backup og meta

ប្រភេទជំងឺឈាមសំខាន់ៗ អាចកើតទាំងលើក្មេង និង​មនុស្សធំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 26

    ប្រភេទជំងឺឈាមសំខាន់ៗ អាចកើតទាំងលើក្មេង និង​មនុស្សធំ

    ជំងឺឈាមគឺជាដំណើរខុសប្រក្រតីនៃកោសិកាណាមួយ ឬច្រើនក្នុងឈាមមិនអាចបំពេញមុខងារបានត្រឹមត្រូវ។ តួយ៉ាងដូចជា ពពួក​កោសិកាគ្រាប់ឈាមក្រហម គ្រាប់ឈាមស ផ្លាកែត ប្លាស្មា និង ពពួកប្រូតេអ៊ីនជាដើម។ កត្ដាដែលអាចបង្កឲ្យកើតជាជំងឺឈាមបាន នោះក៏ដោយសារតែកត្ដាហ្ស៊ែន និង កត្ដាកង្វះសារធាតុចិញ្ចឹមពីរបបអាហារ។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ជំងឺឈាមចែកជាច្រើន​ប្រភេទសំខាន់ៗដូចជា៖

    ១. ជំងឺស្លេកស្លាំង

    ជំងឺស្លេកស្លាំង (Anemia)គឺជាស្ថានភាពនៃជំងឺឈាមមួយប្រភេទដែលរាងកាយរបស់យើង ខ្វះគ្រាប់ឈាមក្រហម មិនអាចដឹកនាំអុកស៊ីសែន ទៅចិញ្ចឹមកោសិកាផ្សេងៗក្នុងរាងកាយបាន។ ជំងឺនេះអាចបង្ហាញរោគសញ្ញាដូចជា អស់កម្លាំង វិលមុខឬខ្សោយ ឈឺក្បាល ស្បែកស្លេកស្លាំង និងស្ងួតងាយមានស្នាមជាំ និងចង្វាក់បេះដូងលោតញាប់។

    អ្នកដែលប្រឈមកើតជំងឺនេះមានដូចជា ស្ដី្រដែលមករដូវច្រើន ស្ដ្រីដែលឆ្លងទន្លេដែលប្រឈមនឹងការបាត់​បង់​ឈាមច្រើន កុមារអាយុ ១​ ឬ​២​ឆ្នាំ ខ្វះជាតិដែក។ សម្រាប់​កូន​ក្មេង​ ក្រោយពេលផ្ដាច់ដោះ និង​ប្ដូរ​របប​អាហារ ប្រព័ន្ធរំលាយអាហារមិនទាន់រឹងមាំគ្រប់គ្រាន់អាចស្រូបយកសារធាតុចិញ្ចឹមពីអាហាររឹងបាន ក៏​អាច​បណ្ដាល​ឲ្យ​ស្លេក​ស្លាំង​ដែរ​។ បន្ថែមពីនោះ ជំងឺស្លេក​ស្លាំង​ក៏ឃើញមានកើតលើមនុស្សវ័យ ៦៥ឆ្នាំឡើងផងដែរ។

    ជំងឺស្លេកស្លាំងបង្កឡើងដោយ កត្ដាពីរសំខាន់ៗគឺ កង្វះជាតិដែកក្នុងរបបអាហារ និង តាមហ្សែន​តំណរពូជ។ ចំពោះ​ការព្យាបាលជំងឺនេះក៏ត្រូវធ្វើការសិក្សាពីមូលហេតុបង្ក។ ក្នុងករណីដែលជំងឺបង្កឡើងដោយការខ្វះខាតសារធាតុចិញ្ចឹម នោះ​ការ​ព្យាបាលគឺការបំពេញបន្ថែមសារធាតុចិញ្ចឹមដែលខ្វះ។ អ្នកជំងឺអាចជាសះស្បើយបានដូចជា ជំងឺស្លេកស្លាំងខ្វះវីតាមីន និង ជំងឺស្លេកស្លាំងខ្វះរ៉ែជាតិ​ដែក ជាដើម។ ប៉ុន្ដែប្រសិនបើជំងឺបង្កឡើងដោយហ្ស៊ែនតំណពីគ្រួសារ ដូចជា Aplastic anemia, Hemolytic anemias, Sickle cell anemia និងជំងឺស្លេកស្លាំងពាក់ព័ន្ធមហារីកខួរឆ្អឺង គឺ​ទាមទារការព្យាបាល និង​តាមដានយូរ។

