backup og meta

ជំងឺទឹកនោមផ្អែម អាច​បង្កផលប៉ះពាល់ដល់សុខភាពផ្លូវភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 29, 2023

    ជំងឺទឹកនោមផ្អែម អាច​បង្កផលប៉ះពាល់ដល់សុខភាពផ្លូវភេទ

    ជំងឺទឹកនោមផ្អែមគឺជាការកើនឡើងកម្រិតជាតិស្ករក្នុងឈាម​រ៉ាំរៃបង្កផលប៉ះពាល់យ៉ាងច្រើនដល់សុខភាព ក្នុងនោះប្រព័ន្ធសរសៃឈាមតូចធំដែលភ្ជាប់អវយវៈត្រូវបានបំផ្លាញធ្វើឲ្យរាងកាយចុះខ្សោយ ពិសេសនោះគឺអវយវៈភេទ ក៏ត្រូវប៉ះពាល់ដូចគ្នា។ សម្រាប់បុរសដែលមានជំងឺទឹកនោមផ្អែម អាចខ្សោយសមត្ថភាពផ្លូវភេទ ដោយលិង្គមិនអាចឡើងរឹង ស្ដ្រីអាចប្រឈមការការ​ឈឺ​ចាប់​ពេល​រួមភេទ និងការថយចុះចំណង់ផ្លូវភេទ​។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹនោមផ្អែម និង ក្រពេញអ័រម៉ូននៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍​ថា ជំងឺទឹកនោមផ្អែមអាចបង្កផលប៉ះពាល់ដល់សុខភាពផ្លូវភេទដោយសារតែ ប្រព័ន្ធប្រសាទ និង សរសៃ​ឈាម​ដែលត្រូវចិញ្ចឹមអវយវៈភេទមានការប្រែប្រួល។ ពោលកម្រិតជាតិស្ករក្នុងសរសៃឈាមមានការកើនឡើងរ៉ាំរៃ ធ្វើ​ឲ្យចរន្ដឈាមមិនអាចដំណើរការបានដូច​ធម្មតា។

    លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ចំពោះបុរសកើតជំងឺទឹកនោមផ្អែម ផលប៉ះពាល់នោះគឺលិង្គពិបាក​​ឡើង​រឹង និង អ័រម៉ូនភេទ តេស្ដូស្ដេរ៉ូនត្រូវថយចុះមុនអាយុ។ កត្ដានេះអាចកើតឡើងចន្លោះពី៥០%ទៅ ៧៥%​នៃអ្នកជំងឺទឹកនោមផ្អែមជា​បុរស។

    ចំណែកស្ដ្រីវិញ ផលវិបាកនៃជំងឺទឹកនោមផ្អែម ចំពោះសុខភាពផ្លូវភេទគឺ បាត់បង់ចំណង់ផ្លូវ​ភេទ ឬមានចំណង់ខ្លះដែរ ប៉ុន្ដែពេលរួមភេទមាន​ការ​ឈឺ​ចាប់​ ព្រោះប្រដាប់​ភេទមានសភាពស្ងួត បញ្ហា​ទាំងនេះបណ្ដាលមកពី ការឡើងកម្រិតជាតិស្ករក្នុងសរសៃ​ឈាម​​រ៉ាំរៃ បណ្ដាលឲ្យសរសៃឈាមដែលត្រូវចិញ្ចឹមអវយវៈ​ភេទមិនអាចប្រព្រឹត្ដទៅបានដូចធម្មតា។ បន្ថែមពីនេះទៅទៀត មិនថាតែបុរស ឬស្ដ្រីនោះទេ ឲ្យ​តែ​មានភាពស្មុគស្មាញច្រើន ជាមួយ​នឹងការងារប្រចាំថ្ងៃ ក៏ជាចំណុចប៉ះពាល់ដល់​សុខភាពផ្លូវភេទផងដែរ ជាពិសេសស្រីៗតែម្ដង។

    ជំងឺទឹកនោមផ្អែមភាគច្រើនកើតឡើងមិនថាបុរសឬស្ដ្រីនោះទេ រាប់ចាប់ពីអាយុ៤៥ឆ្នាំឡើងទៅ ប៉ុន្ដែក៏មានករណីកើតឡើងទៅលើវ័យ២៥ឆ្នាំក៏មានដែរ។ នោះបណ្ដាលមកពីការមិនបានគ្រប់គ្រងរបបអាហារបានល្អ ដូច​ជា ផឹកគ្រឿងស្រវឹងច្រើន ជក់បារី ញ៉ាំអាហារខ្លាញ់ អាហារសម្បូរកាឡូរី និងរាងកាយមិនសូវមានសកម្មភាព ការឡើង​ទម្ងន់ទើបបណ្ដាលឲ្យមានជំងឺទឹកនោមផ្អែម។

    អាហារកម្ម៉ង

    យ៉ាងណាក៏ដោយ អ្នកមានជំងឺទឹកនោមផ្អែម ក៏អាចការពារពីការធ្លាក់ចុះសមត្ថភាពផ្លូវភេទបានដែរ ដោយអនុវត្ដ​ចំណុចសំខាន់ៗដូចជា ការញ៉ាំអាហារឲ្យមានតុល្យភាព ទម្លាប់ហាត់ប្រាណជាប្រចាំ ការកាត់បន្ថយជាតិស្រវឹង មិនជក់បារី គេងឲ្យបានគ្រប់គ្រាន់ និង រក្សាកម្រិតជាតិស្ករ ជាតិខ្លាញ់ក្នុងឈាម កុំឲ្យកើនឡើង។ កាន់តែពិសេសទៀតនោះ អ្នកជំងឺត្រូវតែពិនិត្យសុខភាព និង ពិភាក្សាជាមួយវេជ្ជបណ្ឌិតឲ្យបានច្បាស់លាស់ អំពីសុខភាពផ្លូវភេទនិង ជំងឺទឹកនោមផ្អែម ជៀសវាងប្រើប្រាស់ថ្នាំដោយមិនបាន ដឹងពីជំងឺច្បាស់លាស់។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម