាក្យមួយថា “ស្រលាញ់ជើងឲ្យដូចកែវភ្នែក” អ្នកជំងឺត្រូវចេះថែទាំជើង ត្រូវពាក់ស្រោមជើងទោះបីជាដើរនៅក្នុងផ្ទះ ចេញក្រៅផ្ទះត្រូវពាក់ស្បែកជើងឲ្យត្រឹមត្រូវ មិនតឹងពេក រលុងពេក ឬក៏រឹងពេក ហើយត្រូវពិនិត្យមើលស្បែកជើង តើមានដុំថ្ម ដុំក្រួស ឬសារធាតុមុតស្រួចណាមួយចូលក្នុងស្បែកជើង ឬអត់? ត្រូវសម្អាតជើងឲ្យបានទៀងទាត់ បើមានរលាក ឬចេញជាដំបៅត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញ។
ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលចេញជាដំបៅជើង ឈានចូលដល់កាត់ជើង ច្រើនតែមានអ្នកជំងឺផ្អែមរយៈពេលយូរ អាច ១៥ ឬ២០ឆ្នាំ គ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អ ឬមានជំងឺពាក់ព័ន្ធផ្សេងៗទៀត ដូចជា លើសជាតិខ្លាញ់ លើសសម្ពាធឈាម ឬក៏ខ្សោយតម្រងនោម កត្តារួមផ្សំទាំងអស់នេះ ធ្វើឲ្យដំបៅជើងមានលក្ខណៈធ្ងន់ធ្ងរ គ្រូពេទ្យមិនអាចជួយបាន ឈានដល់ការកាត់ជើង។
ចំពោះមូលហេតុនាំឲ្យអ្នកជំងឺទឹកនោមផ្អែមងាយកើតដំបៅជើង មាន ២ សំខាន់ ទី១ ដោយសារតែជើងជាអវយវៈមួយដែលនៅឆ្ងាយពីបេះដូង ដែលត្រូវការនាំដឹកនាំឈាមទៅចិញ្ចឹមឆ្ងាយ។ ម្យ៉ាងវិញទៀត ដោយសារអ្នកជំងឺទឹកនោមផ្អែមមានការប៉ះពាល់ទៅនឹងសរសៃឈាម អ៊ីចឹងហើយកាលណាតែប៉ះពាល់ទៅលើសរសៃឈាម ប៉ះពាល់ទៅលើប្រព័ន្ធសរសៃប្រសាទ ធ្វើឲ្យឈាមដែលដឹកនាំទៅជើង ឬក៏ប្រព័ន្ធប្រសាទដែលមាននាទីជួយភ្ញោចជើងឲ្យដឹងក្តៅត្រជាក់មានផលប៉ះពាល់ លែងដឹងឈឺចាប់ ពេលប៉ះពាល់សារធាតុមុតស្រួចអ្វីមួយ អ្នកជំងឺមិនដឹងនោះទេទៅជាដំបៅ។

– លាង ជើងឲ្យស្អាត ហើយជូតឲ្យស្ងួត
– មើលចំណុចក្រហម ឬរឹងស្បែកនៅម្ដុំណាមួយ
– កាត់ក្រចកឲ្យបានស្អាត
– ឧស្សាហ៍ពិនិត្យមើលជើង ក្រែងឡើងដំបៅ ផ្សិត ត្រចៀកក្រាញ់ ហើយបើមានពងទឹក កុំញេច ព្រោះអាចបង្ករោគឲ្យកាន់តែធ្ងន់។
ពាក់ស្បែកជើង និងស្រោមជើង
អ្នកជំងឺទឹកនោមផ្អែមមិនត្រូវដើរជើងទទេឡើយ ព្រោះអាចមុតជើង ហើយពិបាកជា។
– ករណីខ្លះ ពេទ្យប្រាប់ឲ្យពាក់ស្បែកជើងពិសេស
– ពាក់ជើងស្បែកជើងការពារជើងទៅតាមអាកាសធាតុ
– កុំអង្គុយគងអន្ទាក់ខ្លា ឬកាយវិការណាដែលអាចទប់ឈាមមិនឲ្យហូរទៅចិញ្ចឹមបាតជើង
– ប្ដូរស្រោមជើងជាប្រចាំ
– ចៀសវាងស្បែកជើងកែង ព្រោះសម្ពាធទម្ងន់ខ្លួន នឹងធ្លាក់លើម្រាមជើង។ ស្បែកជើងសង្រែក ក៏កុំដែរ ព្រោះម្រាមជើងចំហ អាចមុត ឆ្លងរោគគ្រប់ពេល។ ពាក់ស្បែកជើងណារុំជើងជិតៗ។
– ឈប់ជក់បារី៖ អ្នកទឹកនោមផ្អែម បើជក់បារី នឹងប៉ះពាល់ចរន្តឈាមក្នុងរាងកាយ ធ្វើឲ្យឈាមរត់ទៅបាតជើងអត់គ្រប់គ្រាន់ ហើយអាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រអប់ជើង និងជើង។ យកល្អ ត្រូវឈប់ជក់បារី។
អត្ថទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Diabetes Foot Care Tips
https://www2.diabetes.org/healthy-living/seniors/foot-care-tips
What is a Diabetic Foot Ulcer?
https://www.apma.org/diabeticwoundcare
Diagnosis and Management of Diabetic Foot Infections
https://diabetesjournals.org/compendia/article/doi/10.2337/db2020-01/144938/Diagnosis-and-Management-of-Diabetic-Foot
កំណែប្រែបច្ចុប្បន្ន
19/10/2023
Written by វេជ្ជបណ្ឌិត ប៊ុន សុជាតិ
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