    ២. ជំងឺ Hemophilia

    Hemophilia គឺជាជំងឺវិបត្តិហូរឈាមពីកំណើតដែលកើតញឹកញាប់ជាងគេលំដាប់ទី២ ហើយកើតមានទៅលើក្មេងប្រុស ឯក្មេងស្រីអាចជាអ្នកផ្ទុក ដោយមិនចេញរោគសញ្ញា។ Hemophilia គឺជាជំងឺតំណរពូជពីម្តាយទៅកូន មិន​មែន​ពីឪពុកទៅកូនទេ ហើយ៧០% នៃជំងឺគឺមានប្រវត្ដិគ្រួសារដែលកើតជំងឺ Hemophiliaតែម្ដង។  Hemophilia ជាប្រភេទជំងឺហូរឈាម ឬក៏យើងហៅថា ឈាមក្រកក តែមិនមែនជាជំងឺឈាមរាវនោះទេ ចំណែក ៣០%​ ទៀត ជំងឺ Hemophilia កើតឡើងដោយសារបម្រែបម្រួលទៅលើក្រូម៉ូសូមដោយខ្លួនឯង។

    រោគសញ្ញាជំងឺ Hemophilia មានដូចជា ងាយឡើងជាំនៅពេលទង្គិចអ្វីមួយ ឧស្សាហ៍ហើមជង្គង់ កែងដៃ ឈាមក្រកក ឈាមហូរខុសប្រក្រតីនៅតាមមាត់ សន្លាក់ សាច់ដុំ ហើម ឬហូរឈាមខុសប្រក្រតីពេលចាក់វ៉ាក់សាំង​ មានឈាមនៅក្នុងទឹកនោម ឬលាមកជាដើម។ ជំងឺនេះ គឺជាប្រភេទជំងឺហ្សែន ហើយមិនអាចព្យាបាលជាដាច់​នោះ​ទេ ប៉ុន្តែអាចព្យាបាលដើម្បីកាត់បន្ថយរោគសញ្ញា និងការពារផលវិបាកសុខភាពនាពេលអនាគត។

    ៣. ជំងឺឡើងគ្រាប់ឈាមស

    ជំងឺឡើងគ្រាប់ឈាមស (Leukocytosis) កើតឡើងនៅពេលដែលបរិមាណគ្រាប់ឈាមសត្រូវបានផលិតឡើងច្រើនលើសបរិមាណតម្រូវការធម្មតា ហើយជាក់ស្ដែងជំងឺនេះអាចកើតឡើង ហើយក៏អាចបាត់ទៅវិញដោយខ្លួនឯងមិនបាច់ព្យាបាលក៏បានដែរ។ ការកើនឡើងកម្រិតគ្រាប់ឈាមសបង្ហាញថា រាងកាយក៏កំពុងតែទទួលរងការឆ្លងមេរោគ ការរលាក ការរបួស និងភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ អ្នកជំងឺលើសគ្រាប់ឈាមស អាចបង្ហាញរោគ​សញ្ញា​សំខាន់ៗដូចជា គ្រុនក្ដៅ អស់កម្លាំង ការឈឺចាប់ ពិបាកដកដង្ហើម បែកញើសពេលយប់ ស្រក​ទម្ងន់ និងឡើងកន្ទួលលើស្បែក។

    ជំងឺគ្រាប់ឈាមសមាន៥ប្រភេទផ្សេងៗទៀតដូចជា៖

  • Neutrophilia leukocytosis គឺបណ្តាលមកពីការកើនឡើងចំនួន Neutrophilia ខ្ពស់។
  • Lymphocytosis សំដៅទៅលើការកើនឡើងបរិមាណ Lymphocytes ខ្ពស់។
  • Monocytosis គឺជាការកើនឡើងបរិមាណ monocytes។
  • Eosinophilia គឺសំដៅទៅលើការកើនឡើងខ្ពស់នៃកម្រិត eosinophils។
  • Basophilia គឺការកើនឡើងនៃបរិមាណកោសិកា basophils ដែលមានមុខងារប្រឆាំងទៅនឹងការឆ្លងពពួកប៉ារ៉ាសិត ការពារកំណកឈាម និងឆ្លើយតបទៅនឹងការប្រតិកម្មអាលែកហ្ស៊ី។
  • ៤. ជំងឺគ្រាប់ឈាមក្រហម

    ជំងឺគ្រាប់ឈាមក្រហម (Polycythemia vera) គឺជាប្រភេទជំងឺមហារីកគ្រាប់ឈាមក្រហមរ៉ាំរ៉ៃ ដែលបណ្តាលឲ្យខួរឆ្អឹង ផលិតកោសិកាឈាមក្រហមច្រើនហួសកម្រិត។ ជំងឺនេះមានការវិវត្តយឺតៗយ៉ាងខ្លាំង ហើយជារឿយៗក្នុងដំណាក់កាលដំបូងមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនោះទេរហូតដល់វ័យ៦០ឆ្នាំទើបអាចរកឃើញ។ ហានិភ័យដ៏គ្រោះថ្នាក់បំផុត នៃជំងឺនេះ គឺការកើនឡើងបរិមាណកោសិកាឈាមក្រហម ដែលបណ្ដាលឲ្យងាយកើតកំណកឈាមក្រហមក្នុងសរសៃឈាម។

    ជំងឺគ្រាប់ឈាមក្រហម គឺជាជំងឺតំណរពូជដោយហ្សែន ជាទូទៅជំងឺនេះ មិនមានការព្យាបាលឲ្យជាសះស្បើយនោះទេ ប៉ុន្ដែគេអាចព្យាលដោយកាត់បន្ថយរោគសញ្ញា។ អ្នកកើតជំងឺនេះបង្ហាញរោគសញ្ញាសំខាន់ៗដូចជា ឈឺក្បាល វិលមុខ អស់កម្លាំង សម្ពាធឈាមខ្ពស់ ស្រវាំងភ្នែក ហឹងត្រចៀក បែកញើសច្រើន ជាពិសេសនៅពេលយប់ ថប់ដង្ហើមជាពិសេសពេលដេក រមាស់ស្បែកជាពិសេសបន្ទាប់ពីងូតទឹកក្តៅ ស្បែកឡើងក្រហម ក្តៅ ញាក់ ក្រហាយបាតដៃ និងជើង ជាំស្បែក ឈាមច្រមុះ និងឈាមអញ្ចាញធ្មេញ ព្រម​ទាំង​ស្រកគីឡូជាដើម។

    ៥. ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ

    នេះ​គឺជាប្រភេទជំងឺស្លេកស្លាំងតំណពូជ កើតឡើងដោយសារខ្វះកោសិកាឈាមក្រហមល្អៗ ដើម្បីនាំអុកស៊ីសែន​ទៅចិញ្ចឹម​សារពាង្គកាយ។ ជាធម្មតាកោសិកាឈាមក្រហមមានរាងមូល និងងាយផ្លាស់ទីក្នុងសរសៃឈាម ដើម្បីនាំអុកស៊ីសែន​ទៅផ្គត់ផ្គង់រាងកាយ។ ប៉ុន្ដែពេលយើងមានជំងឺស្លេកស្លាំងមួយនេះ កោសិកាឈាមក្រហមនឹងប្រែរូបរាងដូច​ជា​រាងកណ្តៀវ និងទៅជារួញហើយស្អិត។ រូបរាងមិនប្រក្រតីរបស់កោសិកាឈាមទាំងនេះ ធ្វើឲ្យកោសិកាឈាមក្រហម​ពិបាក​ធ្វើចលនាចូលក្នុងសរសៃឈាមតូចៗ បណ្ដាលឲ្យឈាមហូរយឺត ឬលែងហូរ ធ្វើឲ្យបាត់បង់ការដឹក​នាំ​អុក​ស៊ីសែនទៅចិញ្ចឹមរាងកាយ ហើយចុងបញ្ចប់ នឹងធ្វើឲ្យខូចខាតដល់ជាលិការួមនិងសរីរាង្គ ដោយសារខ្វះឈាមទៅចិញ្ចឹម។

    រោគសញ្ញាជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្ដៀវ ជាទូទៅបង្ហាញរោគសញ្ញា ស្លេកស្លាំងរ៉ាំរៃ

    បេះដូងលោតញាប់ អស់កម្លាំង ហើមដៃ និងជើងដោយសារស្ទះសរសៃឈាម កើតលឿង ឈឺទ្រូង ពោះ សន្លាក់ និងឆ្អឹងធ្ងន់ធ្ងរ មានរយៈពេលពី ៣ ទៅ​៤ ម៉ោង ទៅ ៣ ទៅ​៤ សប្ដាហ៍។

    ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ ជាជំងឺកើតតាំងពីកំណើត តែក្រោយអាយុ ៤ខែ ទើប​​ចេញជារោគសញ្ញាថ្មី ផលវិបាកដែលបង្កឡើងដោយជំងឺ មានដូចជា ជំងឺតម្រងនោម និងភ្នែក ដំបៅជើង ដាច់សរសៃឈាមក្នុងខួរក្បាល និងបង្ករោគ ដូចជា រលាកឆ្អឹង រលាកសួត។ ក្នុងករណីធ្ងន់ធ្ងរ ខួរឆ្អឹងនឹងឈប់ផលិតកោសិកាឈាមក្រហមតែម្ដង។

    មកទល់ពេលនេះ គេ​មិន​អាច​ព្យាបាល​ជំងឺ​នេះ​ជា​ដាច់​នោះ​ទេ ​គ្រូពេទ្យ​បាន​ត្រឹម​​ព្យាបាល​ទៅ​តាម​រោគសញ្ញា ​និង​បំបាត់​ការ​ឈឺ​ចាប់​ប៉ុណ្ណោះ។ បើ​យើង ឬ​កូន​យើង មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេក ​ទោះ​បី​ប្រើ​ប្រាស់​ថ្នាំ​ហើយ​ក៏​ដោយ​ នោះ​គ្រូពេទ្យ​នឹង​ប្ដូរទៅប្រើ​ថ្នាំចាក់​​បំបាត់​ការ​ឈឺ​ចាប់​​​តាម​សាច់​ដុំ ​ឬ​សន្លាក់​វិញ​ ​​ដើម្បី​ទប់​ប្រព័ន្ធ​ប្រសាទ​កុំ​ឲ្យ​រំញោច​ការ​ឈឺ​ចាប់។

    គ្រាប់ឈាមក្រហម

    ៦. ជំងឺThalassemia

    Thalassemia ជាជំងឺគ្រាប់ឈាមក្រហមពីកំណើត ឬជាជំងឺតំណពូជពីឪពុក ឬម្តាយ ឬអាចទាំងម្តាយទាំងឪពុកដែលមានជំងឺនេះ រួចបន្តទៅកូន ដែលធ្វើឲ្យរាងកាយមានអេម៉ូក្លូប៊ីនតិចជាងធម្មតា ដែលមិនអាចដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមរាងកាយបាន។

    លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិបានពន្យល់ថា ជំងឺ Thalassemia ស្ថិតនៅលើក្រូម៉ូសូមរបស់ម្តាយឪពុកដែលបង្កកំណើតផ្តល់ទៅកូន បើអ្នកទាំងពីរ​មានជំងឺនេះ កូនរបស់គាត់ក៏មានភាគរយខ្ពស់កើតដែរ។ ប៉ុន្ដែបើមានម្នាក់ អត់ម្នាក់ នោះកូនគាត់អាចប្រឈមកើតជំងឺនេះត្រឹមតែ ៥០%ប៉ុណ្ណោះ។ រោគសញ្ញាទូទៅនៃជំងឺនេះមានដូចជា ស្លេកស្លាំង អស់កម្លាំង ខ្សោយ ស្បែកលឿង ការលូតលាស់​យឺត និង បាត់បង់ចំណង់អាហារ។

    ទារក ឬ កុមារ ដែលកើតជំងឺនេះ គឺត្រូវធ្វើការព្យាបាលពេញមួយជីវិតដោយការលាងឈាម និងការប្រើប្រាស់ថ្នាំបញ្ចុះជាតិដែក។ ប៉ុន្ដែប្រសិនបើចង់ព្យាបាលឲ្យជាសះស្បើយមានតែមានការព្យាបាលដោយផ្លាស់ប្ដូរ ខួរឆ្អឹង ព្រោះខួរឆ្អឹងគឺជាអ្នកបង្កើតគ្រាប់ឈាម។

    ៧. ជំងឺឈាមក្រកក

    ជំងឺឈាមក្រកក ឬអាចហៅបានម្យ៉ាងទៀតថា ជំងឺហូរឈាមមិនឈប់ (Von Willebrand) ជាជំងឺមួយប្រភេទស្ដែងឡើយដោយ ការហូរឥតឈប់ឈរនៅពេលមុតប៉ះអ្វីមួយបណ្ដាលឲ្យចេញឈាម។ ការហូរឈាមឥតឈប់ឈវាបណ្ដាលមកពីកង្វះ ឬខូចមុខងារនៃប្រូតេអ៊ីន Von Willebrand factor នៅក្នុងឈាមដែលមានយន្តការដ៏សំខាន់សម្រាប់គ្រប់គ្រងការហូរឈាម។

    Von Willebrand factor ជាប្រូតេអ៊ីន ជួយតភ្ជាប់កោសិកាឈាមភ្ជាប់គ្នាទប់ស្កាត់ការហូរឈាម ពេលមានរបួស ឬមុតអ្វីមួយបណ្ដាលឲ្យហូរឈាម។ នៅពេល Von Willebrand factor មានបញ្ហា ដំណើរការមិនប្រក្រតី នោះវានឹងធ្វើការហូរឈាមនៅមុខរបួសនឹងបន្ដអូសបន្លាយពេលយូរមិនងាយបញ្ឈប់បាននោះឡើយ។

    ជំងឺឈាមក្រកក ជាជំងឺដំណរពូជពីឪពុកម្ដាយ មកកូន ក្នុងករណីអ្នកទាំងពីរមានម្នាក់កើត នោះកូនកើតមក មានភាគរយ ៥០% គឺកើតជំងឺនេះ ហើយបើឪពុកម្ដាយកើតទាំង២ កូនមានភាគរយដល់ទៅ ៧៥% ក៏កើតជំងឺនេះដែរ។ មកទល់ពេលបច្ចុប្បន្នជំងឺនេះ នៅមិនទាន់មានវិធីសាស្ដ្រក្នុងការព្យាបាលនៅឡើយទេ ប៉ុន្ដែជំងឺនេះជាធម្មតាវាមិនបង្កបញ្ហាធ្ងន់ធ្ងរទេ ហើយមនុស្សភាគច្រើនដែលមានជំងឺនេះ​អាចរស់នៅនិងធ្វើសកម្មភាពធម្មតា។

    រោគសញ្ញានៃជំងឺនេះអាចស្ដែងលើអ្នកជំងឺគ្រប់វ័យទាំងអស់មិនថាចាស់ឬក្មេងនោះទេ។ រោគសញ្ញាសំខាន់ៗមានដូចជា ឈាមច្រមុះញឹកញាប់ និង មានរយៈពេលយូរ ឈាមតាមអញ្ចាញធ្មេញ ហូរឈាមច្រើន និង យូរ ពេលមានរបួស មុត អ្វីមួយ បើចំពោះស្ដ្រីមករដូវ ឬសម្រាលកូន ការហូរឈាមមានចំនួនច្រើន ផងដែរ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 26

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម